សង្គមអន្តរជាតិ​
អន្តរជាតិ
ទូត​ម៉ាឡេស៊ី អំពាវនាវ​ពលរដ្ឋ​ខ្លួន​ឲ្យ​ចូលរួម​បរិច្ចាគ​ជួយ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​
23, Oct 2020 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​របស់ខ្លួន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់ខ្លួន ឲ្យ​ចូលរួមចំណែក​ជួយ​បរិច្ចាគ​ដល់​កម្ពុជា​នូវ​ជំនួយ​សង្គ្រោះ​បឋម​មួយចំនួន​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

 
 
«​ជូន​ចំពោះ​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់ យើង​កំពុង​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ សូម​ចូលរួម​ជាមួយ​យើងខ្ញុំ ដើម្បី​ជួយ​គាំទ្រ​ដល់​ពួកគាត់​»​។ នេះ​ជា​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ម៉ាឡេស៊ី នៅ​កម្ពុជា​។​
 
​នៅលើ​ផ្ទាំង Banner របស់ខ្លួន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ស្ថានទូត​ម៉ាឡេស៊ី បានបញ្ជាក់​ពី​តម្រូវការ​មួយចំនួន​មានដូចជា ត្រីខកំប៉ុង (Tinned Sardines), មី​កញ្ចប់​, ទឹកត្រី​, ទឹកបរិសុទ្ធ និង​នំ​ប៊ី​ស្គី​ត ជាដើម​។ កាលបរិច្ឆេទ​ឈប់​ទទួល​គឺ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ហើយ​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​ចង់​ចូលរួម​បរិច្ចាគ​អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ ០៨៧ ៥៤៥ ០០០ ។​
 
​ជាមួយគ្នានេះ​ផងដែរ ក្រសួងការបរទេស​ម៉ាឡេស៊ី (Wisma Putra) បាន​សំដែង​ការសោកស្តាយ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស រួមទាំង​អ្នក​រង​ផលប៉ះពាល់​ទាំងអស់​ដែល​បង្កឡើង​ដោយ​គ្រោះទឹកជំនន់​។​

 

 
«​យើង​សូម​បួងសួង​ឲ្យ​មាន​សុវត្ថិភាព​សម្រាប់​កម្ពុជា និង​លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។ ក្រសួងការបរទេស​ម៉ាឡេស៊ី បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​។​
 
​ទឹកជំនន់​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅរស់​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​។​
 
​តាម​របាយការណ៍​កាល​ពីថ្ងៃ​ទី​២២ ខែតុលា ពលរដ្ឋ​ជាង​៤៨​ម៉ឺន​នាក់ បាន​រងគ្រោះ ដែល​ក្នុងនោះ​៣៩​នាក់ បាន​ស្លាប់ រីឯ​ដំណាំ​កសិកម្ម​ជាង​៣១​ម៉ឺន​ហិកតា​រង​ការ​ជន់​លិច​៕
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com