ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី រាំ ឌឿន ខំធ្វើជាអ្នកអនាម័យផង បោកគក់ និងសម្អាតផ្ទះឲ្យគេផង ព្រោះចង់ឲ្យកូនរៀនខ្ពស់
24, Oct 2020 , 8:59 am        
រូបភាព
អ្នក​ស្រី រាំ ឌឿន
អ្នក​ស្រី រាំ ឌឿន
ភ្នំពេញ៖ មានដំណើរជីវិតជូរចត់តាំងតែពីក្មេង រហូតដល់វ័យជាង៣០ឆ្នាំនេះ អ្នកស្រី រាំ ឌឿន មិនទាន់បានធូរកម្លាំងឡើយ។ ធ្វើការពេញម៉ោង ជាអ្នកសម្អាតនៅក្នុងខុនដូមួយកន្លែង និងឆ្លៀតទៅសម្អាតក្រៅម៉ោង នៅកន្លែងផ្សេងៗទៀត មិនមានថ្ងៃសៅរ៍ ឬអាទិត្យ ហើយក៏មិនស្គាល់យប់មិនស្គាល់ថ្ងៃដែរ ក៏ដើម្បីរកប្រាក់ដោះបំណុលធនាគារ និងជាពិសេស ដើម្បីមានប្រាក់ឱ្យកូនប្រុសទាំងពីរបានរៀនខ្ពស់។


 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖



 
សម្រាកការងារនៅម៉ោង៦ល្ងាច អ្នកស្រី រាំ ឌឿន ខំដើរកាត់ ទឹកភ្លៀងរាប់លានដំណក់ ដែលធ្លាក់ចុះដូចគេបង្ខំ ទាំងដៃម្ខាងកាន់ថង់ពណ៌ខ្មៅដាក់សម្ភារផ្សេងៗ ហើយដៃម្ខាងទៀតកាន់ដងឧបករណ៍ជូនឥដ្ឋ ដោយពាក់អាវភ្លៀងស្ដើង រហែកដោយអន្លើទៅហើយ។ មកដល់ផ្ទះ ដែលនៅជិតវត្តមហាមន្ត្រី នាម៉ោងប្រមាណ៦កន្លះល្ងាច ស្រ្តីជាបុគ្គលិកសម្អាតរូបនេះ បន្តដើរឡើងទៅបន្ទប់ជួល នៅជាន់ទី២។
 
បន្ទប់ជួលទំហំប្រហែល៣ម៉ែត្រ ដែលមានបណ្ដោយប្រហែល៤ម៉ែត្រនេះ មានគ្រែ១ក្រាលពូកស្ដើងពីលើ និងមានពូកស្ដើងមួយទៀត ក្រាលនៅលើឥដ្ឋ។ ជិតមាត់ទ្វារចូលខាងឆ្វេងដៃ មានទូផ្ដៅធំល្មម សម្រាប់ដាក់ឆ្នាំងចាន គ្រឿងទេសដាំស្ល រួមទាំងដាក់ធុងចម្រោះទឹកនៅពីលើផង។ នៅទីនេះមើលទៅមិនទូលាយទេ ព្រោះបន្ទប់ទាំងមូលដាក់សម្លៀកបំពាក់ មុង ភួយ និងសម្ភារដទៃទៀត ស្ទើរតែពេញទៅហើយ ដោយសល់តែកន្លែងសម្រាន្តតែប៉ុណ្ណោះ។ 


