ជាតិ
ពលរដ្ឋជាង៥៣ម៉ឺននាក់ហើយដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះស្លាប់៣៩នាក់
24, Oct 2020 , 4:10 pm        
រូបភាព
គិតត្រឹមថ្ងៃទី ២៣ ខែតុលា មានពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៥៣៥,១៧៦នាក់ ខណៈមានអ្នកស្លាប់៣៩នាក់។ ក្នុងចំណោមពលរដ្ឋជាង៥៣ម៉ឺននាក់នោះ មានជាង៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។

 
បើតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ ខេត្ត-រាជធានី២០ ដោយមានពលរដ្ឋរងគ្រោះជាង ១៣ម៉ឺនគ្រួសារ ស្នើនឹងជាង៥៣ម៉ឺននាក់។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ផ្ទះជាង១១ម៉ឺនខ្នងបានរងប៉ះពាល់ និងមានសាលារៀន៩២៤កន្លែង ,ផ្លូវជាតិ-ខេត្ត ផ្លូវគ្រួសក្រហមប្រមាណ ៥៤៧គីឡូម៉ែត្រ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។ រីឯ ដំណាំស្រូវជាង ២៦ម៉ឺនហិកតា និងដំណាំរួមផ្សំ ជាង៨ម៉ឺនហិកតា ត្រូវបានជន់លិចដោយគ្រោះធម្មជាតិដែរ។ 
 
រាជធានី-ខេត្ត២០ ដែលបានរងការប៉ះពាល់ដោយទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង់ បន្ទាយមានជ័យ ប៉ៃលិន កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម៕ 
 
 

Tag:
 ទឹកជំនន់
 រងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com