ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលសន្សំបាន៩១៨លានដុល្លារ ពីការកាត់បន្ថយចំណាយថវិកាឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងរដ្ឋមន្រី្ត ក្នុងកិច្ចប្រជុំពេញអង្គណៈរដ្ឋមន្រី្តនៅថ្ងៃទី២៣ តុលា ២០២០។ (រូបពី ទីស្ដីការគណៈរដ្ឋមន្រី្ត)
× ភ្នំពេញ៖ រដ្ឋាភិបាលសន្សំថវិកាបាន៩១៨លានដុល្លារពីការចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២០ នៅអំឡុងពេលវិបត្តិកូវីដ-១៩។ នេះបើតាមខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលចេញផ្សាយលើគណនីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅថ្ងៃទី២៣ តុលា ២០២០។
ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ បានបង្ហាញថា ភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក។ ការធ្វើវិចារណាកម្មចំណាយនេះ អាចធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានប្រមាណ៩១៨លានដុល្លារ។
បើតាមខ្លឹមសារដដែល ថវិកាសន្សំបានប្រមាណ៩១៨លាន គឺមានថវិកាថ្នាក់ជាតិសន្សំបាន៦៧៧លានដុល្លារ សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយទៅតាមការថយចុះចំណូល២៤១លានដុល្លារ ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ។
សេចក្ដីព្រាងច្បាប់នេះ ក៏បានបញ្ជាក់ដែរថា ថវិកាឆ្នាំ២០២១ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានសម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ ជាពិសេសការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ជីវភាពរបស់ប្រជាជន។ លើសពីនេះ គឺស្តារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចដើម្បីឈានទៅសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ដូចមានចែងក្នុង «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌និងប្រសិទ្ធភាពកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
សូមបញ្ជាក់ថា កាលពីដើមខែមីនា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យស្ថាប័នទាំងអស់ត្រូវកាត់ការចំណាយរហូតដល់៥០ភាគរយ លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន២៥ភាគ។ ការកាត់បន្ថយនេះ គឺតម្រូវឲ្យមន្រី្តក្នុងស្ថាប័នកាត់បន្ថយការប្រជុំនិងដំណើរចេញចូលក្រៅប្រទេសផ្សេងៗដែលមិនសូវសំខាន់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com