អត់​ការងារ​ធ្វើ​ជិត​១​ឆ្នាំ Lippi បង្ហាញ​បំណង​បញ្ចប់​អាជីព​គ្រូបង្វឹក​ត្រឹម​វ័យ​៧២​ឆ្នាំ​
កីឡាអន្តរជាតិ
អន្តរជាតិ
អត់​ការងារ​ធ្វើ​ជិត​១​ឆ្នាំ Lippi បង្ហាញ​បំណង​បញ្ចប់​អាជីព​គ្រូបង្វឹក​ត្រឹម​វ័យ​៧២​ឆ្នាំ​
23, Oct 2020 , 7:29 pm        
រូបភាព
លោក Marcello Lippi កាលជួយអ៊ីតាលីលើកពាន World Cup ឆ្នាំ២០០៦
លោក Marcello Lippi កាលជួយអ៊ីតាលីលើកពាន World Cup ឆ្នាំ២០០៦
​លោក Marcello Lippi អតីត​គ្រូ​ជម្រើសជាតិ​អ៊ីតាលី និង​ចិន ទំនងជា​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ហើយ ក្រោយ​លោក​ប្រកាសថា «​ការងារ​គ្រូបង្វឹក​គឺ​ចប់​ហើយ​»​។​



​លោក Lippi បាន​ទំនេរ​ពី​ការងារ​រហូតមកទល់​ពេលនេះ ចាប់តាំងពី​លោក​លាឈប់​ពី​តំណែង​គ្រូបង្វឹក​ចិន​កាលពី​ខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដឹកនាំ​ក្រុម​អាស៊ី​មួយ​នេះ​ក្នុង​ការប្រកួត​ជាមួយ​ស៊ី​រី​ក្នុង​វគ្គ​ជម្រុះ World Cup ឆ្នាំ ២០២២​។​
​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Juventus, Napoli, Atalanta វ័យ​៧២​ឆ្នាំ​រូបនេះ​ធ្លាប់បាន​បង្កើត​ប្រវត្តិសាស្ត្រ​ពិភពលោក តាមរយៈ​ការជួយ​ជម្រើសជាតិ​អ៊ីតាលី​ឈ្នះ​ជើងឯក World Cup ឆ្នាំ​២០០៦​។ មិនតែប៉ុណ្ណោះ នៅ​ទឹកដី​ចិន លោក Lippi ថែមទាំង​បាន​ដឹកនាំ Guangzhou Evergrande ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន​៣​លើក AFC Champions League ១​លើក និង​ពាន​ជាច្រើន​ទៀតផង​ដែរ​។​
 
​បើទោះជា​យ៉ាងនេះ​ក្តី លោក Lippi ហាក់ដូចជា​ចង់​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​ថា​លោក​ត្រូវ​បញ្ចប់​អាជីព​ជា​គ្រូវ​បង្វឹក​នៅត្រឹម​អាយុ​៧២​ឆ្នាំ​នេះហើយ​។ បុរស​សញ្ជាតិ​អ៊ីតាលី​បាន​ប្រាប់​វិទ្យុ Sportiva ថា​៖ «​ការងារ​គ្រូបង្វឹក​គឺ​ចប់​ហើយ​។ វា​គ្រប់គ្រាន់​ហើយ​។ ខ្ញុំ​បាន​រង់ចាំ​ឱកាស​ការងារ​ក្នុងតួនាទី​ផ្សេងទៀត​ដែរ ប៉ុន្តែ​គ្មាន​ទាល់តែសោះ​រហូតមកទល់​ពេលនេះ​»​។​
​លោក Marcello Lippi បាន​លាឈប់​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​ពីរលើក ក្នុងនោះ​លាឈប់​លើកចុងក្រោយ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាញ់​ស៊ី​រី ២-១ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2020 ជុំ​ទី​២​។ ជ័យជម្នះ​របស់​ស៊ី​រី ដែល​ធ្វើឡើង​នៅ​ទឹកដី​កណ្តាល​ក្នុង​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា បាន​បង្កើន​គម្លាត​ពិន្ទុ​លើស​ចិន​ដល់​ទៅ​៥​ពិន្ទុ​។​
​យ៉ាងណាក៏ដោយ លោក Lippi មិនទាន់​ប្រកាស​ជា​ផ្លូវការ​ថា​លោក​បញ្ចប់​អាជីព​ជា​គ្រូវ​ង្វឹ​ក​ក្រុមកីឡា​បាល់ទាត់​នៅឡើយ​នោះទេ​៕

Tag:
 Marcello Lippi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com