កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ថា Arsenal មិន​យក Ozil ដោយសារ​រិះគន់​ចិន តែ Arteta ថា ជាការ​សម្រេច​ក្នុង​បាល់ទាត់​
23, Oct 2020 , 10:59 pm        
រូបភាព
អ្នកគាំទ្រ Arsenal យល់ថា ការមិន​ជ្រើស​យក Mesut Ozil ក្នុង​សមាសភាព​កីឡាករ​២៥​រូប​សម្រាប់​ការប្រកួត Premier League និង Europa League រដូវ​កាល​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរិះគន់​ចិន​ជុំវិញ​ការបង្ក្រាប​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​។ ប៉ុន្តែ​លោក Mikel Arteta ថា​មិន​ដាក់ Ozil ជាការ​សម្រេចចិត្ត​ក្នុង​បាល់ទាត់​។​



​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​លោក Mikel Arteta បានប្រកាស​នៅ​ថ្ងៃទី​២១ ខែតុលា ថា Ozil មិន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ជាប់​ក្នុង​ជម្រើស​២៥​នាក់​របស់លោក​ឡើយ បើទោះបី​លោក​តែង​ផ្តល់ឱកាស​ឲ្យ​រូបគេ​បង្ហាញ​សមត្ថភាព​ជាច្រើនលើក​ក៏ដោយ​។​
​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ថែមទាំង​អះអាងថា លោក​ជា​អ្នកទទួលខុសត្រូវ​លើ​ការជ្រើសរើស​កីឡាករ​។ លោក​ថា ការបដិសេធ​មិន​យក​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​ជា «​ការសម្រេចចិត្ត​ក្នុង​លក្ខខណ្ឌ​បាល់ទាត់​»​។​
 
​បើទោះជា​មានការ​លើកឡើង​បែបនេះ​ក៏ដោយ ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម Arsenal មួយចំនួនធំ​យល់ឃើញថា ដោយសារតែ Ozil ធ្លាប់បាន​រិះគន់ និង​ថ្កោលទោស​ចិន ជុំវិញ​ការបង្ក្រាប​របស់​ចិន​ទៅលើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ដទៃទៀត​កាលពី​ឆ្នាំ​២០១៩​នោះ ទើប​រូបគេ​មិនអាច​ចូលរួម​ជាមួយ​ក្រុម​វិញ​។ 
​កាលនោះ បន្ទាប់ពី​ការរិះគន់ រដ្ឋាភិបាល​ចិន​ក៏បាន​ប្រតិកម្ម​វិញ​ភ្លាមៗ​ផងដែរ ដោយ​ក្នុងនោះ​ការប្រកួត​របស់ Arsenal ទល់ Manchester City ដែល​ត្រូវ​បញ្ចាំង​លើ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​បិទ​ការផ្សាយ​ផងដែរ​។​
 
​ដូចដែល​យើង​បានដឹងហើយថា ទីផ្សារ Arsenal មាន​ច្រើន​បំផុត​នៅ​ទឹកដី​ចិន ហើយ​ករណី Ozil នេះ ពិតជា​បាន​ជះឥទ្ធិពល​ដល់​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​យ៉ាងខ្លាំង​។ 
​យ៉ាងណាក៏ដោយ អតីត​សមា​ជិ​ក្រុម Real Madrid វ័យ​៣២​ឆ្នាំ បានប្រកាស​លើក​បណ្តាញ​សង្គម Twitter ថា រូបគេ​នឹង​បន្ដ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​កន្លែង​មួយ​ក្នុង​ជម្រើស​របស់ Arsenal វិញ​៕
 

Tag:
 Mesut Ozil
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com