អ្នក​ស្រី រាំ ឌឿន អង្គុយ​នៅ​ក្បែរកូន​ប្រុសច្បង ក្នុង​បន្ទប់​ជួល
 
ចេញពីស្រុកកំណើតឯខេត្តត្បូងឃ្មុំ តាំងពីប្រមាណ១០ឆ្នាំមុន អ្នកស្រី រាំ ឌឿន ដែលកំពុងអង្គុយក្នុងបន្ទប់តូចចង្អៀតនេះ បានឆ្លងកាត់ជីវិតជូរចត់តាំងតែពីក្មេង។ បច្ចុប្បន្នធ្វើការជាអ្នកសម្អាតនៅក្នុងខុនដូរមួយកន្លែង ជិតស្ដាតអូឡាំពិក ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ ខំឆ្លៀតធ្វើការក្រៅម៉ោងគ្រប់កន្លែង ឱ្យតែបានប្រាក់។ «ខ្ញុំមិនប្រកាន់ទេ ការងារអ្វីក៏ដោយក៏ខ្ញុំធ្វើដែរ ឱ្យតែបានប្រាក់។ កុំឱ្យតែលួចហើយនឹងឆក់គេបានហើយ។ ចេញពីការងារក្រុមហ៊ុន ខ្ញុំទៅធ្វើការងារឯកជនមួយកន្លែងទៀត ធ្វើហើយពេលណាចេញពេលនោះ។ ថ្ងៃខ្ញុំទំនេរពីការងារ មានគេហៅបោកខោអាវ សម្អាតផ្ទះ ឬធ្វើអ្វីផ្សេងឱ្យតែគេហៅ ខ្ញុំទៅទាំងអស់។ តាំងពីកូវីដមក ម៉ូយដែលធ្លាប់ហៅខ្ញុំសម្អាតផ្ទះ ធ្លាប់ហៅបោកខោអាវ គាត់និយាយត្រង់តែម្ដង គាត់ថាកុំជួបគ្នាល្អ ព្រោះអីគេក៏ខ្លាចខ្ញុំ។ ខ្ញុំក៏ខ្លាចគេ»។
 
ឆ្លងកាត់ការងារធ្វើសំណង់ និងធ្លាប់ធ្វើជាសន្តិសុខ រហូតដល់ការងារជាអ្នកសម្អាតនេះ ស្ត្រីដែលមិនបានរៀនសូត្ររូបនេះ បច្ចុប្បន្នកំពុងជួបបញ្ហាសេដ្ឋកិច្ច ដោយសារកូវីដ១៩ មិនមានអ្នកហៅគាត់ធ្វើការក្រៅម៉ោង។ កំពុងតែជួបបញ្ហាសេដ្ឋកិច្ចស្រាប់ ប្រាក់បង់ថ្លៃសាលាកូនរៀនជាង១០០ដុល្លារអាមេរិក សម្រាប់រយៈពេល៣ខែ ក៏អ្នកស្រីត្រូវខាតបង់ ទាំងដែលកូនទើបតែបានរៀនប្រហែល១០ថ្ងៃប៉ុណ្ណោះ។ «រាល់ថ្ងៃនេះខ្ញុំរស់ទាំងត្រដរ បើពីមុនរស់ស្រួលហើយសប្បាយចិត្ត។ ឥឡូវ សូម្បីតែបង់សាលាកូន បង់ហើយរៀនបានតែ ថា១០ថ្ងៃចុះ កូវីដចាប់ផ្ដើមចូលមកលុកលុយ ផ្អាករៀនរហូតដល់ឥឡូវ។ ពេលនេះសាលាគេបើករៀនវិញ បានប្រហែលជាមួយអាទិត្យ ខ្ញុំក៏ទៅសួរគេ គេថាបង់ប្រាក់សាថ្មី។ ខ្ញុំក៏សួរថាចុះប្រាក់ដែលបង់មុន ហើយរៀនបានតែ១០ថ្ងៃ នោះទៅណា គេថាអសាបង់ហើយ សាលាគេខាតច្រើនណាស់។ សាលាខាត ប៉ុន្តែចំពោះខ្ញុំ ខ្ញុំរកប្រាក់មកបង់មិនបានទៀតទេ។ ឥឡូវនេះ ខ្ញុំមិនមានប្រាក់បង់សាលាឱ្យកូនរៀនទេ»។
 
ប្រាក់ខែពេញម៉ោង បូកទាំងប្រាក់ខែក្រៅម៉ោង ប្រមាណ២៩០ដុល្លារ ស្ត្រីកំព្រាឪពុកតាំងតែពីក្មេងរូបនេះ ត្រូវបែងចែកទៅគ្រប់ច្រកល្ហក ដោយត្រូវបង់ធនាគារផង បង់រំលោះ Pass App ផង បង់ថ្លៃផ្ទះទឹកភ្លើងផង និងត្រូវបង់ថ្លៃសាលាកូនរៀនផង។ «ធនាគារមួយខែបង់ ១០០ដុល្លារ Pass App មួយខែបង់ ១៥០ដុល្លារ ហើយថ្លៃផ្ទះអស់៥០ដុល្លារ។ ឥឡូវហ្នឹង បានប្ដីគាត់រត់ Pass App គាត់សន្សំបានជួយខ្លះៗ ហើយជួយខាងម្ហូបខ្លះទៅ។ តែបើថ្ងៃណាសំណាងមិនល្អ បែកកង់ ដូចម្សិលមិញមេឃភ្លៀង គាត់ដឹកភ្ញៀវកាត់ទឹក ទឹកចូលប្រេងបាតត្រូវដូរប្រេងបាត ដូរស្បែក»។


