ជាតិ
ទោះបីផ្អាកប្រារព្ធពិធីបុណ្យអុំទូក ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកធម្មតា
24, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពិធីប្រណាំងទូក«ង»ខ្នាតអន្តរជាតិនៅមុខបរមរាជវាំងត្រូវបានផ្អាកប្រារព្ធនៅឆ្នាំនេះ។ ប៉ុន្តែការប្រណាំងទូក«ង»ខ្នាត នៅតាមបណ្តាស្រុកក្នុងខេត្តនីមួយៗរាជរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យប្រារព្ធតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃខាងមុខនេះ មន្ត្រីរាជការ និយោជិក កម្មករ និងពលរដ្ឋអាចឈប់សម្រាកតាមធម្មតា។

 
លោក ប៊ូ ជុំសេរី ប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺដើម្បីការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។  លោក បញ្ជាក់ថា នាថ្ងៃបុណ្យអុំទូករយៈពេល៣ថ្ងៃនោះគ្រប់ មន្ត្រី និយោជិក កម្មករ និងពលរដ្ឋអាចឈប់សម្រាក អាចប្រារព្ធប្រពៃណីសែនព្រេន និងអកបំបុកតាមធម្មតាផងដែរ។ 
 
«គ្រាន់តែប្រាប់ឲ្យផ្អាកពិធីបុណ្យអុំទូក។ ប៉ុន្តែអត់ទាន់មានការណែនាំឲ្យពួកគាត់មិនអាចឈប់សម្រាកអីទេ។ គឺគាត់អាចឈប់សម្រាកតាមធម្មតាដូចនឹងរាល់ឆ្នាំមុនៗដែរ។ យើងនៅតែអនុញ្ញាតឲ្យប្រារព្ធប្រពៃណីអកអំបុក តាមធម្មតាផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក ប៊ូ ជុំសេរី។ 
 
បើតាមលោក ប៊ូ ជុំសេរី នៅតាមបណ្តាស្រុក ឃុំ ក្នុងខេត្តនីមួយៗ អាចនឹងប្រារព្ធពិធីប្រណាំងទូកខ្នាតតូចបានទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ លោក បានរៀបរាប់ដូច្នេះថា៖«ការអុំទូកនៅតាមខេត្តគឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តមើលថាមានហានិភ័យ ឬគ្មានហានិភ័យអីអ៊ីចឹង គាត់ជាអ្នកសម្រេច។ ពីព្រោះនៅក្នុងប្រឹក្សារបស់រាជរដ្ឋាភិបាលដែលបានដាក់មកក៏មិនបានបញ្ជាក់ថា មិនឲ្យធ្វើនៅតាមខេត្តទេ»។
 
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៕
 
 
 

Tag:
 បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com