ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ័យកាន់តែចាស់ អ្នកធាក់ស៊ីក្លូ ប្រឹងចាយកម្លាំងសេសសល់ ដើម្បីគ្រួសារ
24, Oct 2020 , 8:59 pm        
រូបភាព
លោក កែម កេន អង្គុយ​កាន់​ប្រអប់​មីឆាដែលសប្បុរសជនផ្ដល់​ឱ្យ
លោក កែម កេន អង្គុយ​កាន់​ប្រអប់​មីឆាដែលសប្បុរសជនផ្ដល់​ឱ្យ
ភ្នំពេញ៖ អ្នកធាក់ស៊ីក្លូមួយចំនួន មានវ័យលើសពី៧០ឆ្នាំទៅហើយ នៅតែទីពឹងមុខរបរធាក់ស៊ីក្លូ ដើម្បីចិញ្ចឹមជីវិតរួមទាំងគ្រួសារ។ ជីវិតសម្រាន្តលើស៊ីក្លូ នៅក្រោមសំយាបផ្ទះរបស់គេ ក្នុងរាជធានីភ្នំពេញ បានក្លាយទៅជាជីវភាពធម្មតា បើទោះបីជាត្រូវមូសខាំ ភ្លៀងទទឹក ឬក៏ភ័យខ្លាចការយាយីពីក្រុមមនុស្សដើរយប់ក៏ដោយចុះ។ មិនត្អូញត្អែរនឹងជីវិតនេះ អ្នកធាក់ស៊ីក្លូទាំងនោះ យល់ថាការរកប្រាក់ដោយសុច្ចរិត មានតម្លៃសម្រាប់ជីវិតរបស់គាត់។



ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖



 
អង្គុយនៅខាងមុខហាងលក់ទំនិញមួយ នៅជិតផ្សារកណ្ដាល បុរសសម្បុរស្រអែម មានដើមកំណើតលើទឹកដីខ្មែរកម្ពុជាក្រោម លោក វន សាវុង វ័យ៧៣ឆ្នាំ បានប្រកបរបរធាក់ស៊ីក្លូ តាំងពីជាង៣០ឆ្នាំមុន គឺនៅពេលដែលលោកចាកចេញពីស្រុកកំណើត មកដល់រាជធានីភ្នំពេញដំបូង។ ជាង៣០ឆ្នាំមកនេះ លោកត្រូវសម្រាន្តនៅតាមសំយាបផ្ទះរបស់គេ ស្ទើររាល់ថ្ងៃ។ «ខ្ញុំដេកចេះតែរើចុះរើឡើង ឱ្យរត់សរសៃអ៊ីចឹងដែរ។ ធ្វើយ៉ាងម៉េចឥឡូវហ្នឹង ចេះតែទ្រាំទៅ ចាំទៅផ្ទះចាំយើងដេកស្រួល។ អ្នកធាក់ស៊ីក្លូនៅទីនេះ ដូចគ្នាទាំងអស់ហ្នឹង បើដេកនៅខាងក្រោមខ្លាចចោរលួចរបស់របរ។ ខ្ញុំធ្លាប់ចោរវះហោប៉ៅយកប្រាក់ដែរ ប៉ុន្តែឥឡូវហ្នឹងខ្ញុំដាក់កន្លែងសម្ងាត់ហើយ»។ 


  លោក វន សាវុង អង្គុយនៅខាង​មុខហាង​លក់​ទំនិញមួយ​កន្លែង​ជិត​ផ្សារ​កណ្ដាល​នា​ម៉ោង​៧​យប់​

ដូចគ្នាដែរអ្នកធាក់ស៊ីក្លូមួយរូបទៀត គឺលោក លឹម ស្រេង ពាក់អាវពណ៌ស្លែដៃវែង សក់ខ្លី ផ្ទៃមុខជ្រួញ វ័យ៦០ឆ្នាំ ក៏មានស៊ីក្លូជាគ្រែ ហើយសំយាបផ្ទះរបស់គេជាដំបូលផ្ទះដែរ។ «ពេលមេឃភ្លៀងខ្ញុំ ទៅរកមើលសំយាបណាដែលជ្រៅ ចូលអែបមកកៀនជញ្ជាំង។ គ្រាន់តែអែបកៀនជញ្ជាំង មូសខាំបន្តិច។ បើចេញមកវាលបន្តិច មិនសូវមានមូសទេ។ ប៉ុន្តែខ្ញុំស៊ាំអស់ទៅហើយ ជាង២០ឆ្នាំហ្នឹង ដេកតែវាល មូសខាំល្មមៗ លែងដឹងឈឺទៅហើយ។ ខ្ញុំដេកលាតតែម្ដងហ្នឹង»។ 
 