អ្នកស្រី រាំ ឌឿន កំពុង​អង្គុយរាប់​ប្រាក់​ដែល​កូនទើប​តែ​បើក​ប្រាក់​ខែ​បាន
 
បើទោះបីជាជីវិតបច្ចុប្បន្ន មើលទៅហាក់ដូចជាលំបាក ប៉ុន្តែក៏នៅមិនកម្សត់ ដូចជីវិតកាលពីអតីតកាលដែរ។ អង្គុយនៅកៀនគ្រែ ទល់មុខកង្ហាតូចមួយដែលកំពុងវិល ហើយភ្នែកសំឡឹងមើលទៅកូនទាំងពីរ ដែលកំពុងតែដេកមើលទូរសព្ទនៅលើគ្រែ អ្នកស្រី រាំ ឌឿន បានរំឭកពីជីវភាពកាលនៅធ្វើសំណង់។ អ្នកស្រីថា កាលណោះខ្លួន ខំធ្វើការថែមម៉ោង រហូតដល់ម៉ោង១២យប់ ជាមួយប្ដីស្ទើររាល់ថ្ងៃ ហើយក៏មិនហ៊ានបើកប្រាក់ខែអស់ជាច្រើនខែ ក៏ដើម្បីរក្សាប្រាក់ឱ្យមូល ទុកសងបំណុលគេនៅស្រុក ក៏សង្ឃឹមថា មានប្រាក់ទៅផ្ទះពេលភ្ជុំពេញដៃ។ ប៉ុន្តែអ្វីៗត្រូវអសាបង់ទាំងអស់ ប្រាក់ជាងពាន់ដុល្លារ ត្រូវបានមេកាប្រមូលរត់ទៅបាត់គ្មានដំណឹង។ «ខ្ញុំមកភ្នំពេញដំបូងបង្អស់ ខ្ញុំធ្វើសំណង់ ខ្លះគេបោក ខ្លះគេឱ្យប្រាក់។ កាលនោះអាអូនតូចនេះ នៅបីទទឹងនៅឡើយ ខ្ញុំបីកូននៅអង្គុយសំយ៉ាបផ្ទះគេ មេឃភ្លៀងមេឃផ្គរយ៉ាងណា ក៏នៅអង្គុយក្រោមសំយ៉ាបផ្ទះគេដែរ។ ខ្ញុំនៅអង្គុយចាំគេបើកប្រាក់ឱ្យ តែគេមិនបើកឱ្យឯណា។ ខ្ញុំមិនដឹងថាគេវេចបង្វេចរត់បាត់ឯណា។ ជាង១០នាក់ អត់បានប្រាក់ទាំងអស់។ ខ្ញុំខំធ្វើការទាំងប្ដីទាំងប្រពន្ធ ទាំងយប់អធ្រាត្រ គេថាការងារប្រញាប់ណាស់ ចង់ឱ្យថែមម៉ោង សូម្បីតែភ្លៀង ខ្ញុំយកកូនខ្ញុំដែលនៅបីទទឹងចងអង្រឹងខាងក្រោម ហើយខ្ញុំយកតង់គ្របពីលើ ព្រោះតែចង់បានប្រាក់គេ»។  
 
ដៃចង្អុលទៅឆ្នាំងបាយដែលដាក់ក្បែរទូផ្ដៅ ជិតចុងជើងរបស់គាត់ ស្ត្រីកូន២រូបនេះ ថាគ្រានោះជាបទពិសោធឈឺចាប់បំផុតក្នុងជីវិតរបស់អ្នកស្រី។ មិនមែនឈឺចាប់ព្រោះមិនមានអាហារហូបឡើយ ប៉ុន្តែឈឺចិត្តព្រោះការបោកបញ្ឆោត។ «កាលនោះ ខ្ញុំអត់មានប្រាក់ទេ តែបានម៉ែផ្ញើអង្ករមកឱ្យហូប ហើយខ្ញុំហូបជាមួយទឹកត្រីសុទ្ធតែម្ដង។ គ្នាប្រហែល១០នាក់ហ្នឹង កម្រត់កម្រជាមួយគ្នា ហើយពួកខ្ញុំ នៅរាប់អានគ្នារហូតដល់សព្វថ្ងៃ។ អត់តែអ្នកព្រៃវែងមួយទេ ដែលបាត់ការទាក់ទងគ្នា។ បើអ្នកតាកែវ នៅរាប់អានគ្នាទាំងអស់»។
 
ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ស្ត្រីសម្បុរស្រអែម សក់រួញអង្គាដី ពាក់អាវពណ៌ផ្ទៃមេឃ អ្នកស្រី រាំ ឌឿន បានរងព្យុះភ្លៀងតាំងតែពីក្មេង។ កើតក្នុងគ្រួសារ ដែលមានអំពើហឹង្សា ជីវិតគ្មានផ្ទះសម្បែង គ្មានអាហារហូបឆ្អែត មិនមែនជារឿងថ្មីសម្រាប់អ្នកស្រីឡើយ។ អ្នកស្រី ឌឿន រៀបរាប់ដូច្នេះ៖ «កាលពីឪពុកមិនទាន់ស្លាប់ គាត់ពិសាស្រា ហើយគាត់មានជំងឺសរសៃប្រសាទ។ ពេលដែលគាត់ពិសាស្រា វាទៅជាក្ដៅខួរក្បាល ហើយពេលដែលគាត់ស្រវឹង គាត់មិនស្គាល់ប្រពន្ធ មិនស្គាល់កូនទេ។ គាត់ដេញកាប់ ដេញវៃ មិនដែលបានដេកផ្ទះស្រួល យ៉ាងម៉េចទេ។ ថ្ងៃឡើងមកពីមើលក្របីមើលគោហត់ ហើយខ្ញុំមានចិញ្ចឹមជ្រូក ខ្ញុំទៅទូលដើមចេក ទូលត្រាវមកពីស្រែ ហើយយប់ឡើងជួនណាមិនបានហូបបាយផង។ ដល់ពេលរៀបហូបបាយ គាត់បោកចានបោកឆ្នាំង រត់ចោលបាយ គ្មានបានហូបទេ រត់ទៅដេកផ្ទះគេ។ អ្នកខ្លះ មិនឱ្យចូលផ្ទះគេផង គេខ្លាចថាឪយើង ចូលទៅប៉ះពាល់កូនចៅគេ។ ជួនខ្ញុំទៅលបៗ នៅខាងក្រោមផ្ទះគេ កុំឱ្យគេដឹង ចេះតែសំងំទៅ»។


អ្នក​ស្រី រាំ ឌឿន
 
ប្រឹងនិយាយប្រជែងនឹងសំឡេងទឹកភ្លៀង ដែលធ្លាក់មកលើបន្ទះស័ង្កសី លាន់ឮរំពង អ្នកម្ដាយកូនពីររូបនេះ បានក្លាយជាបង្គោលគ្រួសារ តាំងតែពីឪពុកស្លាប់ចោល។ ការងារគ្រប់យ៉ាង មិនថាជាការងារមនុស្សប្រុស ឬជាការងារមនុស្សស្រីឡើយ ក៏អ្នកស្រី ឌឿន ធ្វើបានទាំងអស់ ឱ្យតែអាចរកប្រាក់បាន ចិញ្ចឹមម្ដាយនឹងប្អូនៗ។ «ខ្ញុំជាកូនបងគេ ត្រូវចិញ្ចឹមប្អូនៗបីនាក់ ព្រោះយើងអត់មានឪពុក។ ពុកស្លាប់ចោលតាំងពីពួកខ្ញុំនៅតូចៗ។ ខ្ញុំមានតែម្ដាយ ការងារទាំងអស់ត្រូវធ្លាក់លើខ្ញុំ និងម្ដាយ ហើយកាលនោះម៉ែជាស្ត្រីមេម៉ាយទៀត អត់ដឹងរកស៊ីអ្វីចិញ្ចឹមប្អូនបាន ការងារអ្វីក៏ខ្ញុំធ្វើបានដែរ។ ភ្ជួររាស់ដកស្ទូង ខ្ញុំធ្វើបានទាំងអស់។ ខ្ញុំឡើងយកទឹកត្នោត ឱ្យម៉ែធ្វើជាស្ករលក់ ហើយលក់ទឹកខ្លះ បានចិញ្ចឹមប្អូនរស់ដល់សព្វថ្ងៃ»។ 
 
