ជាតិ
សេដ្ឋកិច្ច
គម្រោងវិនិយោគបង្កើតរោងចក្រចំនួន៦ អាចផ្តល់ឱកាសការងារប្រមាណ៧០០០កន្លែង
24, Oct 2020 , 7:59 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនចំនួន៦ បង្កើតរោងចក្រ ដើម្បីវិនិយោគអាជីវកម្មរបស់ខ្លួន រួមទាំងបង្កើតឱកាសការងារបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ គម្រោងទាំងនេះអាចផ្តល់ឱកាសការងារបានជិត៧០០០កន្លែង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។



បើតាមក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនឯកជនចំនួនមានដូចជា ក្រុមហ៊ុន LUENTEC TEXTILE SOLUTIONS CO., LTD, ក្រុមហ៊ុន LECROWN SHOES INDUSTRY CO., LTD, ក្រុមហ៊ុន C.F.C GARMENT PTY CO., LTD, ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO,. LTD, ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED, ក្រុមហ៊ុន SUNENERGY TECHNOLOY (CAMBODIA) CO., LTD បានស្នើសុំលើការវិនិយោគរបស់ខ្លួន ហើយរហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតដោយចេញវិញ្ញាបនបត្រចុះបញ្ជីផងដែរ។
 
ក្រុមហ៊ុន LUENTEC TEXTILE SOLUTIONS CO., LTD បានស្នើសុំបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព នៅក្នុងភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៣។ រោងចក្របោកគក់មួយនេះ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ២៦៨កន្លែង។ 
 
សម្រាប់ក្រុមហ៊ុន LECROWN SHOES INDUSTRY CO., LTD បានស្នើសុំចុះបញ្ជី លើការបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រស្បែកជើងមួយនេះ មានទុនវិនិយោគប្រមាណ ២២,៣លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ៤ពាន់កន្លែង។
ចំណែកឯ ក្រុមហ៊ុន C.F.C GARMENT PTY CO., LTD បានស្នើសុំការអនុញ្ញាត សម្រាប់ការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មវៀលស៊ុន អគារB តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រកាត់ដេរមួយនេះ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជិត២ពាន់កន្លែង។
 
រីឯក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO,. LTD បានស្នើសុំការចុះបញ្ជីលើការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព ២៦៥មេហ្កាវ៉ាត់ នៅក្នុងភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រោងចក្រអគ្គិសនីមួយនេះ មានទុកវិនិយោគប្រមាណជិត៣ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន២២០កន្លែង។ 
 
ក្រៅពីនោះ ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED ក៏បានស្នើចុះបញ្ជីផងដែរ លើការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ដែលភ្ជាប់ពីក្រុមហ៊ុនអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ មកទីតាំងរបស់ខ្លួន ក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។ ក្រុមហ៊ុនអគ្គិសនីនេះ មានទុនវិនិយោគប្រមាណ ៦១,៤លានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន៤៩កន្លែង។ 
 
សម្រាប់ក្រុមហ៊ុន SUNENERGY TECHNOLOY (CAMBODIA) CO., LTD បានស្នើសុំការចុះបញ្ជីលើការបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា នៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្របន្ទះសូឡានេះ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង១០០កន្លែងផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com