ទឹកមុខញញឹមមិនសូវសម បុរសដែលមានកូនប្រុសតែម្នាក់រូបនេះ មិនចង់ទៅរស់នៅជាមួយកូនឡើយ បើទោះបីជាកូនប្រុសមានផ្ទះត្រឹមត្រូវស្នាក់នៅក៏ដោយ។ រកមួយថ្ងៃសម្រាប់តែមួយថ្ងៃ លោក លឹម ស្រេង ថាគាត់កាន់តែពិបាករកប្រាក់ ចាប់តាំងពីមានជំងឺកូវីដ-១៩។ «ដឹកជិតៗហ្នឹង បើឆ្ងាយក៏គេមិនជិះដែរឥឡូវហ្នឹង។ ដឹកត្រឹមផ្សារចាស់ ផ្សារកណ្ដាល វាលមេន(ព្រះមេរុ) ក្រោយវាំងអីបន្តិចបន្តួចហ្នឹង។ បើឆ្ងាយៗគេជិះកង់បីឥណ្ឌា។ មានថ្ងៃខ្លះ ខ្ញុំខ្វះលុយថ្លៃបាយទៀតហ្នឹងណា។ ខ្លះសល់៣ពាន់ ៤ពាន់ ៥ពាន់ ហើយមានថ្ងៃខ្លះ មិនសល់ទៀតណា។ ទៅហូបបាយគេរាល់ថ្ងៃ។ ថ្ងៃខ្លះជំពាក់គេ ស្អែកឡើងទើបសង។ ប្រាក់ជាប់ខ្លួន៤ម៉ឺន ឬ៥ម៉ឺនអីតែងមានហើយ ប៉ុន្តែមិនហ៊ានចាយ មិនហ៊ានដកហូតទេ ទុកការពារស៊ីក្លូខូច»។ 

 លោក លឹម ស្រេង ឈរ​ជិត​ផ្លូវ​បំបែក​ជា​បួនជិត​ផ្សារកណ្ដាល នាម៉ោង​ជាង​៧​យប់

ចំណែកឯលោក វន សាវុង ដែលមានវ័យកាន់តែចាស់ទៅហើយនោះ អាចដឹកបាន តែមនុស្សដែលចេញចូលផ្សារជិតៗតែប៉ុណ្ណោះ។ លោកមិនអាចដឹកទំនិញធ្ងន់ៗ ដូចក្មេងមានកម្លាំងមាំទាំបានឡើយ។ ដូច្នោះហើយ ប្រាក់ដែលរកបាន ក៏កាន់តែចង្អៀតដែរ។ «ខ្ញុំដឹកតែអ្នកទៅផ្សារ ឯទំនិញធ្ងន់ៗ ដូចជាអង្ករខ្ញុំដឹកអត់បានទេ។ ខ្ញុំមិនមានម៉ូយ ដូចគេអ្នកនៅទីនេះ ដែល៤ ទៅ៥ខែទើបគេទៅស្រុកម្ដងនោះទេ។ ដូចខ្ញុំប្រហែល១០ថ្ងៃ ខ្ញុំទៅមើលផ្ទះម្ដង ព្រោះផ្ទះផ្ញើគេ។ ធាក់ស៊ីក្លូនេះ ស្រួលជាងមុខរបរផ្សេង។ បើមានស្រែភ្លឺខ្ញុំសំងំនៅផ្ទះ ប៉ុន្តែខ្ញុំមិនមានដីស្រែទេ គឺមានតែដីមួយដុំ គ្រាន់សង់ផ្ទះហ្នឹង»។
 
