ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ នៅក្នុងរង្វង់៣,៥ភាគរយ នាឆ្នាំ២០២១ ក្រោយធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ ។ នេះបើតាមការព្យាកររបស់រដ្ឋាភិបាល នៅក្នុង«សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» ដែលចេញផ្សាយដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល នៅលើហ្វេសប៊ុក។
ការព្យាកររបស់រដ្ឋាភិបាល បានបង្ហាញថា កំណើនក្នុងរង្វង់ ៣,៥ភាគរយនេះ ធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១១៧, ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩, ០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់១,៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១,៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
ការព្យាកររបស់រដ្ឋាភិបាលនេះ ដោយសម្អាងលើការងើបឡើងវិញ នៃវិស័យមួយចំនួន រួមមានវិស័យឧស្សាហកម្ម ដែលអាចស្ទុះឡើងវិញ ក្នុងអត្រាកំណើន ៤,១ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២ភាគរយក្នុងឆ្នាំ ២០២០ ។ រីឯវិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦ភាគរយក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣ភាគរយក្នុងឆ្នាំ២០២០។
ដោយឡែកវិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦ភាគរយក្នុងឆ្នាំ២០២១ ពីកំណើន០,៩ភាគរយក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថា នឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។នេះបើតាមការព្យាករនៅក្នុង«សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» ។
បើតាមការព្យាករដដែល វិស័យទេសចរណ៍ អនុវិស័យកាត់ដេរ អនុវិស័យសំណង់ និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត នឹងងើបឡើងវិញក្នុងកម្រិតទាប ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។
ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣,៥ភាគរយ នៅឆ្នាំ២០២១ ក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជា ទាំងក្នុងនិងក្រៅប្រទេសនេះ រដ្ឋាភិបាលនឹងបន្តសកម្មភាពរក្សាលំនឹងសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន។ ក្នុងនោះរួមមាន ការផ្តល់នូវការលើកទឹកចិត្តនិងការអនុគ្រោះផ្នែកសារពើពន្ធ គួបផ្សំនឹងការជំរុញផ្តល់ឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ដើម្បីឱ្យអាជីវកម្មអាចបន្តដំណើរការបាន។ ជាពិសេសការអនុវត្តនូវកម្មវិធីផ្ទេរសាច់ប្រាក់កម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយចាប់យកការងារក្នុងវិស័យថ្មី ឬមានបច្ចេកទេសខ្ពស់ជាងមុន រួមទាំងបង្កើតការងារថ្មីជំនួសការងារ ដែល បាត់បង់ជំរុញសកម្មភាព អាជីវកម្មរបស សហគ្រាសធុនតូច និងមធ្យមជាដើម។ នេះបើតាមការកំណត់ទិសដៅរបស់រដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បានដាក់គោលនយោបាយជំរុញសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងនោះ រួមមានការជំរុញការធ្វើពិពិធកម្មផលិតកម្ម និងសេវាកម្ម ,ការជំរុញការធ្វើពិពិធកម្មទីផ្សារ ដោយស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងពហុភាគីនិងទ្វេភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងល្អាងពាណិជ្ជកម្មថ្មីៗ, ការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដោយពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំ និងអនុវត្តគោលនយោបាយ និងវិធានការនានា ។
ជាពិសេសការបន្តបង្កើនភាពប្រកួតប្រជែង តាមរយៈវិធានការសំខាន់ៗរួមមាន ការជួយសម្រួលកាត់បន្ថយថ្លៃដើមពេលវេលា និងបង្កើនភាពងាយស្រួលដល់កាធ្វើអាជីវកម្ម ,កាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី, កាត់បន្ថយថ្លៃដឹកជញ្ជូន និង ឡូជីស្ទីក ,បង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ,បង្កើនការបណ្តុះបណ្តាលជំនាញ ,កាត់បន្ថយកម្រៃសេវាមិនផ្លូវការ ,លើកកម្ពស់សេវាបង់ពន្ធ ,កាត់បន្ថយការធ្វើសវនកម្ម និងអធិការកិច្ចត្រួតគ្នា និងជំរុញការប្រកួតប្រជែងដោយស្មើភាព។
តាមការវាយតម្លៃពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា-១,៩ ភាគរយ ដោយសារវិបត្តិកូវីដ-១៩៕