ជាតិ
សង្គមជាតិ
គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ពលរដ្ឋ​ជាង​៤៨​ម៉ឺន​នាក់​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងនោះ​ស្លាប់​៣៩​នាក់​
23, Oct 2020 , 2:36 pm        
រូបភាព
ដោយ:
​អ្នកស្លាប់​ដោយ​ទឹកជំនន់​បាន​កើនឡើង​ដល់ ៣៩​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២​តុលា​។ ក្នុងចំណោម​នោះ បន្ទាយមានជ័យ​ច្រើនជាងគេ គឺ​២២​នាក់ បន្ទាប់មក​ខេត្តកំពង់ធំ និង​ពោធិ៍សាត់​ដែល​ខេត្ត​នីមួយៗ​មាន​អ្នកស្លាប់​៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ទឹកជំនន់​បាន​ប៉ះពាល់​ពលរដ្ឋ​ជាង ៤៨​ម៉ឺន​នាក់ ខណៈ​ដំណាំ​កសិកម្ម​ជាង ៣១​ម៉ឺន​ហិកតា​ត្រូវ​ជន់​លិច​។​

 
​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ទឹកជំនន់ បាន​កើន​ដល់ ៣៩​នាក់ នៅត្រឹម​ល្ងាច ថ្ងៃទី​២២​តុលា​នេះ​។ ខេត្តបន្ទាយមានជ័យ មាន​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ច្រើនជាងគេ ដល់​ទៅ​២២​នាក់ បន្ទាប់មក​មាន​ខេត្ត កំពង់ធំ​៦​នាក់​, ពោធិ៍សាត់​៦​នាក់​, ព្រះសីហនុ​២​នាក់​,​កំពង់ឆ្នាំង​១​នាក់​, ប៉ៃលិន​១​នាក់ និង​ស្ទឹងត្រែង​១​នាក់​។ នេះ​បើតាម​របាយការណ៍​ដដែល​។ 
 
​ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់ ខេត្ត​-​រាជធានី​១៩ ដោយបាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​១២​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង ៤៨​ម៉ឺន​នាក់​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ឲ្យ​ដឹង​ទៀតថា មានផ្ទះ​ជាង​១១​ម៉ឺន​ខ្នង​បាន​រង​ផលប៉ះពាល់ និង​មាន​សាលារៀន​ជាង​៧០០​កន្លែង​,​ផ្លូវជាតិ​-​ខេត្ត ផ្លូវ​ក្រួស​ក្រហម​ប្រមាណ ៤៦៥​គីឡូម៉ែត្រ ,​ប្រឡាយ​ប្រមាណ ៥២១​គីឡូម៉ែត្រ និង​ប៉ះពាល់​ច្រាំងទន្លេ​ប្រមាណ ១ ៥៧៥​ម៉ែត្រ ក៏​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​នេះដែរ​។​
 
 
​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទឹកជំនន់ ក៏បាន​ជន់​លិច​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ជាង ៣១​ម៉ឺន ហិកតា​ដែរ​។​
 
​សូម​ជម្រាប រាជធានី​-​ខេត្ត​ចំនួន​១៩ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​៕
 
 
 
 
 

Tag:
 ជំនន់​
 ​អ្នកស្លាប់​
  បន្ទាយមានជ័យ​
 ​កំពង់ធំ​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com