បុរសមុខក្រៀមក្រំ ថ្ងាស់ទូលាយ វន សាវុង ត្រូវខំក្បិតក្បៀតរាល់ការចំណាយចាំបាច់ប្រចាំថ្ងៃ ដ្បិតអី ក្នុងមួយថ្ងៃលោកអាចរកចំណូលបានប្រមាណតែ២ម៉ឺនរៀលប៉ុណ្ណោះ។ ចំនួននេះ ក៏បានមិនទៀងទាត់ដែរ ជួនបានតិចជាងនេះ ហើយជួនក៏បានច្រើនជាងនេះ។ បុរសសម្បុរស្រអែម ពាក់អាវពណ៌ទឹកប៊ិកដៃវែង និងមានបង់កកន្សែងពណ៌ឈាមជ្រូកផងនោះ ខំសន្សំនូវអ្វីដែលលោកអាចសន្សំបាន។ «ចំណែកហូបបាយ១ម៉ឺនរៀលហ្នឹង។ សង្ខេបហើយ៣ពេល។ បាយ១ពាន់រៀល ម្ហូប២ពាន់រៀល ខ្ញុំហូបប៉ុណ្ណឹងល្មមឆ្អែត។ ទឹកខ្ញុំហូបតែទឹកទុយោហ្នឹង។ ខ្ញុំច្រកនៅខាងនោះ គេឱ្យច្រក។ ងូតទឹក មានបន្ទប់ទឹកសាធារណៈ នៅវាលមេរុ។ ខ្ញុំទៅបន្ទោរបង់ ងូតទឹក និងបោកខោអាវ អស់៥០០រៀល»។ 
 
ជាអ្នកធាក់ស៊ីក្លូមួយរូបទៀត គឺលោក កែម កេន ស្ថិតក្នុងវ័យ៧៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏រកប្រាក់មិនសូវបានច្រើនដែរ ពីរបរធាក់ស៊ីក្លូនេះ។ អង្គុយលើបេតុង ក្បែរទូរសព្ទដែលដាក់សាកថ្មចេញពីព្រីភ្លើង នៅខាងក្រៅផ្ទះថ្មលក់ទំនិញមួយកន្លែង ជិតផ្សារកណ្ដាល លោក កែម កេន អះអាងថា ថ្ងៃនេះលោកសល់ប្រាក់តិចតួច ទុកសន្សំ។ «ថ្ងៃនេះ ខ្ញុំសល់មិនបានដល់១ម៉ឺនផងហ្នឹង។ រាល់ថ្ងៃជួននៅសល់ ១ម៉ឺន ឬជាង១ម៉ឺន។ ថ្ងៃណាហេង បាន២ម៉ឺន។ ប៉ុន្តែ២ម៉ឺនហ្នឹង ខ្ញុំយកទៅដោះស្រាយជីវភាព នៅថ្ងៃដែលមិនមានគេជិះស៊ីក្លូ។ អាហារថ្ងៃនេះ ខ្ញុំទិញបាយ១ប្រអប់កន្លះ ទិញត្រីអណ្ដែង ហើយខ្ញុំសុំទឹកត្រីខគេមកដែរ កុំឱ្យអួលបាយ»។ 

  លោក កែម កេន កំពុង​រៀប​ចំ​សម្ភារដាក់​ក្នុង​ស៊ីក្លូ​ នៅ​ពេល​សម្រាក​ពី​ការ​ធាក់​ស៊ីក្លូ នៅ​ម៉ោង​ប្រមាណ​៧​ល្ងាច

បើទោះបីជារកប្រាក់ប្រចាំថ្ងៃ មិនសូវបានច្រើនក៏ពិតមែន ប៉ុន្តែបុរសវ័យចំណាស់ សម្បុរសរូបនេះ មានសំណាងខ្លះ ត្រង់មានប្រាក់មូលនិធិស៊ីក្លូរបស់សម្ដេចនាយករដ្ឋមន្ត្រី។ «ខ្ញុំរត់ស៊ីក្លូមួយខែទៅផ្ទះម្ដង។ សព្វថ្ងៃ ខ្ញុំបានគុណបុណ្យ សម្ដេច លោកជួយ មួយខែ២១ម៉ឺនរៀល ដែលអាចជួយមួយគ្រាដែរ។ ខ្ញុំរត់ស៊ីក្លូបានខ្លះ ហើយបានប្រាក់ឧបត្ថម្ភរបស់សម្ដេចលោកជួយខ្លះ បូកចូលគ្នា មួយខែបានប្រហែល៥០ម៉ឺនរៀលដែរ យកទៅផ្ទះ»។ 
 
