បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២២ ខែតុលា បានព្រមានកម្លាំងបរទេសដែលព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ដោយគំរាមថា ពួកគេនឹងមិនរួចខ្លួនឡើយ។ បេក្ខជនបបក្សប្រជាធិបតេយ្យរូបនេះ និយាយចំៗថា រុស្ស៊ីអត់ចង់ឲ្យលោកឈ្នះឆ្នោតឡើយ ព្រោះពួកគេដឹងថាលោកនឹងមានជំហររឹងត្អឹងជាមួយពួកគេ។
ពីលើឆាកជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកចុងក្រោយជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មុនការបោះឆ្នោតនាថ្ងៃទី ៣ ខែវិច្ឆិកា លោក ចូ បៃឌិន បានព្រមានថា៖«ប្រទេសណាក៏ដោយ ដែលកំពុងលូកដៃក្នុងការបោះឆ្នោតអាមេរិក នឹងត្រូវជួបផលវិបាកនៃទង្វើរបស់ពួកគេ»។
បើតាមលោក បៃឌិន បច្ចុប្បន្ន ប្រទេស ៣ កំពុងព្យាយាមជ្រៀតជ្រែកការបោះឆ្នោតអាមេរិកមានដូចជា រុស្ស៊ី ចិន និងអ៊ីរ៉ង់។ លោកគំរាមទៀតថា ពួកគេនឹងជួបលទ្ធផលមិនល្អឡើយ បើលោកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះ។
ការលើកឡើងរបស់លោកបៃ ឌិន ធ្វើឡើងក្រោយទីភ្នាក់ងារចារម្មអាមេរិក កាលពីថ្ងៃទី២១ តុលា បានប្រកាសថា រុស្ស៊ី និងអ៊ីរ៉ង់ ប៉ុនប៉ងប្រើទិន្នន័យរបស់អ្នកបោះឆ្នោតអាមេរិក ដើម្បីលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោត។ គោលដៅរបស់ពួកគេ គឺដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បំភ័ន្តមតិសាធារណៈ ដោយធ្វើយ៉ាងណាប្រជាជនអាមេរិកបាត់បង់ទំនុកចិត្តលើលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធបោះឆ្នោតអាមេរិក។
បេក្ខជនបក្សប្រជាធិបតេយ្យវ័យ៧៧ឆ្នាំរូបនេះ អះអាងថា កម្លាំងបរទេស ដូចជា រុស្ស៊ី មិនចង់ឲ្យលោកជាប់ឆ្នោតឡើយ ព្រោះពួកគេដឹងថាលោកនឹងប្រកាន់ជំហររឹងត្អឹងជាមួយពួកគេ។ ត្រង់នេះ លោក ត្រាំ ដែលជិតផុតអាណត្តិប្រធានាធិបតី លើកឡើងថា គ្មានមេដឹកនាំណាប្រកាន់ជំហររឹងត្អឹងប្រឆាំាងរុស្ស៊ីខ្លាំងជាងលោកឡើយ។
ដោយមានបំណងវាយប្រហារលើគូប្រជែង លោក ត្រាំ បានលើកឡើងដល់របាយការណ៍ពុករលួយមួយដែលផ្សាយថា លោក បៃឌិន បានទទួលយកលុយពីក្រុមហ៊ុនបរទេស។ ក៏ប៉ុន្តែលោក បៃឌិន បានបដិសេធរបាយការណ៍នេះវិញ ដោយនិយាយថា លោកមិនធ្លាប់យកលុយសម្បីតែមួយសេនឡើយពីក្រុមហ៊ុនបរទេស។ ត្រង់នេះ លោកអះអាងថា លោកបានបញ្ចេញរបាយការណ៍ពន្ធរបស់លោកទាំងអស់ ដែលផ្ទុយពីលោក ត្រាំ ។
