សង្គមជាតិ
អន្តរជាតិ
លោក ពូ​ទីន សង្ឃឹមថា អាមេរិក​នឹង​ជួយ​រក​ដំណោះស្រាយ​ជម្លោះ Nagorno-Karabakh
23, Oct 2020 , 6:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​សង្ឃឹមថា អាមេរិក អាច​នឹង​ជួយ​រុស្ស៊ី​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា នៅ​តំបន់ Nagorno-Karabakh ដែល​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៧ កញ្ញា​។ ការប្រយុទ្ធ​គ្នា​នេះ នៅ​មិនទាន់​ចប់​នៅឡើយ បើទោះជា​បទ​ឈប់​បាញ់​ច្រើនលើក​ក្ដី​។



​ជម្លោះ​នៅ​តំបន់ Nagorno-Karabakh នៅតែ​បន្ត​អូសបន្លាយ បើទោះបីជា​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​យល់ព្រម​លើ​បទ​ឈប់​បាញ់​ដែល​រុស្ស៊ី​ខិតខំ​បង្កើតឡើង​ក្តី​។ រុស្ស៊ី ដែល​ព្យាយាម​ដោះស្រាយ​ជំលោះ​រវាង​ប្រទេស​ទាំង​២ អះអាងថា ដំណោះស្រាយ​ដោយ​ប្រើប្រាស់​អាវុធ នឹងមិន​ដោះស្រាយ​បញ្ហា​ឡើយ​។​
 
​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា រដ្ឋមន្ត្រីការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​សប្តាហ​ក្រោយ​។ មុន​ជំនួប​នេះ​ធ្វើឡើង ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន និយាយថា អាមេរិក នឹង​ជួយ​រក​ច្រកចេញ​វិបត្តិ​មួយ​នេះ​។ 
 
«​ខ្ញុំ​សង្ឃឹម​យ៉ាង​ធំធេង​ណាស់​ថា អាមេរិក​នឹងធ្វើ​ការរួម​គ្នា​ជាមួយ​រុស្ស៊ី ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នេះ​»​។ លោក ពូ​ទីន ថ្លែង​បែបនេះ​នៅ​ថ្ងៃទី​២២ តុលា​។ ប្រធានាធិបតី​រុស្ស៊ី បាន​បង្ហើប​ថា លោក បាន​សន្ទនា​តាមរយៈ​ទូរ​សព្ទ​ជាមួយ​ប្រមុខរដ្ឋ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ជា​ច្រើនដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​សង្ឃឹម​ក្នុងការ​ដោះស្រាយ​ជម្លោះ​ត្រូវបាន​បាត់បង់​ដោយសារតែ​ការបន្ត​វាយប្រហារ​គ្នា​ទ្រង់ទ្រាយ​ធំ​នៅក្នុង និង​ជុំវិញ​តំបន់ Nagorno-Karabakh ។​
 
​រុស្ស៊ី​ដែល​ឃ្លាំមើល​ជម្លោះ​នេះ​យ៉ាង​ដិតដល់ អះអាងថា មនុស្ស​យ៉ាងហោចណាស់​៥​ពាន់​នាក់​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​ជិត​មួយខែ​មកនេះ ដោយ​ភាគី​ទាំងពីរ​មាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​២​ពាន់​នាក់​។​
 
​នៅលើ​សមរភូមិ​ជាក់ស្តែង គិត​ត្រឹម​ថ្ងៃទី​២២ តុលា អាជ្ញាធរ​តំបន់​ផ្តាច់ខ្លួន Nagorno-Karabakh អះអាងថា ទាហាន​ខ្លួន​ចំនួន​៨៧៤​នាក់​ស្លាប់ និង​ជន​ស៊ីវិល​៣៧​នាក់​បាត់​បង់ជីវិត​។ ចំណែក​អា​ស៊ែ​បៃ​ហ្ស​ង់ បញ្ជាក់ថា ជន​ស៊ីវិល​របស់ខ្លួន​ចំនួន​៦៣​នាក់​ស្លាប់ ខណៈ​២៩៣​នាក់​ទៀត​រងរបួស​។ អា​ស៊ៃ​បៃ​ហ្ស​ង់ ដែលមាន​ជំនួយ​យោធា​ពី​តួ​ក​គី​លើកឡើងថា យោធា​របស់ខ្លួន​កាន់កាប់​បាន​ទឹកដី​បន្ថែម​ក្នុងការ​ប្រយុទ្ធ​ចុងក្រោយ​បំផុត​ជាមួយ​កងទ័ព​អា​មេ​នី និង​ទាហាន​ផ្ដាច់ខ្លួន​។ 
 
 
​ចំពោះ​វត្តមាន​តួ​កី​ក្នុងការ​ដោះស្រាយ​ជម្លោះ លោក ពូ​ទីន ថា​រុស្ស៊ី មានការ​ខ្វែងគំនិត​គ្នាច្រើន​ជាមួយ​តួ​ក​គី ប៉ុន្តែ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ លោកពូ​ទីន​លើកឡើងថា ប្រធានាធិបតី​តួ​ក​គី​លោក តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ជា​អ្នកនយោបាយ​បត់បែន និង​ជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់​រុស្ស៊ី​។​
 
​ចំណែក​អគ្គលេខាធិការ NATO លោក Jens Stoltenberg អះអាងថា អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​ជា​ដៃគូរ​ដ៏​មានតម្លៃ​របស់​NATO ហើយ​អង្គការ​លោក​មិន​កាន់ជើង​ភាគី​ណាមួយ​ឡើយ​។ សម្រាប់​តួ​ក​គី លោក Stoltenberg លើកឡើងថា តួ​ក​គី ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ការទូត​៕
 

Tag:
 ​រុស្ស៊ី​
  អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com