ធាក់ស៊ីក្លូជាង៣០ឆ្នាំមកនេះ លោក លឹម ស្រេង បញ្ជាក់ថា លោកមិនដែលហ៊ានដាក់តម្លៃ ឱ្យអ្នកជិះស៊ីក្លូរបស់លោកឡើយ។ ផ្ទុយទៅវិញកម្មករស៊ីក្លូរូបនេះ បន់ស្រន់ឱ្យតែមានអ្នកហៅស៊ីក្លូ របស់លោកជិះទៅបានហើយ។ «អត់ទៀងទេ អ្នកខ្លះគេឱ្យគួរសម។ អ្នកខ្លះ ឱ្យដូចជារាងតឹងតែង។ ទៅដល់ផ្សារកណ្ដាល អ្នកខ្លះឱ្យ១ ៥០០រៀល។ អ្នកខ្លះឱ្យ២ពាន់រៀល ហើយអ្នកខ្លះឱ្យដល់៣ពាន់រៀល។ ខ្ញុំមិនដែលហ៊ានទារគេទេ ឱ្យតែគេសួរ ខ្ញុំតែងនិយាយថា ឱ្យប៉ុន្មានក៏ឱ្យចុះ។ យើងទៅទារគេយ៉ាងម៉េច បន់ឱ្យតែគេហៅជិះ បន់ឱ្យតែគេហៅដឹកឥវ៉ាន់ហ្នឹង។ ប៉ុន្តែមិនមានអ្នកហៅទៀតហ្នឹង ជួនកាល២ម៉ោង មិនទាន់ជួប១ក៏មាន»។
 
អង្គុយនៅជិតស៊ីក្លូរបស់ខ្លួន ក្រោមសំយាបផ្ទះដែលជាហាងលក់ទំនិញមួយ នៅជិតផ្សារកណ្ដាល លោកកែម កេន ដែលមានកូនប្រុសពៅជាជនពិការជើងទាំងសងខាង អះអាងថាលោកនឹងធាក់ស៊ីក្លូ រហូតដល់ថ្លៃលោកអស់កម្លាំងកាយ។ «និយាយឱ្យចំទៅ ទាល់តែវៃក្ដារមឈូសតែម្ដង ទើបឈប់។ បើខ្ញុំនៅតែដើរបាន នៅតែធ្វើបាន ខ្ញុំចេះតែមកហើយ។ បើមិនមានមុខរបរនេះ គ្រួសាររបស់ខ្ញុំ មិនមានអ្វីជាទីពឹងទេ។ កូនរបស់ខ្ញុំកាត់ដេរ បានប្រាក់ខែបន្តិចបន្តួចទេ ហើយណាមួយគ្នាចិញ្ចឹមកូនផង ហើយប្ដីគេរត់Pass App គេដោះស្រាយតែខ្លួនគេទៅ»។ 

 សកម្មភាពលោក វន សាវុង កំពុង​ធាក់​ស៊ីក្លូឆ្ពោះ​ទៅ​កន្លែង​សម្រាន្ត

ដូចគ្នាដែរ លោក វន សាវុង នៅតែប្រឹងប្រែងធាក់ស៊ីក្លូ មិនដឹងថ្ងៃសម្រាក។ «ខ្ញុំមិនដឹងកំណត់យ៉ាងម៉េចទេ ព្រោះខ្ញុំមិនមានមុខរបរអ្វី កាលណាតែធាក់មិនរួចចាំគិតមើលទៀត។ មិនមែនខ្ញុំមិនសង្ឃឹមកូនចិញ្ចឹមវិញទេ។ គ្នាថាឱ្យខ្ញុំឈប់ធាក់ដែរ តែខ្ញុំខំប្រឹងសិនទៅ កម្លាំងនៅមានតិចតួច ចេះតែប្រឹងបានចាយអ៊ីចឹងទៅ។ ឱ្យកូនប្រឹងចិញ្ចឹមចៅរៀន ឱ្យបានជ្រៅជ្រះ ខ្ញុំអរទៅហើយ»។
 
