កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ប្រារព្ធខួប៨០ឆ្នាំ
24, Oct 2020 , 9:29 pm        
រូបភាព
លោក Pele នាព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់។ រូបថត AFP
លោក Pele នាព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់។ រូបថត AFP
ដោយ: រួបរួម
លោក Pele ដែលត្រូវបានចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតប្រចាំសតវត្សរ៍ទី២០ បានប្រារព្ធខួបឈានដល់អាយុ៨០ឆ្នាំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួននៅប្រទេសប្រេស៊ីល ដោយសារតែវិបត្តិកូវីដ-១៩។ អតីតស្តេចបាល់ទាត់រូបនេះ មានបញ្ហាសុខភាពជាច្រើន ប៉ុន្តែវាមិនបានប៉ះពាល់ដល់សតិស្មារតីរបស់លោកនោះឡើយ។

 
 
«ខ្ញុំសុខសប្បាយជាធម្មតា ដោយគ្រាន់តែខ្ញុំមិនអាចលេងបាល់ទាត់បានតែប៉ុណ្ណោះ»។ លោក Pele និយាយបែបកំប្លែងនាជំនួបតាមវីដេអូជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល កាលពីដើមសប្តាហ៍កន្លងមក។
 
លោកបានលើកឡើងថា៖«ពេលនេះ ខ្ញុំមានអាយុ៨០ឆ្នាំហើយ។ ខ្ញុំត្រូវអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានសុខភាពដ៏មាំមួនដល់ខ្ញុំ បើទោះបីជាមិនឥតខ្ចោះក៏ដោយ។ តាម Instagram លោកបានអរគុណដល់ប្រទេសប្រេស៊ីល ពលរដ្ឋប្រេស៊ីល និងអ្នកគាំទ្របាល់ទាត់ទាំងអស់ផងដែរ។
 
លោក Pele ជាបុរសបាល់ទាត់ដ៏ជោគជ័យបំផុតដែលបានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក (World Cup) ដល់ទៅ៣លើកគឺក្នុងឆ្នាំ១៩៥៨ ឆ្នាំ១៩៦២ និងឆ្នាំ១៩៧០។ លោកជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness World Record) ដោយបានស៊ុតបាល់បញ្ចូលទី១២៧៩គ្រាប់ក្នុងការប្រកួត១៣៦៣លើក។ លោកត្រូវបានគណៈកម្មាធិការអូឡាំពិក ជ្រើសរើសជាអត្តពលិកឆ្នើមជាងគេបំផុត (Athlete of the Century)។
 
កើតនៅតំបន់ក្រីក្រមួយនៅប្រេស៊ីល លោក Pele ដែលមានឈ្មោះដើមថា Edson Arantes do Nascimento បានចាប់ផ្តើមលេងបាល់ក្នុងអាយុ១៥ឆ្នាំ ហើយមួយឆ្នាំក្រោយមក មានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដែលចាប់ផ្តើមពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧១។
 
នៅក្នុងក្លិបអាជីព លោកបានចាប់ផ្តើមក្នុងក្រុមយុវជន Bauru Atletico Clube នៅ Sao Paulo ពីឆ្នាំ១៩៥៣ ដល់១៩៥៦ ហើយបន្តចូលឈុតធំ Santos ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤ និងក្លិប New York Cosmos ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧៕
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com