កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​វាយ​កូនឃ្លី​លើ​តុ​៨​រូប​ក្នុង​ការប្រកួត​ថ្នាក់ជាតិ នឹង​ចេញទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន​
23, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៨​រូប​ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​វែង​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ និង​២០២៣​។ ពួកគេ​ទាំងនេះ​នឹង​ត្រូវបាន​ចម្រាញ់​ចេញពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១ ដែល​ធ្វើ​រួមគ្នា​នៅ​ឆ្នាំនេះ​។

 
​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១ ក៏ពិតមែន តែ​វា​ជាការ​ប្រកួត​ដើម្បី​ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នៅ​វៀតណាម និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។ ព្រោះ​កីឡាករ​ជើង​ខ្លាំង​ចំនួន​៨​រូប​នឹង​ត្រូវបាន​ចម្រាញ់​ចេញពី​ការប្រកួត​ទាំងនេះ ដើម្បី​បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​វែង​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ទាំងពីរ​។ 


 
​បើតាម​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បើ​ពុំមាន​ការប្រែប្រួល​ទេ គម្រោង​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន នឹង​អនុវត្ត​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ខាងមុខនេះ​។ លោក ជឿជាក់ថា កីឡាករ​កីឡាការិនី​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ បើ​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​តាម​ការគ្រោងទុក​។ 
 
​រូបភាព​ទី​២
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក ស៊ុន សុទ្ធា​រិ​ទ្ធ បានបង្ហាញ​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា ការហ្វឹកហាត់​៩​ខែ​ក្នុង​១​ឆ្នាំ ៩​ខែ​ក្នុង​១​ឆ្នាំ​នៅ​ប្រទេស​ចិន យើង​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​(​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២១) ហើយ​រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​កាន់តែ​ល្អប្រសើរ​»​។ 
 
​កីឡាករ​កីឡាការិនី​មកពី​ក្លិប​សមាគម​នានា​ដែល​ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ នឹងមាន​ឱកាស​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល​និង​ឈុត​ធំ ដ្បិត​សហព័ន្ធ​កំពុង​ស្វែងរក​កីឡាករ​មាន​សមត្ថភាព និង​ទេពកោសល្យ​ជាច្រើនរូប​បន្ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុន សុទ្ធា​រិ​ទ្ធ ដែល​អះអាងថា លោក​សម្លឹង​ឃើញ​កីឡាករ​កីឡាការិនី​មកពី​តាម​ខេត្ត​ជាច្រើនរូប ដែល​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ខ្លាច​ជា​កីឡាករ​ជម្រើសជាតិ​។ 
 


លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា

«​និយាយ​ការពិតទៅ ខ្ញុំ​ចង់បាន​(​កីឡាករ​)​មកពី​ខេត្ត​ច្រើនជាង​នៅ​ភ្នំពេញ ពីព្រោះ​គ្នា​នៅ​ខេត្ត​មានលទ្ធភាព​គេង​នៅ​នឹង​ហាត់​នៅ​នឹង ដែល​ធ្វើ​ឲ្យ​ការហ្វឹកហាត់​បំពេញ​បានល្អ​ជាង បើ​អ្នក​នៅ​ភ្នំពេញ​ទៅ​ហូបបាយ​នៅផ្ទះ គេង​នៅផ្ទះ​»​។ លោក ស៊ុន សុទ្ធា​រិ​ទ្ធ បានបញ្ជាក់​ដូច្នេះ ហើយ​បាន​បន្ថែមថា ដើម្បី​ឲ្យ​កីឡាករ​អាចមាន​ភាព​រី​ក​ចម្រើន ទាមទារ​ឲ្យ​ពួកគេ​ហ្វឹកហាត់​ចន្លោះ​ពី​៨​ទៅ​១០​ម៉ោង​ក្នុង​១​ថ្ងៃ ជាមួយ​ការរៀបចំ​កន្លែង​ស្នាក់នៅ និង​អាហារ​ហូបចុក​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​រូប​ទី​៣
 
​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១​ប្រចាំឆ្នាំ​២០២០ មាន​កីឡាករ​កីឡាការិនី​ចំនួន​១៣២​នាក់​មកពី​២២​ក្លិប​សមាគម​(២៤​ក្រុម​)​ចូលរួម ដោយ​ពួកគេ​ប្រកួតប្រជែង​គ្នា​លើ​៨​ប្រភេទ​វិញ្ញាសា​។ ចំនួន​នេះ​មានការ​កើនឡើង​ស្ទើ​ពាក់កណ្តាល បើ​ធៀប​នឹង​ឆ្នាំមុន​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com