សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ព្រមាន​ប្រទេស​ដែល​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក
23, Oct 2020 , 2:00 pm        
រូបភាព
ដោយ:
បេក្ខជន​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២២ ខែតុលា បាន​ព្រមាន​កម្លាំង​បរទេស​ដែល​ព្យាយាម​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក ដោយ​គំរាមថា ពួកគេ​នឹងមិន​រួចខ្លួន​ឡើយ​។ បេក្ខជន​ប​បក្ស​ប្រជាធិបតេយ្យ​រូបនេះ និយាយ​ចំៗ​ថា រុស្ស៊ី​អត់​ចង់​ឲ្យ​លោក​ឈ្នះឆ្នោត​ឡើយ ព្រោះ​ពួកគេ​ដឹងថា​លោក​នឹងមាន​ជំហរ​រឹងត្អឹង​ជាមួយ​ពួកគេ​។

 
​ពីលើ​ឆាក​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​លើកចុងក្រោយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក មុន​ការបោះឆ្នោត​នា​ថ្ងៃទី ៣ ខែវិច្ឆិកា លោក ចូ បៃ​ឌិន បាន​ព្រមាន​ថា​៖«​ប្រទេស​ណាក៏ដោយ ដែល​កំពុង​លូកដៃ​ក្នុងការ​បោះឆ្នោត​អាមេរិក នឹងត្រូវ​ជួប​ផលវិបាក​នៃ​ទង្វើ​របស់​ពួកគេ​»​។  
 
​បើតាម​លោក បៃ​ឌិន បច្ចុប្បន្ន ប្រទេស ៣ កំពុង​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​មានដូចជា រុស្ស៊ី ចិន និង​អ៊ីរ៉ង់​។ លោក​គំរាម​ទៀតថា ពួកគេ​នឹង​ជួប​លទ្ធផល​មិនល្អ​ឡើយ បើ​លោក​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នោះ​។ 
 
​ការលើកឡើង​របស់លោក​បៃ ឌិន ធ្វើឡើង​ក្រោយ​ទីភ្នាក់ងារ​ចារ​ម្ម​អាមេរិក កាលពី​ថ្ងៃទី​២១ តុលា បានប្រកាសថា រុស្ស៊ី និង​អ៊ីរ៉ង់ ប៉ុនប៉ង​ប្រើ​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​អាមេរិក ដើម្បី​លូកដៃ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​បោះឆ្នោត​។  គោលដៅ​របស់​ពួកគេ គឺ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំភ័ន្ត​មតិសាធារណៈ ដោយ​ធ្វើយ៉ាងណា​ប្រជាជន​អាមេរិក​បាត់បង់​ទំនុកចិត្ត​លើ​លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​។ 
 
​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​វ័យ​៧៧​ឆ្នាំ​រូបនេះ អះអាងថា កម្លាំង​បរទេស ដូចជា រុស្ស៊ី មិន​ចង់​ឲ្យ​លោក​ជាប់ឆ្នោត​ឡើយ ព្រោះ​ពួកគេ​ដឹងថា​លោក​នឹង​ប្រកាន់​ជំហរ​រឹងត្អឹង​ជាមួយ​ពួកគេ​។ ត្រង់នេះ លោក ត្រាំ ដែល​ជិត​ផុត​អាណត្តិ​ប្រធានាធិបតី លើកឡើងថា គ្មាន​មេដឹកនាំ​ណា​ប្រកាន់​ជំហរ​រឹងត្អឹង​ប្រ​ឆាំ​ា​ង​រុស្ស៊ី​ខ្លាំង​ជាង​លោក​ឡើយ​។ 
 
​ដោយមាន​បំណង​វាយប្រហារ​លើ​គូប្រជែង លោក ត្រាំ បានលើកឡើង​ដល់​របា​យ​ការណ៍​ពុករលួយ​មួយ​ដែល​ផ្សាយ​ថា លោក បៃ​ឌិន បានទទួល​យកលុយ​ពី​ក្រុមហ៊ុន​បរទេស​។ ក៏ប៉ុន្តែ​លោក បៃ​ឌិន បាន​បដិសេធ​របាយការណ៍​នេះ​វិញ ដោយ​និយាយថា លោក​មិន​ធ្លាប់​យកលុយ​សម្បី​តែមួយ​សេន​ឡើយ​ពី​ក្រុមហ៊ុន​បរទេស​។ ត្រង់នេះ លោក​អះអាងថា លោក​បាន​បញ្ចេញ​របាយ​ការណ៍​ពន្ធ​របស់លោក​ទាំ​ង​អស់ ដែល​ផ្ទុយ​ពី​លោក ត្រាំ ។ 
 
