ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចែក​អំណោយ​ដល់​ជនរងគ្រោះ​ទឹកជំនន់​នៅ ខេត្តបន្ទាយមានជ័យ​
ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចែក​អំណោយ​ដល់​ជនរងគ្រោះ​ទឹកជំនន់​នៅ ខេត្តបន្ទាយមានជ័យ​
23, Oct 2020 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​ប​ផុត​មួយ​នៅ​កម្ពុជា បាន​ចែក​អំណោយ​ដល់​ជនរងគ្រោះ ដោយសារ​ទឹកជំនន់​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​ផ្នែក​មួយ​នៃ​វិភាគទាន និង​ការបរិច្ចាគ​ជារួម ផ្ដោតលើ​ការជួយ​ដល់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ទូទាំងប្រទេស ដោយ សារ​ទឹកជំនន់​។ 
 
​បុគ្គលិក​ចំនួន ប្រមាណ​ជាង ១០ នាក់ របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ ដែលមាន​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ អំណោយ​ទាំងអស់នោះ​រួមមាន អង្ករ សៀង ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ មី និង​ត្រីខ កំប៉ុង​ជាដើម​។ 
 
​អំឡុង​ពិធី​ប្រគល់​អំណោយ ជូន​អាជ្ញាធរ​មូលដ្ឋាន ស្រុក​ថ្មពួក  លោក សុ​វ៉ាត ដា​រី​យេ​វិច ដែលជា​នាយក​គ្រប់គ្រង​ផ្នែក​លក់ របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​មោទកភាព ក្នុង​ការជួយ​ដល់​ជនរួមជាតិ​កម្ពុជា គ្រប់​ពេលដែល​ពួកគាត់​ត្រូវការ​ពួកយើង មិន​ថា​នៅ​ទីកន្លែង​ណា​នោះទេ​។ ក្នុងពេល​វេលា​ដ៏​លំបាក​បែបនេះ យើង​ចង់​បញ្ជាក់​ឲ្យ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​បានឃើញ ថា​យើង​តែងតែ​ជួយ​គាំទ្រ​ដល់​ពួកគាត់​ជានិច្ច ដូច្នេះហើយ​ទើបបានជា​យើង រៀបចំ​កម្មវិធី​នា​ថ្ងៃនេះ​”​។ 


 
​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​ត្រូវបាន​ជម្លៀស​ពី​លំនៅដ្ឋាន​ដោយសារ​ទឹកជំនន់ បាន​ចូលរួម​ក្នុងការ ប្រគល់​អំណោយ​នេះ​។ 
​លោក សុ​វ៉ាត ដា​រី​យេ​វិច បាន​បន្ថែមថា​៖ “​បើទោះបីជា​ក្រុមការងារ​របស់​យើង មាន​វត្តមាន​តិចតួច​នៅថ្ងៃនេះ​ក្ដី ប៉ុន្តែ​បុគ្គលិក និង​ភ្នាក់ងារ​របស់​យើង រាប់ពាន់នាក់​បាន​ផ្ដាំផ្ញើ​នូវ​ក្ដីបារម្ភ និង​ការ​បួងសួង ជូនពរ​សព្វ​សាធុការ ដល់​ជនរងគ្រោះ​ទាំងអស់​។ ទាំងអស់នេះ គឺជា​អំណោយ​ពី​សំណាក់​បុគ្គលិក និង​ភ្នាក់ងារ​របស់​ទ្រូ​ម៉ាន់​នី​ទាំងអស់​។  យើង​សង្ឃឹមថា អំណោយ​ទាំងនេះ​នឹង​បានរួម​ចំណែក​ខ្លះៗ ស្រប​ពេលដែល​លោកអ្នក កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នាពេលនេះ​»​។​
 
​ជំនួយ​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ដល់​ក្រុមគ្រួសារ​រងគ្រោះ នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ គឺជា​ចំណែក​មួយ នៃ​ជំនួយ​របស់ខ្លួន ដែល​ក្រុមហ៊ុន​កំពុង​ផ្ដល់ជូន​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។ 
​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី កម្ពុជា មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​យើងខ្ញុំ សូម​ចែករំលែក​នូវ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​រួម​ជាតិ​កម្ពុជា ក្នុង​គ្រា​លំបាក​បែបនេះ​។ ដូច្នេះហើយ ទើប​យើង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​”​។ 
 
​ចាប់តាំងពី​ក្រុមហ៊ុន បាន​ផ្ដើម​ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​មក ទ្រូ​ម៉ាន់​នី   បាន​បង្កើត​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់ ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ជាង ១ ម៉ឺន​នាក់ រង់ចាំ​ផ្ដល់​សេវាកម្ម ទាក់ទង​នឹង​ហិរញ្ញវត្ថុ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិនទាន់មាន​សេវា​ធនាគារ​នៅឡើយ​។​


 
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​សរុប​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់​ភ្នាក់ងារ ដែល​កំពុង​បម្រើ​សេវាកម្ម ជូន​ដល់​អតិថិជន​ចំនួន ៤០ លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ​ផ្គត់ផ្គង់​នូវ​សេវាកម្ម និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ ដូចជា​សេវា​ផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com