លោក បៃឌិន ទាមទារឲ្យលោកត្រាំ បញ្ចេញរបាយការណ៍ពន្ធ មុននឹងរិះគន់លោករឿងពុករលួយ។ យ៉ាងណាមិញ លោកត្រាំបានលើកឡើងជាថ្មីទៀត លោកមិនអាចបញ្ចេញវាបានឡើយ ព្រោះលោកកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារសេវាកម្មចំណូលផ្ទៃក្នុង។
និយាយដល់ឥរិយាបថគឃ្លើនរបស់ចិនលើឆាកអន្តរជាតិ អតីតអនុប្រធានាធិបតី បៃឌិន អះអាងថា លោកនឹងចាប់បង្ខំឲ្យក្រុងប៉េកាំងគោរពតាមច្បាប់អន្តរជាតិ ហើយថា អំឡុងរដ្ឋបាលលោក ត្រាំ ឱនភាពពាណិជ្ជកម្មជាមួយចិន បានហក់ឡើង។ លោក បានលើកឧទាហរណ៍នៃជំនួបមួយដែលលោកធ្លាប់មានជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ដែលក្នុងជំនួបនោះ លោកបានរិះគន់ប្រឆាំងការធ្វើយោធូបនីយកម្មរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។ លោកអះអាងថា ជំហររឹងត្អឹងរបស់លោក គឺផ្ទុយពីទំនាក់ទំនងរវាងលោក ត្រាំ ជាមួយមេដឹកនាំផ្ដាច់ការទាំងនេះ។
«លោក [ត្រាំ] ស្និទ្ធជាមួយពួកពាលក្នុងកូរ៉េខាងជើង ហើយប្រធានាធិបតីចិន និងលោក ពូទីន និងអ្នកដទៃ»។ លោក បៃឌិន និយាយបែបនេះ។
លោក ត្រាំ បានជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន២ដងហើយ ចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីពិភាក្សារឿងរំសាយអាវុធនុយក្លេអ៊ែរក្នុងឧបទ្វីបកូរ៉េ។ ជំនួបទាំងពីរនេះ ពុំសូវទទួលបានផ្លែផ្កាច្រើន ខណៈបច្ចុប្បន្ន កិច្ចចចារនុយក្លេអ៊ែរនេះជាប់គាំង ហើយទីក្រុងព្យុងយ៉ាងកាលពីថ្មីៗនេះ បានសម្ញែងសព្វាវុធទំនើបថ្មីទៀតផង។
ទោះជាបែបនេះ លោក ត្រាំ អះអាងថា លោកមានទំនាក់ទំនងល្អជាមួយលោកគីម ជុងអ៊ុន ហើយលោកយល់ឃើញថា វាពុំមែនជារឿងអាក្រក់ឡើយ។ ក៏ប៉ុន្តែលោក បៃឌិន បានវាយប្រហារលោកត្រាំដោយលើកបញ្ហាប្រវត្តិសាស្ត្រកាលពីសង្គ្រាមលោកលើកទី២ថា៖«យើងធ្លាប់មានទំនាក់ទំនងល្អជាមួយ ហ៊ីត្លែរ មុនគាត់បានឈ្លានពានអ៊ឺរ៉ុប»។
សូមបញ្ជាក់ថា ការជជែកដេញដោលប្រធានាធិបតីអាមេរិកលើកចុងក្រោយនេះ រៀបចំឡើងក្នុងទីក្រុង Nashville រដ្ឋ Tennessee ។ ក្រៅពីប្រធានបទកិច្ចការបរទេស បេក្ខជនប្រធានាធិបតីទាំងពីរ ក៏ដេញដោលគ្នាផ្តោតលើប្រធានបទផ្សេងទៀតមាន ការប្រយុទ្ធប្រឆាំងកូវីដ-១៩ សន្តិសុខជាតិ ប្រជាជនអាមេរិក បញ្ហាពូជសាសន៍ បម្រែបម្រួលអាកាសធាតុ និងភាពជាអ្នកដឹកនាំ។ អ្នកស្រី Kristen Welker នៃទូរទស្សន៍ NBC ជាអ្នកសម្របសម្រួល ជាមួយការដាក់ចេញវិធានការបិទសំឡេងមេក្រូហ្វូនថ្មីដើម្បីធានាសណ្ដាប់ធ្នាប់អំឡុងកម្មវិធី៩០នាទីពេញនេះ៕
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិក ។ រូបភាព៖ AFP