ជាតិ
៩ខែកន្លងមក បទល្មើសធនធានធម្មជាតិមានភាគច្រើននៅមណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងរតនគិរី
25, Oct 2020 , 7:59 am        
រូបភាព
សកម្មភាពមន្រ្តីឧទ្យានុរក្សចុះបង្ក្រាបបទល្មើសព្រៃឈើ (រូបភាព៖ នេត្រ ភក្រ្តា)
សកម្មភាពមន្រ្តីឧទ្យានុរក្សចុះបង្ក្រាបបទល្មើសព្រៃឈើ (រូបភាព៖ នេត្រ ភក្រ្តា)
ដោយ:
បទល្មើសធនធានធម្មជាតិ ជិត៦ ៦០០ករណី ត្រូវបានបង្ក្រាប នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ។ នេះបើតាម លោក នេត្រ ភក្រ្តា អ្នកនាំក្រសួងបរិស្ថាន ប្រាប់ ThmeyThmey25។ តាមអ្នកនាំពាក្យដដែល ក្នុងប្រតិបត្តិការបង្ក្រាបទាំងនោះ ក្រសួងបរិស្ថានរឹបអូសបានរថយន្តចំនួន ១៥០គ្រឿង, ត្រាក់ទ័រចំនួន ៨៦គ្រឿង, គោយន្តកន្ត្រៃចំនួន ៨៦៨គ្រឿង, ម៉ូតូ ៥៣៣គ្រឿង,រណារយន្ត ចំនួន ៣ ៥១៨គ្រឿង, អន្ទាក់ជិត ៣ម៉ឺនម៉ែត្រ កាំភ្លើងកែច្នៃ ៦៣៧ដើម និងឈើចំនួន ២ ៦២០ម៉ែត្រគូប។

 
 
រយៈពេល ៩ខែ ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ៦ ៥៩៧ករណី ក្នុងនោះខេត្តមណ្ឌលគិរីមានច្រើនជាងគេ  បន្ទាប់មកគឺខេត្តព្រះវិហារ កំពង់ធំ និងរតនគិរី។ នេះបើតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានThmeyThmey25 ។ 
 
បើតាមអ្នកនាំពាក្យដដែល ក្នុងប្រតិបត្តិការបង្ក្រាបក្នុងរយៈពេល ៩ខែនេះ ក្រសួងបរិស្ថានបានរឹបអូសបានរណារយន្តចំនួន ៣ ៥១៨គ្រឿង, អន្ទាក់ជិត ៣ម៉ឺនម៉ែត្រ កាំភ្លើងកែច្នៃ ៦៣៧ដើម និងឈើចំនួន ២ ៦២០ម៉ែត្រគូប។ ក្រៅពីនេះមានយានយន្តល្មើសជាង១,៥០០គ្រឿង ត្រូវបានរឹបអូស ក្នុងនោះមានរថយន្តចំនួន ១៥០គ្រឿង, ត្រាក់ទ័រចំនួន ៨៦គ្រឿង, គោយន្តកន្ត្រៃចំនួន ៨៦៨គ្រឿង ,ម៉ូតូ ៥៣៣គ្រឿង។ លោក នេត្រ ភក្រ្តា អ្នកនាំក្រសួងបរិស្ថាន ប្រាប់ ThmeyThmey25 ដូច្នេះ រួចបន្តបញ្ជាក់ថា បានអប់រំណែនាំពលរដ្ឋដែលប្រព្រឹត្តល្មើស ២៦២ ករណី។
 
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន បទល្មើសដែលមន្ត្រីឧទ្យានុរក្សបង្ក្រាបបានច្រើនជាងគេ មានការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីខុសច្បាប់ ក្នុងនោះបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងខេត្តមណ្ឌលគិរី ច្រើនជាងគេ គឺមាន ១ ៥២៨ករណី ក្នុងចំណោមបទល្មើសជិត ៦ ៦០០ករណី។
 
កត្តាដែលជំរុញឲ្យមានបទល្មើសធនធានធម្មជាតិ គឺកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលធ្លាប់អាស្រ័យលើផល និងអនុផលព្រៃឈើ គួបផ្សំមានការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចតិត ក៏ដូចជាមន្រ្តីឧទ្យានុរក្សមួយចំនួន ដែលឈរជើងនៅតំបន់នោះ។  នេះបើតាមលោក នេត្រ ភក្ត្រា។
 
កន្លងមកអ្នកនាំពាក្យរូបនេះ ក៏ធ្លាប់អះអាងថា គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស បានដាក់ដេញថ្លៃរថយន្ត និងឈើដែលរឹបអូសពីបទល្មើសចធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០១៦-២០១៧បាន ចំនួន៣លើកមកហើយ។ ថវិកាដែលប្រមូលបាន ពីការដេញថ្លៃររថយន្តចំនួន៥០០គ្រឿង និងឈើជាច្រើនម៉ែត្រគូប ដែលអាជ្ញាធរបានរឹបអូសបាននោះ ត្រូវបាន រដ្ឋាភិបាល ប្រគល់ជូនទៅក្រសួងអប់រំ សម្រាប់កសាង និងអភិវឌ្ឍសាលារៀន។ នេះបើតាមលោក នេត្រ ភក្ត្រា៕ 
 
 
 

Tag:
 បរិស្ថាន
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com