សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​គំរាម​សងសឹក​វិញ បន្ទាប់ពី​អាមេរិក​ប្រកាស​គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​
23, Oct 2020 , 11:25 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបភាពក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបភាពក្រសួងការបរទេសចិន
​ដោយ៖​ កង ម៉េង​ហុង​

​ចិន​បាន​គំរាម​ចាត់វិធានការ​សងសឹក​ប្រឆាំងនឹង​ការលក់​អាវុធ​ចុងក្រោយ​របស់​អាមេរិក​ដ​ល់​តៃវ៉ាន់​។ តៃវ៉ាន់​បាន​ស្វាគមន៍​ចំពោះ​កញ្ចប់​អាវុធ​ថ្មី​នេះ ប៉ុន្តែ​អះអាងថា ខ្លួន​មិនមាន​បំណង​ប្រណាំងប្រជែង​អាវុធ​ជាមួយ​ទីក្រុង​ប៉េកាំង​ទេ​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២២ ខែតុលា ថា អាមេរិក​គួរតែបញ្ឈប់​ការលក់​អាវុធ​អោយ​តៃវ៉ាន់ ព្រោះ​វា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​របស់​ចិន ដោយ​តៃវ៉ាន់​ជា​ទឹកដី​ចិន​។ លោក​បន្តថា ការលក់​នេះ នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​យ៉ាងធ្ងន់ធ្ងរ ក៏ដូចជា​ទំនាក់ទំនង​ចិន​-​អាមេរិក និង​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែរ​។​
 
​លោក Zhao ព្រមាន​បែបនេះ ដើម្បី​ជាការ​ឆ្លើយតប​នឹង​ការយល់ព្រម​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការលក់​អាវុធ​ដែល​តម្លៃ​ដល់ ១,៨ ពាន់​លាន​ដុល្លារ​ដល់​តៃវ៉ាន់ ។ បើតាម​សារព័ត៌មាន Reuters កញ្ចប់​សព្វាវុធ​ថ្មី​រួមមាន ឧបករណ៍​ចាប់​សញ្ញា កាំជ្រួច​មី​ស៊ី​ល និង​កាំភ្លើង​ធំ​។ លើសពីនោះ អាមេរិក​ក៏​គ្រោង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ផលិត​ដោយ​ក្រុមហ៊ុន General Atomics និង កាំជ្រួច​ប្រឆាំង​នាវា Harpoon របស់​ក្រុមហ៊ុន Boeing ដើម្បី​ធ្វើជា​ខែល​ការពារ​ច្រក​សមុទ្រ​តៃវ៉ាន់​។​
 
«​ចិន​នឹងធ្វើ​ការឆ្លើយតប​ស្របច្បាប់​និង​ចាំបាច់ យោងទៅតាម​ការវិវត្ត​នៃ​សភាពការណ៍​។​» លោក Zhao បញ្ជាក់​បែបនេះ តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ពី​ចំណាត់ការ​តប​វិញ​ទេ​។ កន្លងទៅ ចិន​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំពោះ​ការលក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់ ប៉ុន្តែ​លើក​នេះ​មិនមាន​សញ្ញា​ច្បាស់​ពី​វិធានការ​តប​ឡើយ​។​
​រឿង​អាវុធ​នេះ តៃវ៉ាន់​ឯណោះ រីកមុខ​រីក​មាត់​ខ្លាំង ព្រោះ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​ខ្លួន​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​អះអាងថា អាវុធ​ថ្មី ប្រើ​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ 
​គួរ​បញ្ជាក់ថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ការគាំទ្រ​ដល់​កោះ​តៃវ៉ាន់ តាមរយៈ​ការលក់​អាវុធ​និង​ការធ្វើ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​កើនឡើង​ខ្លាំង បន្ថែម​ពី​ដោយ​ការខ្វែងគំនិត​គ្នា​លើ​សមុទ្រ​ចិន​ខាងត្បូង ហុងកុង សិទ្ធិមនុស្ស និង​ពាណិជ្ជកម្ម​នោះ​៕

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com