ជាតិ
ត្រីរាប់ពាន់ក្បាលដែលអ្នកស្រី គៀង ពិចារ្យ ចិញ្ចឹមលក់ ហូរតាមទឹកជំនន់ស្ទឹងសង្កែអស់ហើយ
24, Oct 2020 , 7:59 am        
រូបភាព
ដោយ:
ត្រីចិញ្ចឹមរាប់ពាន់ក្បាលរបស់អ្នកស្រី គៀង ពិចារ្យ ពលរដ្ឋរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានទឹកជំនន់ហូរយកទៅអស់។ ត្រីដែលត្រូវទឹកហូរយកទៅអស់នោះ មានប្រភេទត្រីឆ្ពិន ត្រីក្រហម ត្រីពោរ និងអណ្ដែងជាដើម ដែលបានធ្វើឲ្យអ្នកស្រី ខាតប្រាក់ពី ១០-១៥លានរៀល។

 
អ្នកស្រី គៀង ពិចារ្យ ជាអ្នកចិញ្ចឹមត្រីម្នាក់រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខេត្តបាត់ដំបង។ កន្លងមក ខេត្តបាត់ដំបង បានជួបគ្រោះទឹកជំនន់ដែលបានក្នុងនោះកសិដ្ឋានចិញ្ចឹមត្រីរបស់អ្នកស្រី ពិចារ្យ ជន់លិចដែរ។ កសិកររូបនេះ ប្រាប់ សារព័ត៌មាន ThmeyThmey25 ថា ធ្វើឲ្យទឹកហូរនាំយកត្រីរបស់អ្នកស្រី រាប់ពាន់ក្បាលទៅជាមួយ។  អ្នកស្រីប្រាប់ ThmeyThmey25 យ៉ាងដូច្នេះ៖«ទឹកបានហូរ (ត្រី)ទៅអស់ហើយ អត់មានសល់តិចទេ។ ខាតច្រើនណាស់ មិនទាន់បានលក់ខ្លះផង»។
 
ត្រីដែលត្រូវទឹកហូរយកទៅអស់នោះ មានប្រភេទត្រីឆ្ពិន ត្រីក្រហម ត្រីពោរ និងអណ្ដែងជាដើម ដែលបើតាមអ្នកស្រី ពិចារ្យ អ្នកស្រីមិនទាន់បានលក់ត្រីចិញ្ចឹមខ្លួនសូម្បីមួយក្បាលនៅឡើយទេ។ អ្នកចិញ្ចឹមត្រីរូបនេះ ឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ អ្នកស្រីអាចប្រមូលផលត្រី ពីរដងក្នុងមួយឆ្នាំ ដែលជាមធ្យម អាចទទួលចំណូលប្រមាណ ១០-១៥លានរៀល។  
 
អ្នកស្រីរៀបរាប់ទាំងក្រៀមក្រំដូច្នេះ៖«ខ្ញុំចិញ្ចឹមត្រីយូរឆ្នាំហើយ ធ្លាប់ជួបរឿងបែបហ្នឹង (ទឹកហូរនាំយកត្រី) កាលពីឆ្នាំ២០១៧ម្ដងដែរ។ វា(ទឹក)ហូរនាំយកត្រីទៅទាំងស្រះតែម្ដង។ ឆ្នាំនេះរឹតពិបាកខ្លាំងណាស់ ព្រោះមានបញ្ហាផ្ទួនៗ។ ដើមឆ្នាំ២០២០ កូវីដធ្វើឲ្យការលក់ត្រីរបស់អ្នកស្រីធ្លាក់ចុះជាបន្តបន្ទាប់។ មកដល់ដើមខែ១០(តុលា)ហ្នឹងទឹកជំនន់ ហូរយកត្រីទៅអស់រលីង»។
 
ក្រៅពីពូជត្រី ដែលត្រូវបានហូរតាមទឹក ដំណាំស្រូវជាង ៣ហិកតា របស់អ្នកស្រី ក៏បានជន់លិចដែរ។ នេះជាការបញ្ជាក់របស់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីវ័យ៣២ឆ្នាំរូបនេះ ប្រាប់ThmeyThmey25 រួមបន្តថាបន្ទាប់ពីរងគ្រោះផ្ទួនៗ អ្នកស្រី បានស្វះស្វែងរកសេវាហិរញ្ញវត្ថុពីធនាគារ ដើម្បីស្ដាររបរឡើងវិញ ហើយអ្នកស្រីក៏បានសុំការយោគយល់ពីធនាគារ ដើម្បីបន្ធូរបន្ថយការប្រាក់ និងពន្យារពេលសងត្រឡប់វិញដែរ៕
 

អ្នកស្រី គៀង ពិចារ្យ


Tag:
 ទឹកជំនន់
  គៀង ពិចារ្យ
 ចិញ្ចឹមត្រី
 ត្រីហូរតាមទឹក
 សង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com