សង្គមអន្តរជាតិ
អន្តរជាតិ
បក្សកាន់អំណាចថៃ រៀបចំធ្វើបាតុកម្មបង្ហាញការគាំទ្រចំពោះមហាក្សត្រ បាតុករពាក់អាវពណ៌លឿងគាំទ្ររបបរាជានិយម។ រូបភាព៖ AFP
× គណបក្សកាន់អំណាចថៃ នៅថ្ងៃទី២២ ខែតុលា បានអនុញ្ញាតឲ្យតំណាងរាស្ត្ររបស់ខ្លួនរៀបចំបាតុកម្មគាំទ្រ និងការពាររបបរាជានិយម នៅទូទាំងផ្ទៃប្រទេស។ បាតុកម្មដែលរៀបចំដោយតំណាងរាស្ត្រថៃ នៅតាមមណ្ឌលនីមួយៗរបស់ខ្លួននេះ ត្រូវបានចាត់ទុកថាជាការឆ្លើយតបទៅនឹងបាតុកម្មរបស់យុវជន និងនិស្សិតដែលទាមទារឲ្យមានកំណែទម្រង់របបរាជានិយម តាមរយៈវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការអនុញ្ញាតឲ្យតំណាងរាស្ត្ររៀបចំធ្វើបាតុកម្មគាំទ្ររបបរាជានិយម និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ធ្វើឡើងក្រោយបក្សកាន់អំណាចកម្លាំងប្រជារាស្ត្រ បើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២២ ខែតុលា។ លោកស្រីតំណាងរាស្ត្រ Pailin Thiensuwan និងជាអ្នកនាំពាក្យរងរបស់បក្សបញ្ជាក់ថា កិច្ចប្រជុំនេះ សន្យាគាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ ប៉ុន្តែលើកលែងជំពូកទាក់ទងនឹងរបបរាជានិយម។
បើតាមកាសែតបាងកកប៉ុស្តិ៍ ក្នុងកិច្ចប្រជុំនោះ សមាជិកបក្ស ក៏ដូចជាតំណាងរាស្ត្រ បញ្ជាក់ជំហរជាថ្មីថា នឹងបន្តគាំទ្រលោក ប្រាយុទ្ធ ដើម្បីឲ្យលោកអាចបំពេញការងារបន្តទៀត។ បន្ថែមពីនេះ សមាជិកបក្ស និងតំណាងរាស្ត្រ នឹងផ្តល់ការគាំទ្រផ្លូវចិត្តដល់លោកនាយករដ្ឋមន្ត្រីដើម្បីឲ្យឆ្លងផុតវិបត្តិនយោបាយនេះ។ លោក Anu¬cha Nakasai អគ្គលេខាធិការបក្សកាន់អំណាច បានអះអាងថា៖« ឧត្តមសេនីយន៍ប្រាយុទ្ធ មិនបានធ្វើអ្វីខុសឡើយក្នុងការដឹកនាំរដ្ឋាភិបាល»។
ក្រោយកិច្ចប្រជុំ បក្សកាន់អំណាចថៃ អនុញ្ញាតឲ្យតំណាងរាស្ត្រ និងសមាជិកបក្សរៀបចំការជួបជុំនៅមណ្ឌលរៀងៗខ្លួនដើម្បីបង្ហាញភក្តីភាពទៅកាន់ស្ថាប័នព្រះមហាក្សត្រ។ តំណាងរាស្ត្រម្នាក់អះអាងថា ការជួបជុំរបស់ខ្លួន នឹងមិនបណ្តាលឲ្យមានការប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលឡើយ ព្រោះអ្នកចូលរួមភាគច្រើនជាមនុស្សវ័យចំណាស់ និងមិនមែនជាអ្នកបង្ករឿង។
នៅថ្ងៃទី២២ តុលា បាតុករចំនួន២ពាន់នាក់ពាក់អាវពណ៌លឿងបានជួបជុំគ្នានៅខេត្ត Phetchaburi ទាមទារឲ្យបាតុករប្រឆាំងរដ្ឋាភិបាលឈប់ប្រើប្រាស់ពាក្យ និងកាយវិការដែលប៉ះពាល់ ស្ថាប័នព្រះមហាក្សត្រ។ បាតុករទាំងនោះ សម្រុកមកសាលាខេត្តនៅម៉ោង៩ព្រឹក ដោយគោរពទង់ជាតិ មុននឹងអានសេចក្តីថ្លែងការណ៍រិះគន់ សកម្មភាព និងសម្តីដែលប៉ះពាល់ដល់ស្ដេច។ ក្រោយមក ក្រុមបាតុករពាក់អាវលឿងដាក់ញត្តិទៅនាយករដ្ឋមន្ត្រីតាមសាលាខេត្ត និងបំបែកការជួបជុំវិញ។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ បានសម្រេចលើកចោលក្រឹត្យអាសន្នហាមការជួបជុំនៅទីសាធារណៈលើសពី៥នាក់ នៅរសៀលថ្ងៃទី២២ ខែតុលា។ ទោះជាយ៉ាងណាក្តីបាតុករ នៅតែទាមទារឲ្យលោកប្រាយុទ្ទចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។ ការទាមទារឲ្យមានកំណែទម្រង់នេះ ជារឿងមិនធ្លាប់មាននៅក្នុងសង្គមថៃ ដោយសារតែសកម្មភាពទាំងនេះអាចត្រូវបានរាប់បញ្ចូលជាការប្រមាថព្រះមហាក្សត្រ ដែលអាចជាប់ទោសពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com