ភ្នំពេញ៖ ថ្ងៃនេះ ជាខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១)។ អ្នកនយោបាយ បានបញ្ចេញទស្សនៈខុសគ្នាជុំវិញកិច្ចព្រមព្រៀងមួយនេះ។ ដោយឡែកលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ស្នើឱ្យខ្មែររួបរួមគ្នា ក៏ដូចជាសហគមអន្តរជាតិគួរយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកអនុវត្តនូវអ្វីដែលមិនទាន់សម្រេចបាន ជាងយកបម្រើមហិច្ឆតាខ្លួន។
មេដឹកអតីតគណបក្សប្រឆាំង ដែលកំពុងជាប់ចោទពីបទ«គប់គិតជាមួយបរទេស» រូបនេះ បានសរសេរសារមួយ នៅលើហ្វេសប៊ុកខ្លួន ដោយលើកជាគំនិតឱ្យខ្មែរទាំងអស់ ត្រិះរិះពិចារណាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចាប់កំណើតឡើង តាំងពីឆ្នាំ១៩៩១មក។ ឃ្លាក្នុងខ្លឹមសារដែលលោក កឹម សុខា បានរំលេចឡើងនោះ គឹចង់សំដៅលើការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ក្នុងដំណើការរៀបចំប្រទេស ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ខណៈប្រទេសជាហត្ថលេខីក៏មានកាតព្វកិច្ចការជួយប្រទេសកម្ពុជាឱ្យប្រសើរឡើង។
លោក កឹម សុខា ដែលបានបង្ហោះរូបភាពខ្លួនកំពុងអានឯកសារនៃកិច្ចប្រជុំព្រមព្រៀងទីក្រុងប៉ារីស ដោយសារភ្ជាប់រូបមេដឹកនាំកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀង នៅថ្ងៃទី២៣ តុលានេះ បានសរសេរដូច្នេះថា៖«យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា ថាតើអ្វីដែលធ្វើបានល្អប្រសើរហើយ និងអ្វីដែលជាកាតព្វកិច្ចទាំងភាគីខ្មែរ និងអន្តរជាតិមិនទាន់បានធ្វើ ឬធ្វើមិនទាន់បានត្រឹមត្រូវពេញលេញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ»។
កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានរៀបចំឡើងដើម្បីថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា បន្ទាប់ប្រទេសដ៏កម្សត់មួយនេះ បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកពីការបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅលើហ្វេសប៊ុកខ្លួនផងដែរ។ មេដឹកនាំកម្ពុជារូបនេះ បានលើកឡើងពីជំនួបដំបូងជាមួយព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្តម សីហនុ បិតាឯករាជ្យជាតិខ្មែរ ដែលគេហៅថា «ជំនួបចរចា សីហនុ-ហ៊ុន សែន» នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS រួមទាំងជំនួបលើកទី ២ នាថ្ងៃទី២០-២១ មករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង មុននឹងសម្រេចបានកិច្ចព្រមព្រៀងនេះ។
ប្រមុខរដ្ឋាភិបាល ដែលបានដឹកនាំប្រទេស៤០ឆ្នាំរូបនេះ បានអះអាងថា ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) រហូតដល់ឆ្នាំ១៩៩៨ ទើបសង្គ្រាមបានបញ្ចប់ទាំងស្រុង ក្រោមនយោបាយឈ្នះ- ឈ្នះ របស់ខ្លួន។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានកំណត់ស្តីពីដំណោះស្រាយនយោបាយរួមនៃជំលោះកម្ពុជា ដោយចែងអំពីភារកិច្ចរបស់អាជ្ញាធរអ៊ុនតាក់ ការដកទ័ព ការឈប់បាញ់ និងវិធានការពាក់ព័ន្ធ ការបោះឆ្នោត មាតុភូមិនិវត្តន៍នៃជនភៀសខ្លួន រួមទាំងគោលការណ៍សម្រាប់ធម្មនុញ្ញថ្មីមួយរបស់កម្ពុជា។
លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំងវិញ មិនទាន់ចេញសារនយោបាយអ្វីឡើយ ជុំវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៣ តុលា (ម៉ោងនៅកម្ពុជា) ។ ប៉ុន្តែមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ធ្លាប់បានចេញសារមួយ មុនថ្ងៃរំឭកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី១៩ តុលាថា៖«នៅថ្ងៃ ២៣ តុលា ២០២០ ត្រូវជាខួបទី ២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា»។
តាមរយៈសារអំពាវនាវរបស់លោក សម រង្ស៊ី នេះ ក៏មានពលរដ្ឋនាំគ្នាតវ៉ា និងដាក់ញ្ញត្តិនៅស្ថានទូតចិននៅព្រឹកថ្ងៃទី២៣ តុលានេះ។ តាមរយៈការតវ៉ា និងដាក់ញ្ញតិនេះ ក៏មានការបង្ក្រាប និងចាប់ខ្លួនអ្នកតវ៉ា ពីសំណាក់សមត្ថកិច្ច។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី២០ តុលាថា រដ្ឋាភិបាល នឹងអនុវត្តវិធានការក្តៅលើអ្នកតវ៉ា តាមសារនយោបាយរបស់លោក សម រង្ស៊ី។
តែយ៉ាងណាលោក កឹម សុខា ចង់ឃើញខ្មែរចេះសាមគ្គីគ្នា ហើយកុំទាញប្រយោជន៍ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ «ទស្សនៈរបស់ខ្ញុំគឺ មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ មកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ និងទឹកដីកម្ពុជា ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រើតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត»។ នេះជាការលើកឡើងរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានសរសេរនៅលើហ្វេសប៊ុកខ្លួន។
គួរបញ្ជាក់ថា ឥស្សរជនកម្ពុជាមាន១២អង្គ-រូប ដែលបានចុះព្រះហស្តលេខា និងហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព រួមទាំងប្រទេសជាហត្ថលេខីចំនួន១៨ផ្សេងទៀត។
ឥស្សរជនរបស់កម្ពុជានាពេលនោះ រួមមាន សម្តេច នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ តំណាងរដ្ឋកម្ពុជា (លោក ហ៊ុន សែន លោក ឌិត មន្ទីរ លោក ស៊ិន សេន លោក ទៀ បាញ់ លោក ហោ ណាំហុង និងលោក អ៊ឹម ឈុនលឹម) តំណាងខ្មែរក្រហម (លោក ខៀវ សំផន និងលោក សុន សេន) តំណាងរណសិរ្សរំដោះប្រជាជនខ្មែរ (លោក សឺន សាន និងលោក អៀង មូលី) តំណាងអ្នកសីហនុនិយម ឬហ្វ៊ុនស៊ិនប៉ិច (ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ)។
ចំណែកប្រទេសហត្ថលេខីទាំង១៨ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ សហភាពសូវៀត ចក្រភពអង់គ្លេស (និងអៀរឡង់ខាងជើង) សហរដ្ឋអាមេរិក វៀតណាម និងយូហ្គោស្លាវី (តំណាងចលនាមិនចូលបក្សសម្ព័ន្ធ)៕