ទោះជាយ៉ាងណា បុរសមានដើមកំណើតនៅកម្ពុជាក្រោម វន សាវុង អាចសន្សំប្រាក់ទិញដី ធ្វើផ្ទះផ្ទាល់ខ្លួនបាន១ នៅក្រុងតាខ្មៅ តាំងពីច្រើនឆ្នាំមុន ដោយសារមុខរបរធាក់ស៊ីក្លូនេះ។ «កាលមុនខ្ញុំជួលផ្ទះគេ បន្តិចដល់ថ្ងៃបង់ផ្ទះជួល ខ្ញុំពិបាកពេកក៏រកដីមួយដុំនៅ ហើយប្រាក់នោះ ខ្ញុំបានពីការធាក់ស៊ីក្លូសុទ្ធ។ ប៉ុន្តែធាក់ស៊ីក្លូនៅទីនេះ (រាជធានីភ្នំពេញ) ខ្ញុំអត់ជួលផ្ទះគេទេ ។ ខ្ញុំដេកតែតាមហ្នឹង (សម្រាន្តក្រោមសំយាមផ្ទះគេ)។ ពេលមានភ្ញៀង ខ្ញុំបាំងកៅស៊ូ។ ឥឡូវមានក្រុមស៊ីក្លូ មកស្នាក់នៅទីនេះច្រើនដែរ បន្តិចទៀតគេមកដែរហើយ។ ខ្ញុំរកមួយថ្ងៃ បានតែ១ម៉ឺន ឬ២ម៉ឺនហ្នឹង។ ខ្ញុំចំណាស់នេះហើយ មិនដូចក្មេងៗទេ ហើយទៅជួលផ្ទះគេទៀត តើបានប្រាក់ពីណា»?

 ស៊ីក្លូរបស់លោក វន សាវុង

អង្គុយមើលទៅដងផ្លូវ ដែលមានឡានម៉ូតូទំនើបៗបើកខ្វាត់ខ្វែង នាម៉ោងប្រមាណ ៧យប់ លោក កែម កេន ដែលអះអាងថា ខ្លួនមានចំណេះដឹងតិច មានក្ដីប្រាថ្នាចង់ឱ្យចៅៗរបស់គាត់រៀនសូត្របានខ្ពង់ខ្ពស់។ «ខ្ញុំមិនចង់ឱ្យចៅរៀន ត្រឹមតែបាក់ឌុបទេ ខ្ញុំចង់ឱ្យរៀនដល់ថ្នាក់បរិញ្ញា ដល់អនុបណ្ឌិត ដល់បណ្ឌិតទៀត។ ខ្ញុំស្រឡាញ់ណាស់ ក្នុងការរៀនសូត្រ អ្នកដែលចេះដឹង ចេះការវិភាគ ចេះរកចំណុចខុសហើយនឹងត្រូវ។ អ្នកដែលគេចេះ ឧត្ដុង្គឧត្ដមណាស់ គេនិយាយអ្វី គឺត្រូវតែម្ដង។ ក្នុងការណែនាំ ក៏គេស្ដាប់បាន។ កូនធ្វើបែបនេះ កូនធ្វើបែបនោះ ប៉ុន្តែកូនដែលមិនសូវចេះ និយាយទៅដូចចាក់ទឹក លើក្បាលទាអ៊ីចឹង។ ចង់ឱ្យបានមានតម្រិះទៅ គឺអាចរកការងារណាល្អៗធ្វើទៅ»។
 
មិនមែនមានតែអ្នកធាក់ស៊ីក្លូ៣រូបនេះប៉ុណ្ណោះទេ ដែលត្រូវសម្រាន្តនៅតាមសំយាបផ្ទះរបស់គេ និងត្រូវខំចាយក្បិតក្បៀតរាល់ថ្ងៃ ប៉ុន្តែមានអ្នកធាក់ស៊ីក្លូច្រើននាក់ទៀត ក៏ជួបសភាពបែបនេះដែរ ព្រោះតែការរកចំណូលមិនសូវបាន៕
 
 

Tag:
 ស៊ីក្លូ
  មុខរបរ
  ចាស់
  គ្រួសារ
  ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com