ជាតិ
សង្គមជាតិ
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បកស្រាយតបការរិះគន់ជុំវិញករណីជនល្មើសធនធានធម្មជាតិ រងរបួស
22, Oct 2020 , 6:09 pm        
រូបភាព
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ដោយ:
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញមុខបដិសេធទៅបណ្តាញព័ត៌មាន ដែលបានផ្សព្វផ្សាយថា មានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកបានវាយប្រហារទៅជនល្មើសធនធានធម្មជាតិបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ មន្ទីរបរិស្ថានខេត្តបានអះអាងថា គ្មានមន្ត្រីឧទ្យានុរក្សណាម្នាក់វាយប្រហារទៅជនល្មើសធនធានធម្មជាតិឡើយ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបរាប់ថា ក្រុមមន្ត្រីឧទ្យានុរក្សបានចុះទៅបង្ក្រាបករណីដឹកជញ្ជូនអនុផលធនធានធម្មជាតិ ដោយឃាត់បានជនល្មើសចំនួន២នាក់(ស្រីម្នាក់)ព្រមនឹងកូនតូចម្នាក់ ជាមួយនឹងរថយន្តចំនួន១គ្រឿងដែលផ្ទុកឈើចំនួន១៥សន្លឹក និងឈើលេខ១ប្រភេទទ្វារចំនួន១២សន្លឹក ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី២១ តុលា។ 
 
ខណៈឃាត់រថយន្តជនល្មើសទាំងពីរនាក់នោះ ស្រាប់តែជនល្មើសបានព្យាយាមរេចង្កូត ហើយបុកម៉ូតូ និងបំរុងបុកមន្ត្រីឧទ្យានុរក្ស ក្នុងបំណងរត់គេច។ បន្ទាប់មកទៀតជនល្មើសនោះបានទាញយកឈើ ដើម្បីទម្លាក់ចុះពីរថយន្ត ប៉ុន្តែត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សឃាត់បានភ្លាមៗ និងបាននាំជនលើសរួមទាំងយករថយន្តទៅកសាងសំណុំរឿងតាមនិតិវិធី។ តែយ៉ាងណាជនល្មើសនោះក៏ចាប់ផ្តើមរើបម្រាស់ ហើយបានទាញយកទូរសព្ទដើម្បីថត និងជេរប្រមាថទៅមន្ត្រីឧទ្យានុរក្ស និងគំរាមដុតរថយន្តទៀតផង។ ភ្លាមៗនោះ  ស្រាប់តែជនល្មើសម្នាក់ដែលជាស្រ្តី ក៏បានរត់ទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរងរបួស។ ក្រោយមកទៀត ក្រុមមន្ត្រីឧទ្យានុរក្សនោះបានស្នើសុំកិច្ចសហការពីកម្លាំងនគរបាលរដ្ឋបាលឃុំពូជ្រៃ មកជួយអន្តរាគមន៍បន្ថែមទៀត។ នេះបើតាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
 
មន្ទីរបរិស្ថានខេត្ត បានបន្ថែមថា ពេលក្រុមសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ក៏បានត្រួតពិនិត្យឃើញថា ស្រ្តីនោះពិតជាបានធ្វើទង្វើហិង្សា និងបង្ករបួសស្នាមដោយខ្លួនឯងពិតប្រាកដមែន។ ប៉ុន្តែស្រ្តីរូបនោះបែរជាផ្តល់កិច្ចសម្ភាសដល់សារព័ត៌មានដែលផ្ទុយស្រឡេះពីការពិត ដោយចោទទៅមន្ត្រីឧទ្យានុរក្សថាជាអ្នកបង្ករបួសស្នាមដល់ខ្លួនទៅវិញ។ 
 
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអះអាងបែបនេះថា៖ «មានការសោកស្តាយចំពោះបណ្តាអង្គភាពព័ត៌មានអេឡិចត្រូនិក និងអ្នកយកព័ត៌មានផ្សាយនៅលើគេហទំព័រ ដែលផ្អែកតែប្រភពព័ត៌មានតែម្ខាង ហើយផ្សាយរិះគន់បន្តុះបង្អាប់មកលើការអនុវត្តន៍និតីវិធីរបស់មន្ត្រីឧទ្យានុរក្ស ដោយគ្មានវិជ្ជាជីវៈ និងខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន»។


បង្គោលភ្លើងដែល​ជនល្មើស​ជា​ស្ត្រីបាន​រត់ទៅបុក​ក្បាលដោយខ្លួន​ឯង បណ្តាលឲ្យហូរឈា​ម រូបពីក្រសួងបរិស្ថាន​ 

បច្ចុប្បន្នជនល្មើសទាំងពីរនាក់នោះត្រូវបានមន្ត្រីឧទ្យានុរក្សកំពុងតែកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនិតីវិធីច្បាប់។ 
 
រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានបង្រ្កាបបទល្មើសធនធានធម្មជាតិបានជិត៦៦០០ករណី ក្នុងនោះខេត្តមណ្ឌលគិរីមានបទល្មើសច្រើនជាងគេ បន្ទាប់មកខេត្តព្រះវិហារ កំពង់ធំ និងរតនគិរី។ 
 
ក្រសួងបរិស្ថានបានរឹបអូសបានរណារយន្តចំនួន ៣ ៥១៨គ្រឿង, អន្ទាក់ជិត ៣ម៉ឺនម៉ែត្រ កាំភ្លើងកែច្នៃ ៦៣៧ដើម និងឈើចំនួន ២ ៦២០ម៉ែត្រគូប។ ក្រៅពីនេះមានយានយន្តល្មើសជាង១,៥០០គ្រឿង ត្រូវបានរឹបអូស ក្នុងនោះមានរថយន្តចំនួន ១៥០គ្រឿង, ត្រាក់ទ័រចំនួន ៨៦គ្រឿង, គោយន្តកន្ត្រៃចំនួន ៨៦៨គ្រឿង ,ម៉ូតូ ៥៣៣គ្រឿង៕ 
 
 

Tag:
 ជនល្មើស
 ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com