កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាមម្ចាស់ក្លិបកំពូលប៉ារ៉ាហ្គាយម្នាក់ មិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត ពីបទកំណត់លទ្ធផល
× មន្ត្រីកីឡាបាល់ទាត់ប្រទេសប៉ារ៉ាហ្គាយម្នាក់ ត្រូវហាមមិនឲ្យពាក់ព័ន្ធក្នុងកីឡាបាល់ទាត់មួយជីវិត ក្រោយរកឃើញថាព្យាយាមកំណត់លទ្ធផលការប្រកួតក្នុងក្របខណ្ឌ Copa Libertadores កាលពីឆ្នាំមុន។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២១ ខែតុលា។
តាមរយៈសាលក្រមរបស់ FIFA លោក Marco Trovato អតីតប្រធានក្លិប Olimpia នៃលីគកំពូលប៉ារ៉ាហ្គាយក៏បានព្យាយាមកំណត់លទ្ធផលប្រកួតទុកមុនចំនួន១១ប្រកួតនៅឆ្នាំ ២០១៨ និង ២០១៩ ផងដែរ។
លោក Trovato សញ្ជាតិប៉ារ៉ាហ្គាយ វ័យ៤១ឆ្នាំ ត្រូវហាមមិនឲ្យពាក់ព័ន្ធក្នុងកីឡាបាល់ទាត់មួយជីវិតតាំងពីខែមុនម្លេះ ប៉ុន្តែព័ត៌មានលំអិតជុំវិញករណីនេះត្រូវ FIFA ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែតុលា។
ការប្រកួតពានរង្វាន់ Copa Libertadores វគ្គ១៦ក្រុមរវាង Olimpia និង Liga de Quito របស់អេក្វាទ័រកាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០១៩ ជាជំនួបដ៏គួរសង្ស័យ និងត្រូវបើកការស៊ើបអង្កេតរហូតដឹងការពិត។ កាលនោះ នៅជើងទី១ បានបញ្ចប់ក្នុងលទ្ធផល ៣-១ ដែលក្រុមពីលីគកំពូលអេក្វាទ័របានឈានទៅវគ្គបន្ត បន្ទាប់ពីលទ្ធផលស្មើគ្នា ១-១ នៅជើងទី២។
យោងតាមស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកដដែល ជនជាប់ចោទម្នាក់ឈ្មោះថា Edgar Troche សារភាពថាខ្លួននិង Trovato មានទំនាក់ទំនងគ្នាចន្លោះឆ្នាំ ២០១៨ និង ២០១៩ ដើម្បីរៀបចំលទ្ធផលក្នុងចំណោមការប្រកួតជាច្រើនរបស់ក្រុម Olimpia។
យ៉ាងណាក៏ដោយ ជុំវិញករណីនេះលោក Trovato អតីតនាយកប្រតិបត្តិក្លិប Olimpia បានបដិសេធការចោទប្រកាន់នេះ ហើយបានសរសេរលើបណ្តាញសង្គមថាលោកនឹងតស៊ូដើម្បីកេរិ៍្តឈ្មោះរបស់លោក។ Trovato នឹងតវ៉ាលើការហាមប្រាបនេះ និងប្តឹងឧទ្ធរណ៍ទៅ FIFA ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡាផង៕
Tag:
FIFA
Copa Libertadores
កំណត់លទ្ធផល
© រក្សាសិទ្ធិដោយ thmeythmey.com