ធ្លាប់ឆ្លងកាត់ជីវិតរសាត់អណ្តែត គ្មានកោះគ្មានត្រើយ ព្រោះតែភាពអវិជ្ជា អ្នកម្ដាយដែលធ្វើការជាអ្នកសម្អាតជាង៣ឆ្នាំ ធ្វើជាសន្ដិសុខអស់ជាច្រើនឆ្នាំ និងធ្លាប់ធ្វើសំណង់ផងនោះ អះអាងថាខ្លួនត្រូវតែប្រឹងប្រែគ្រប់បែបយ៉ាង ព្រោះប្រាថ្នាឱ្យកូនទាំងពីរ មានចំណេះដឹងជ្រៅជ្រះ គេចឱ្យផុតពីវាសនាស្រពេចស្រពិលដូចខ្លួន។ «ពេលព្រឹក គាត់រៀនសាលាខ្មែរ ថ្ងៃគាត់ទៅហាត់ប៊ូល។ ចេញពីហាត់ពេលល្ងាច គាត់ចូលទៅរៀនចិន ហើយចេញវិញដូចជាម៉ោង៧កន្លះ ឬម៉ោង៨យប់។ ប្រាក់ខែតិចក៏ដោយ តែខ្ញុំតស៊ូឱ្យកូនរៀន ឱ្យបានខ្ពស់ខ្ពស់ ឱ្យបានល្អជាងខ្ញុំ។ អ្នកណាក៏គេថាដែរ ខ្លួនក្រ កុំឱ្យកូនរៀនសាលាថ្លៃពេក ប៉ុន្តែខ្ញុំគិតថាបើរៀនសាលាអន់ ខ្លាចវាមិនចេះ អស់ប្រាក់ទទេ តែបើសាលាគេល្អ អាចថារៀនទៅវាចេះ»។
 
មានកូនប្រុសច្បងអាយុ១៣ឆ្នាំ ដែលបានក្លាយជាកីឡាករបោះប៊ូលជម្រើសជាតិ និងទទួលបានប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋ។ ដ្បិតតែកូនប្រុស តែងជូនប្រាក់ឧបត្ថម្ភទាំងនោះ ឱ្យអ្នកស្រីជារៀងរាល់ខែក្ដី ប៉ុន្តែនារីដែលខំរ៉ាប់រងជីវភាពគ្រួសារដោយដៃទាំងពីររូបនេះ អះអាងថា ប្រាក់ទាំងនោះ គាត់នឹងរក្សាទុកសម្រាប់កូនរៀន។ «ប្រាក់របស់កូន ក៏ខ្ញុំមិនយកទៅប្រើប្រាស់អ្វីដែរ កុំឱ្យកូនបាក់ទឹកចិត្ត។ ទាល់តែខ្ញុំទាល់ច្រកខ្លាំង រកអ្វីមិនបានសោះ ទើបហ៊ានដករបស់កូនមកខ្លះ។ ពេលគាត់បានមក គាត់ឱ្យខ្ញុំហើយ។ ខ្ញុំចង់យកប្រាក់ហ្នឹងទៅដាក់ធនាគារសន្សំឱ្យគាត់ ទោះបីគាត់លែងជាប់ជាជម្រើសជាតិទៀត ក៏គាត់មានប្រាក់រៀនចប់ចុងចប់ដើម»។
 
បានរំឭកដល់គុណបុណ្យគ្រូមួយរូប ដែលបានជួយយកអាសាកូនប្រុសច្បងរបស់ខ្លួន រហូតបានលទ្ធផលដូចសព្វថ្ងៃ អ្នកស្រី ឌឿន ថាអ្នកស្រីនៅតែដឹងគុណគ្រូរូបនោះ។ អ្នកស្រីរៀបរាប់ថា៖ «គេហៅគាត់កុងសាយៗ គាត់ជាគ្រូនៅហ្នឹងយូរហើយ (គ្រូកីឡានៅស្ដាតអូឡាំពិក)។ ខ្ញុំឃើញគាត់ នៅថែតារាងប៊ូល ខ្ញុំក៏សម្រេចចិត្តសុំគាត់ តែខ្ញុំគិតយូរណាស់ ទម្រាំហ៊ានសុំគាត់។ ខ្ញុំសុំយកកូនមកហាត់ គាត់ថាកូនហាត់អត់ទាន់បានទេ កូននៅតូចណាស់ កាន់ប៊ូលអត់រួចទេ។ ដល់អ៊ីចឹងខ្ញុំថា ខ្ញុំសុំផ្ញើលោកគ្រូ ទុកឱ្យវានៅទីនេះផង។ គាត់ថា គ្រូឃើញតើ គ្រូក៏អាណិតឯងដែរ ឥឡូវបើពេលណាវាមិនរៀនយកវាមក។ បើវាមិនទាន់ហាត់បាន គ្រូឱ្យវាជួយកាយដី ជួយថែតារាង។ វាធ្វើអ្វីបានគាត់ប្រើឱ្យធ្វើហ្នឹង»។
 
