ក្រុមបាល់ទាត់វិសាខាឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២០ ក្រោយយកឈ្នះក្រុមព្រៃវែងក្នុងលទ្ធផល ៩-៨ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។ ក្រុមដែលទើបបង្ហាញខ្លួនបាន៣ឆ្នាំមួយនេះ ត្រូវប្រជែងដើម្បីដណ្តើមជើងឯកជាមួយណាហ្គាវើលដ៍នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមវិសាខាជាមួយព្រៃវែងនៅទឹកដីកណ្តាលនាពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល៩០នាទី។ ខ្សែប្រយុទ្ធ វុធ តុលា ជាអ្នករកគ្រាប់ឲ្យក្រុមព្រៃវែង មុនកីឡាករ កែវ សុខផេង សម្រេចគ្រាប់បាល់តាមស្មើឲ្យវិសាខា។ គ្រាប់បាល់ទាំងពីរនេះ កើតឡើងក្នុងតង់ទី១ដូចគ្នា។
លទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីស្វែងរកអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងការទាត់ប៉េណាល់ក្រុមព្រៃវែងជាអ្នកទាត់មុន ដោយកីឡាករ វឿន វ៉ាត ជាអ្នកទទួលបន្ទុក ហើយទាត់ចូលបានសម្រេច។ បន្ទាប់មកកីឡាករ ទៀត គឹមហេង ទាត់បាល់ដំបូងសម្រាប់វិសាខាបានសម្រេចដូចគ្នា មុនខ្សែប្រយុទ្ធ វុធ តុលា ទាត់បាល់ចេញក្រៅរបាទីសម្រាប់ព្រៃវែង។
ក្រោយមកកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង បានទាត់បាល់ទីពីរឲ្យវិសាខាបានសម្រេចដើម្បីនាំមុខ ២-១ តែត្រូវបានតាមស្មើ ២-២ ដោយកីឡាករ គី រីណា មុនកីឡាករ ទិត្យ ឌីណា ទាត់បាល់នាំមុខ ៣-២ សាជាថ្មីឲ្យវិសាខា។ តែតាមស្មើ ៣-៣ វិញដោយ ស៊ន សុវត្ថិ។ បន្ទាប់មកកីឡាករ ច្រឹង ពលរដ្ឋ ទាត់បាល់ទី៤ឲ្យវិសាខាបានសម្រេច មុនកីឡាករ ស រតនា ទាត់គ្រាប់តាមស្មើ ៤-៤ ឲ្យព្រៃវែង ដែលជាគ្រាប់បាល់ចុងក្រោយរបស់ពួកគេ។
ខ្សែប្រយុទ្ធ កែវ សុខផេង ជាអ្នកទទួលបន្ទុកទាត់បាល់ចុងក្រោយ និងជាគ្រាប់បាល់ជ័យជម្នះរបស់វិសាខា បើគេទាត់ចូលបានសម្រេច។ ផ្ទុយទៅវិញ ការទាត់របស់គេ ត្រូវបានជួយសង្គ្រោះបានពីអ្នកចាំទីរបស់ព្រៃវែង វីរៈ ដារ៉ា ដែលតម្រូវឲ្យក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទីបន្ត ដើម្បីស្វែងរកអ្នកឈ្នះ។
បន្ទាប់មកកីឡាករ ចាន់ សារ៉ាពេជ្រ, អ៊ុក សុវណ្ណ, ពៅ ចាន់ថេត, អ៊ិន វិឆ័យ, លីន តារាដេវីទ្យ, ឆេង ម៉េង, ញឹម លីហួរ និង កែន ច័ន្ទសុភក្ត្រ បានទាត់បាល់បញ្ចូលទីបានសម្រេចឲ្យក្រុមរៀងៗខ្លួន។ កីឡាករ អ៊ិន ឃឺនដារ៉ូ ជាអ្នកទទួលបន្ទុកទាត់បាល់ទី១០ឲ្យព្រៃវែង តែធ្វើមិនសម្រេច ក្រោយជួយសង្គ្រោះបានពីអ្នកចាំទី កែវ សុខសិលា។ ក្រោយមកកីឡាករ ងយ ស្រ៊ីន បានទាត់បាល់ទី១០បញ្ជូលទីបានសម្រេច ដើម្បីនាំជ័យជម្នះ ៩-៨ ឲ្យក្រុមវិសាខា។
ជ័យជម្នះនេះជួយឲ្យវិសាខាទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូងក្រោយបង្ហាញខ្លួនក្នុងពានរង្វាន់នេះបាន៣រដូវកាល។ កាលបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០១៨ ក្រុមវិសាខាបានធ្លាក់ត្រឹមវគ្គជម្រុះ១៦ក្រុម។ ចំណែកនៅឆ្នាំ២០១៩ ក្រុមនេះ ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់បឹងកេតក្នុងលទ្ធផល ៤-០។ វិសាខា ត្រូវប្រជែងដណ្តើមជើងឯកជាមួយណាហ្គាវើលដ៍ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
ទោះបីក្រុមខ្លួនមិនបានឡើងទៅវគ្គបន្ត តែអ្នកចាំទីរបស់ព្រៃវែង វីរៈ ដារ៉ា បានជាប់ជាកីឡាករល្អជាងគេប្រចាំការប្រកួត ក្រោយរូបគេបានជួយសង្គ្រោះបាល់បានជាច្រើនគ្រាប់ពីការស៊ុតរបស់កីឡាករវិសាខា។ ជាពិសេស រូបគេ បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ កែវ សុខផេង ក្នុងការស៊ុតប៉េណាល់ទីកាត់សេចក្តី៕