​លោក បៃ​ឌិន ទាមទារ​ឲ្យ​លោក​ត្រាំ បញ្ចេញ​របាយការណ៍​ព​ន្ធ មុននឹង​រិះគន់​លោក​រឿង​ពុករលួយ​។ យ៉ាងណាមិញ លោក​ត្រាំ​បានលើកឡើង​ជាថ្មីទៀត លោក​មិនអាច​បញ្ចេញ​វា​បានឡើយ ព្រោះ​លោក​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​សេវាកម្ម​ចំណូល​ផ្ទៃក្នុង​។ 
 
​និយាយ​ដល់​ឥរិយាបថ​គឃ្លើន​របស់​ចិន​លើ​ឆាក​អន្តរជាតិ អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន អះអាងថា លោក​នឹង​ចាប់បង្ខំ​ឲ្យ​ក្រុង​ប៉េកាំង​គោរព​តាមច្បាប់​អន្តរជាតិ ហើយ​ថា អំឡុង​រដ្ឋបាល​លោក ត្រាំ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន បាន​ហក់​ឡើង​។ លោក បាន​លើក​ឧទាហរណ៍​នៃ​ជំនួប​មួយ​ដែល​លោក​ធ្លាប់មាន​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ក្នុងជំនួប​នោះ លោក​បាន​រិះគន់​ប្រឆាំង​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​អះអាងថា ជំហរ​រឹងត្អឹង​របស់លោក គឺ​ផ្ទុយ​ពី​ទំនាក់ទំនង​រវាង​លោក ត្រាំ ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​ទាំងនេះ​។​
 
«​លោក [​ត្រាំ​] ស្និទ្ធ​ជាមួយ​ពួក​ពាល​ក្នុង​កូរ៉េខាងជើង ហើយ​ប្រធានាធិបតី​ចិន និង​លោក ពូ​ទីន និង​អ្នកដទៃ​»​។ លោក បៃ​ឌិន និយាយ​បែបនេះ​។​
 
​លោក ត្រាំ បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​២​ដង​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៨​មក ដើម្បី​ពិភាក្សា​រឿង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ​។ ជំនួប​ទាំងពីរ​នេះ ពុំ​សូវ​ទទួលបាន​ផ្លែផ្កា​ច្រើន ខណៈ​បច្ចុប្បន្ន កិច្ច​ច​ចារ​នុយក្លេអ៊ែរ​នេះ​ជាប់គាំង ហើយ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្មីៗ​នេះ បាន​សម្ញែង​សព្វាវុធ​ទំនើប​ថ្មី​ទៀតផង​។ 
 
​ទោះជា​បែបនេះ លោក ត្រាំ អះអាងថា លោក​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​គីម ជុង​អ៊ុន ហើយ​លោក​យល់ឃើញថា វា​ពុំមែន​ជា​រឿង​អាក្រក់​ឡើយ​។  ក៏ប៉ុន្តែ​លោក បៃ​ឌិន បាន​វាយប្រហារ​លោក​ត្រាំ​ដោយ​លើក​បញ្ហា​ប្រវត្តិសាស្ត្រ​កាលពី​សង្គ្រាមលោកលើកទី​២​ថា​៖«​យើង​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ ហ៊ី​ត្លែរ មុន​គាត់​បាន​ឈ្លានពាន​អ៊ឺរ៉ុប​»​។​
 
​សូមបញ្ជាក់ថា ការជជែក​ដេញដោល​ប្រធានាធិបតី​អាមេរិក​លើកចុងក្រោយ​នេះ រៀបចំឡើង​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee ។ ក្រៅពី​ប្រធានបទ​កិច្ចការបរទេស បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ក៏​ដេញដោល​គ្នា​ផ្តោតលើ​ប្រធានបទ​ផ្សេងទៀត​មាន ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ សន្តិសុខ​ជាតិ ប្រជាជន​អាមេរិក បញ្ហា​ពូជសាសន៍ បម្រែបម្រួល​អាកាសធាតុ និង​ភាពជា​អ្នកដឹកនាំ​។ អ្នកស្រី Kristen Welker នៃ​ទូរទស្សន៍ NBC ជា​អ្នកសម្របសម្រួល ជាមួយ​ការដាក់ចេញ​វិធាន​ការបិទ​សំឡេង​មេក្រូ​ហ្វូ​ន​ថ្មី​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អំឡុង​កម្មវិធី​៩០​នាទី​ពេញ​នេះ​៕


លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិក ។ រូបភាព៖ AFP
 
 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  កូ​វីដ​-១៩
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com