អ្នកស្រីបន្ថែម៖«គាត់ឧបត្ថម្ភជាប៊ូល ឱ្យហាត់រៀន ហើយខោអាវ គាត់ចេះតែឱ្យស្លៀក។ ខ្ញុំមិនដែលមានប្រាក់ទិញប៊ូលឱ្យកូន សូម្បីតែមួយគ្រាប់។ គាត់ឱ្យបាយហូប គាត់ឱ្យលុយចាយ និយាយរួមទៅ គាត់មើលឱ្យហើយ។ គាត់ស្ទើរតែចិញ្ចឹមឱ្យទៀត។ ដល់ល្ងាច ខ្ញុំចេញពីធ្វើការ ខ្ញុំទៅយកកូនទៅផ្ទះ។ ខ្ញុំមិនមានពេលមើលកូនក៏ពិតមែន ប៉ុន្តែខ្ញុំបានយកកូនទៅផ្ញើគ្រូៗកីឡា ហើយពួកគាត់អាណិតស្រឡាញ់យើងគ្រប់គ្នា។ កូនខ្ញុំ ក៏មិនមែនជាក្មេងច្រឡើសបើស អ្នកណាក៏ស្រឡាញ់គាត់ដែរ។ សូម្បីតែអ្នកមកហាត់ប្រាណ មួយណាក៏ស្រឡាញ់គាត់ដែរ។ ខ្ញុំចេះតែអប់រំហើយប្រាប់កូន ម៉ែមិនមានពេលបានមើលថែកូន មិត្តភ័ក្ដិបែបណា ដែលគួររាប់អាន កូនត្រូវពិនិត្យ»។
 
ឆ្លងកាត់ការបោកប្រាស់ និងឆ្លងកាត់ជីវិតជូរចត់យ៉ាងច្រើនរាប់មិនអស់ ស្រ្តីប្រឹងឈរដោយខ្លួនឯង នឹងមិនដែលអស់សង្ឃឹមក្នុងជីវិតរូបនេះ ទទួលបានមេរៀនជីវិតច្រើន ពីការងារដែលបានឆ្លងកាត់ ដើម្បីអប់រំណែនាំកូនៗ។ «ចាប់តាំងពីគេបោក មេរៀនសំខាន់ក្នុងជីវិតខ្ញុំ គឺកុំឱ្យទុកចិត្តគេពេក ហើយខ្ញុំប្រដៅកូនចៅតទៅទៀត។ ហើយបទពិសោធល្អៗដែលបានពីធ្វើសន្តិសុខ ខ្ញុំក៏បានណែនាំទៅកូនថាមនុស្សប្រភេទនេះ យើងគួររាប់អាន ហើយមនុស្សប្រភេទនេះកុំរាប់អាន។ ជាកំហុសខ្ញុំដែរ ខ្ញុំយកកូនមកតាម ខ្ញុំដូរការងារខ្ញុំក៏ដូរសាលាកូនរៀន ដល់ពេលអ៊ីចឹងគាត់រៀនមិនទាន់គេទេ។ ពីពេលនេះទៅ ទោះដូរការងារទៅដល់ណា ក៏ខ្ញុំមិនដូរសាលាកូនរៀនដែរ។ ប្រសិនបើកូនរបស់ខ្ញុំនៅតែរៀនល្អហាត់ក៏ល្អអ៊ីចឹង ខ្ញុំសុខចិត្តនៅផ្ទះជួលរហូត ទាល់តែកូនរៀនចប់ចុងចប់ដើមទាំងអស់ ទើបខ្ញុំទៅនៅស្រុកវិញ»។ នេះជាការលើកឡើងរបស់អ្នកស្រី រាំ ឌឿន៕
 
 

Tag:
 រាំ ឌឿន
  ជីវិត
 កម្មករ
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com