សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ស៊ី ជិន​ភីង ថា ចិន​អត់​ញញើត​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​ឡើយ
23, Oct 2020 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាដើម្បីប្រារព្ធខួបទី៧០ឆ្នាំនៃការចូលធ្វើសង្គ្រាមកូរ៉េ នៅវិមានប្រជាជនចិន នៅថ្ងៃទី ២៣ ខែតុលា ។ រូបភាព៖ Reuters
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាដើម្បីប្រារព្ធខួបទី៧០ឆ្នាំនៃការចូលធ្វើសង្គ្រាមកូរ៉េ នៅវិមានប្រជាជនចិន នៅថ្ងៃទី ២៣ ខែតុលា ។ រូបភាព៖ Reuters
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភិ​ង បាន​ព្រមាន​អាមេរិក​ថា ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ឡើយ ហើយ​កងទ័ព​ចិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​សុន្ទរកថា​ដើម្បី​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ​ដែល​កងទ័ព​ចិន​ចូលរួម​ក្នុង​សង្គ្រាម​កូរ៉េ​ប្រឆាំង​កងទ័ព​អាមេរិក​។ នេះ​ក៏​ជា​សង្គ្រាម​តែមួយគត់​ដែល​កងទ័ព​ចិន​និង​អាមេរិក​ប្រយុទ្ធ​គ្នា​ដោយផ្ទាល់​ផងដែរ​។​



​ថ្លែង​ពី​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៣ ខែតុលា លោក ស៊ី ជិន​ភីង លើកឡើងថា ជោគជ័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣ ជាការ​ក្រើន​រំ​ឮ​កមួយ​ថា ប្រជាជាតិ​ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណា​ដែល​ហ៊ាន​បង្កបញ្ហា​នៅ​មាត់​ទ្វារផ្ទះ​របស់ខ្លួន​ឡើយ​។ 
 
«​កាលពី​៧០​ឆ្នាំមុន ពួក​ឈ្លានពាន​ចក្រពត្តិនិយម បាន​បើក​ការវាយប្រហារ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​ប្រទេស​ចិន​ថ្មី​»​។ លោក ស៊ី និយាយ​បែបនេះ ដោយ​ចង់​សំដៅលើ​សហរដ្ឋអាមេរិក​។ លោក​បន្តថា ប្រជាជន​ចិន នឹងមិន​បង្កបញ្ហា តែ​ក៏​មិន​ខ្លាច​ពួកវា​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​ចិន​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​នឹងមិន​នៅ​ស្ងៀម ហើយ​ឱបដៃ​ឈរ​មើល​គេ​បំផ្លាញ​អធិបតេយ្យភាព​ជាតិ​យើង​ឡើយ​។ យើង​ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​កម្លាំង​ណាមួយ​ឈ្លានពាន ឬ​បំបែកបំបាក់​ទឹកដី​ដ៏​វិសេស​នៃ​មាតុប្រទេស​យើង​ផងដែរ​»​។​
 
​កាលពី​ថ្ងៃទី ២១ ខែតុលា មន្ទីរ​បញ្ច​កោណ​អាមេរិក បានប្រកាសថា ខ្លួន​បាន​យល់ព្រម​លក់​មី​ស៊ី​ល​ក្នុង​ទំហំ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ តៃវ៉ាន់ ។ ចិន គំរាម​ចាត់វិធានការ​វាយបក​អាមេរិក ហើយ​ចាត់ទុក​រឿងនេះ​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដ្បិត​ប៉េកាំង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​ខ្លួន​។​
 
​ក្នុង​សុន្ទរកថា​ដ៏​វែង​ដដែល ប្រធានាធិបតី ស៊ី ជិន​ភីង អះអាងថា ចិន​ត្រូវការ​ព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​ដើម្បី​កសាង​យោធា​លំដាប់ថ្នាក់​ពិភពលោក​មួយ ហើយ​ធានាថា បក្ស​កុម្មុយនីស្ត​ចិន រក្សា​ភាពជា​អ្នកដឹកនាំ​ផ្ដាច់មុខ​លើ​វិស័យ​យោធា​។ 
 
​សូមបញ្ជាក់ថា សង្គ្រាម​កូរ៉េ គឺជា​ការប្រយុទ្ធ​គ្នា​ដោយផ្ទាល់​ទ្រង់ទ្រាយ​ធំ​ទីមួយ និង​តែម្ដង​គត់​រវាង​កងទ័ព​ចិន​និង​សហរដ្ឋអាមេរិក​។ យោងតាម​រដ្ឋាភិបាល​ចិន ទាហាន​ចិន​ជាង ១៩៧ ០០០​នាក់ បាន​ស្លាប់​អំឡុង​សង្គ្រាម​៣​ឆ្នាំ ដែល​បាន​ផ្អាក​ក្រោយ​មាន​បទ​ឈប់​បាញ់​កាលពី​ឆ្នាំ​១៩៥៣ ហើយ​ជា​លទ្ធផល​កូរ៉េ​ត្រូវបាន​ពុះ​ចែកជា​ពីរ ត្រង់​ខ្សែបន្ទាត់​ទី​៣៨៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com