ជាតិ
ត្នោតជាង៦ពាន់ដើមត្រូវបានដាំលម្អនៅបរិវេណរមណីយដ្ឋានអង្គរនា៤ឆ្នាំចុងក្រោយនេះ
× ភ្នំពេញ៖ ដើមត្នោតចំនួន៧៣០ដើម ត្រូវបានក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាយកមកដាក់ដាំបន្ថែមទៀត នៅតាមទំនប់បុរាណ ក្នុងបរិវេណនៃរមណីយដ្ឋានអង្គរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
រយៈពេល៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៦ពាន់ដើម រួចមកហើយ នៅតាមទីតាំងនានាក្នុងបរិវេណនៃរមណីយដ្ឋានអង្គរ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានបង្កើនការដាំដើមត្នោតក្នុងបរិវេណនៃរមណីយដ្ឋានអង្គរផងដែរ គឺនៅត្រង់ចំណុចទំនប់អមប្រឡាយបុរាណ ដែលស្ថិតនៅភូមិលាងដៃ ឃុំលាងដៃ ក្នុងស្រុកអង្គរធំ។
ក្រៅតែពីការដាំដើមត្នោត នៅតាមទំនប់អមប្រឡាយបុរាណនេះផងដែរ ក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏ដាំដើមស្មៅ និងអំពិលនៅទីកន្លែងនោះបន្ថែមទៀតផងដែរ។ ហើយប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់នោះ ក៏អាចអាស្រ័យផលដំណាំទាំងនោះបានផងដែរ។
រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា
ក្នុងអំឡុងពេលនៃការដាំដុះ និងលូតលាស់របស់រុក្ខជាតិទាំងនេះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំប្រលែងសត្វចិញ្ចឹមរបស់ខ្លួនចូលក្នុងបរិវេណនៃការដាំដុះ ដូចជាសត្វគោ ក្របីជាដើម។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្នក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងកែលំអរឡើងវិញនៅបរិវេណមុខប្រាសាទអង្គរវត្ត ដោយកសាងផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងបរិវេណរមណីយដ្ឋានអង្គរ អមដោយសួនច្បារផងដែរ៕
Tag:
ដើមត្នោត
រមណីយដ្ឋានអង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com