សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ពូ​ទីន ថា លោក​ជា​អ្នក​ជួយ​ឲ្យ​មេដឹកនាំ​ប្រឆាំង​ដែល​ត្រូវ​បំពុល ទៅ​ព្យាបាល​នៅ​អាល្លឺម៉ង់​
23, Oct 2020 , 10:29 pm        
រូបភាព
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី Alexi Navalny។ រូបភាព៖AFP
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី Alexi Navalny។ រូបភាព៖AFP
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អះអាងថា លោក​ជា​អ្នកធ្វើ​អន្តរាគមន៍​ដោយផ្ទាល់ ដើម្បី​ធានាថា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexei Navalny អាច​ទទួលបាន​ការព្យាបាល​នៅ​អាល្លឺម៉ង់​។

 
​លោក Alexei Navalny ធ្លាក់ខ្លួន​ឈឺ និង​មិនដឹង​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែសីហា និង​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ទៅ​ទទួល​ការព្យាបាល​នៅ​អាល្លឺម៉ង់​។ សំណាក​ឈាម​របស់លោក Navalny ត្រូវបាន​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) អះអាងថា មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ Novichok ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រោយ​ទទួលបាន​ការថែទាំ និង​ដឹងខ្លួន លោក Navalny ចោទ​រដ្ឋាភិបាល​រុស្ស៊ី​ថា ជា​អ្នក​បំពុល​រូបលោក​។ រដ្ឋាភិបាល​រុស្ស៊ី​តប​ថា ការ​ចោទ​នេះ​ជា​រឿង​មិន​ពិត និង​ជាការ​ប្រមាថ​រដ្ឋាភិបាល ។ ថ្លែង​ក្នុង​កិច្ច​ជំនួប Valdai Discussion Club លោក ពូ​ទីន បញ្ជាក់ថា រូបលោក​បានស្នើ​សុំ​ឲ្យ​អគ្គ​រដ្ឋអាជ្ញា​រុស្ស៊ី អនុញ្ញាត​ឲ្យ​លោក Navalny ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ដើម្បី​អាច​ទទួលបាន​ការព្យាបាល តប​តាម​សំណើ​របស់​ភរិយា​លោក Navalny​។​
 
​បើតាម​លោក ពូ​ទីន អះអាងថា លោក Navalny ជាប់​បំរាម​ដែល​មិនអាច​ធ្វើដំណើរ ព្រោះ​លោក​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​តុលាការ និង​ករណី​ព្រហ្មទណ្ឌ​។ ប្រមុខរដ្ឋ​រុស្ស៊ី បន្ថែមទៀតថា​៖«​ទោះជា​យ៉ាងណាក្តី​ខ្ញុំ​បានធ្វើ​សំណើ​ទៅ​អគ្គ​រដ្ឋអាជ្ញា​ដើម្បី​ទទួលបាន​ការអនុញ្ញាត ហើយ​គាត់ (Navalny) បាន​ចាក​ចេញពី​ប្រទេស​»​។​លោក បកស្រាយ​ទៀតថា បើសិនជា​រុស្ស៊ី​ចង់​បំពុល Navalny នោះ​រដ្ឋាភិបាល​នឹងមិន​ឲ្យ​លោក​ចេញពី​ប្រទេស​ឡើយ​។​
 
​ការធ្លាក់​ខ្លួន​ឈឺ​ដោយសារ​សារធាតុ​គីមី របស់​មេដឹកនាំ​ប្រឆាំង Navalny ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លោកខាងលិច ថ្កោលទោស និង​រិះគន់​រុស្ស៊ី ដោយ​ចោទថា ជា​អ្នក​នៅ​ពីក្រោយ​។ សហភាព​អឺរ៉ុប និង​អង់គ្លេស កាលពី​សប្តាហ៍​កន្លងទៅ បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ចំនួន​៦​រូប ដែល​រួមមាន​មន្ត្រីជាន់ខ្ពស់ និង​អ្នក​ស្រាវ​ជាវ​សារធាតុ​សារធាតុ​គីមី​ពុល​នៅ​មន្ទីរពិសោធន៍​រដ្ឋ​រុស្ស៊ី​។​
 
​រដ្ឋាភិបាល​រុស្ស៊ី ថ្កោលទោស​ការដាក់ទណ្ឌកម្ម​ទាំងនោះ​ដោយ​អះអាងថា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ថា ជាការ​ចោទប្រកាន់​ដោយ​គ្មាន​អំណះអំណាង​ត្រឹមត្រូវ​។ រុស្ស៊ី​ក៏​អះអាង​ផងដែរ​ថា នឹងធ្វើ​ការសង​សឹក​ឲ្យ​សមស្រប​វិញ​។​
 
​លោក Alexei Navalny ជា​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី ដែល​តែង​លើកឡើង​ពី​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់លោក ពូ​ទីន ។ លោក​ត្រូវបាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រុស្ស៊ី​ហាម​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com