ជាតិ
សង្គមជាតិ
ក្រុមហ៊ុនអ៊ីនធឺណិតចំនួន១៧ ត្រូវលុបចោលនិងព្យួរអាជ្ញាបណ្ណ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ រូបពីក្រសួងប្រៃសណីយ៍
× ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលុបអាជ្ញាបណ្ណពីក្រុមហ៊ុន១៦ និងក្រុមហ៊ុន១ទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ។ ក្រុមហ៊ុនទាំង១៧នោះ សុទ្ធតែជាប្រភេទក្រុមហ៊ុនទូរគមនាគមន៍ ដោយផ្តល់សេវាកម្មផ្នែកអ៊ីនធឺណិត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ ចេញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មូលហេតុ ដែលឈានដល់ការលុបនិងការព្យួរអាជ្ញាបណ្ណ គឺដោយសារតែក្រុមហ៊ុនទាំង១៧នោះ មានភាពអសកម្ម ដូចជា មិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើប្រកាសបង់ចំណូល [ចូលរដ្ឋ] និង មិនបានផ្តល់ឯកសារបច្ចេក ជាដើម។ ក្រសួងប្រៃសណីយ៍ អះអាងថា កន្លងមក មានក្រុមហ៊ុនមួយចំនួន បានគេចវេសមិនបង់ចំណូលចូលរដ្ឋជាច្រើនឆ្នាំ និងមិនមានប្រតិបត្តិការ ខណៈក្រុមហ៊ុនខ្លះទៀត បានលាក់ចំណូលរបស់ខ្លួន។
ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍ បានប្រាប់ក្រុមហ៊ុនទូរគមនាគមន៍ខាងលើ ដែលត្រូវលុបអាជ្ញាបណ្ណ ឲ្យទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃសណីយ៍ និងជំពាក់និយ័តករទូរគមនាគមន៍កម្ពុជា ហើយក៏ត្រូវទូទាត់បំណុលជាមួយរដ្ឋនិងជាមួយឯកជន ព្រមទាំងទូទាត់លើកាតព្វកិច្ចពន្ធដារផងដែរ។ លើសពីនេះ ក្រសួងប្រៃសណីយ៍ ប្រាប់ក្រុមហ៊ុនទាំងនោះ ឲ្យទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និង តតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ា ពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។
ក្រសួងប្រៃសណីយ៍ បន្តថា កន្លងមក ក្រសួង ធ្លាប់ចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ដល់ក្រុមហ៊ុនផ្នែកទូរគមនាគមន៍ទាំងអស់ ឲ្យគោរពតាមច្បាប់ស្តីពីគមនាគមន៍និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។ ប៉ុន្តែ សង្កេតឃើញថា នៅតែមានក្រុមហ៊ុនមួយចំនួន មិនអនុវត្តឬមិនទាន់បានអនុវត្តពេញលេញតាមច្បាប់ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណ។
ក្រសួងប្រៃសណីយ៍ ព្រមានទុកជាមុនថា៖«ក្នុងករណី ប្រតិបត្តិករណា នៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករទាំងនោះ នឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ»៕
-សេចក្តីប្រកាសព័ត៌មាន ស្ដីពី ការលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន - Press Release on License Revocation and Suspension of 17 Telecoms Operators
Posted by ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications on Tuesday, 20 October 2020
Tag:
លុបក្រុមហ៊ុនអ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com