អន្តរជាតិ
ឥណ្ឌា ឲ្យ​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា​
22, Oct 2020 , 11:58 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា​ លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ India TV News
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា​ លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ India TV News
​ឥណ្ឌា បានផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia នៅ​ថ្ងៃទី​២២ ខែតុលា​។ អ្នកជំនាញ​មើលឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។

 
​មួយរយៈ​ចុងក្រោយ​នេះ ទំនាក់ទំនង​ចិន និង​មី​យ៉ាន់​ម៉ា កាន់តែ​ខិត​ទៅជិត​គ្នា ខណៈ​ចិន និង​ឥណ្ឌា កំពុងមាន​ភាព​តានតឹង​។ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន​មកលើ​មី​យ៉ាន់​ម៉ា ឥណ្ឌា​បាន​ឲ្យ​នាវាមុជទឹក​មួយគ្រឿង​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ក្នុងពេល​ថ្មីៗ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា លោក Anurag Srivastava បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​បរិបទ​នេះ ឥណ្ឌា​នឹង​ផ្តល់​នាវាមុជទឹក​ប្រភេទ​Kilo ទៅ​ឲ្យ​កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​»​។ បើតាម​ការអះអាង​រប​ស់លោក​Anurag អំ​ណោ​ច​នាវាមុជទឹក​ឈ្មោះ  INS Sindhuvir នេះ គឺជា​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​មី​យ៉ាន់​ម៉ា ជាពិសេស​ផ្អែកលើ​ចក្ខុវិស័យ​របស់​ឥណ្ឌា​លើ​បញ្ហា​សន្តិសុខ និង​កំណើន​នៅក្នុង​តំបន់​។​
 
​នាវាមុជទឹក​ខាងលើ បានដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​១៩៨៨ នៅក្នុង​កងទ័ពជើងទឹក​ឥណ្ឌា និង​ត្រូវបាន​កែលម្អ​ឡើងវិញ​ដោយ​កន្លែង​សាងសង់​នាវា​Hindustan មុននឹង​ផ្តល់​ទៅ​មី​យ៉ាន់​ម៉ា​។ នាវា​ដែល​ដើរ​ដោយ​អគ្គិសនី និង​ប្រេង​ម៉ា​សូត​នេះ មាន​ទម្ងន់​៣​ពាន់​តោន អាច​ស្ថិតនៅក្នុង​ទឹកបាន​ជម្រៅ ៣០០​ម៉ែត្រ និង​មាន​ល្បឿន​ជាង​៣៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 
 
​នាវាមុជទឹក​របស់​មី​យ៉ាន់​ម៉ា​ទី​១ នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ថ្មី​ពី INS Sindhuvir ទៅ UMS Minye Theinkhathu ដែលជា​ឈ្មោះ​របស់​វីរៈជន​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ាន់​ម៉ា​។ ទាក់ទិន​នឹង​អំណោយ​ខាងលើ​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បាន​បញ្ជាក់ថា នាវាមុជទឹក​ឥណ្ឌា នឹង​បង្កើន​សមត្ថភាព​របស់​កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​បន្ថែមទៀត​។ 
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​យល់ឃើញថា ការផ្តល់​នាវាមុជទឹក​ឲ្យ​មី​យ៉ាន់​ម៉ា គឺជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន ក៏ដូចជា កាត់បន្ថយ​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​។​
 
​តាមរយៈ​តួលេខ​លើ​ការនាំ​អាវុធ​ចូល​ពី​បរទេស​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ មី​យ៉ាន់​ម៉ា បាន​នាំចូល​អាវុធ​មកពី​រុស្ស៊ី​ប្រមាណ​៤៣​ភាគរយ​, ចិន​មាន ៤១​ភាគរយ​, ឥណ្ឌា​មាន​៤ ភាគរយ និង​ប្រទេស​ផ្សេងទៀត​។ ឥណ្ឌា និង​មី​យ៉ាន់​ម៉ា មាន​ព្រំដែន​គោក​ជាប់​គ្នា​ចំនួន ១៦០០​គីឡូម៉ែត្រ និង​ព្រំ​ដែនទឹក ៧២៥​គីឡូម៉ែត្រ​៕ 

Tag:
 ឥណ្ឌា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com