កីឡាជាតិ
ជាតិ
ថ្ងៃប្រកួតកាត់ក្តី! ជើងឯកលីគបានលើបឹងកេត ឬព្រះខ័នរាជស្វាយរៀងអាចឆក់ឱកាសដ៏ស្តួចស្តើង?
25, Oct 2020 , 2:02 pm        
រូបភាព
លោក គឹម ភក្តី ត្រូវដឹកនាំបឹងកេតទតល់ភ្នំពេញក្រោន រីឯលោក Nestor Conor នាំព្រះខ័នរាជស្វាយរៀងស្វាគមន៍ណាហ្គាវើលដ៍។ រូបថត CNCC
លោក គឹម ភក្តី ត្រូវដឹកនាំបឹងកេតទតល់ភ្នំពេញក្រោន រីឯលោក Nestor Conor នាំព្រះខ័នរាជស្វាយរៀងស្វាគមន៍ណាហ្គាវើលដ៍។ រូបថត CNCC
ដោយ: ថ្មីៗ
ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា នេះ ដោយត្រូវកំណត់វាសនារវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង ខណៈពួកគេមានការប្រកួតជាមួយក្រុមខ្លាំងផ្សេងទៀតរៀងៗខ្លួននាវេលាម៉ោង៦ល្ងាច។ បឹងកេត មានប្រៀបពីរពិន្ទុលើព្រះខ័នរាជស្វាយរៀង។

 
បឹងកេត ដែលមាន៤០ពិន្ទុ ត្រូវប្រកួតនៅទឹកដី Smart RSN ដោយរំពឹងដណ្តើមបានពានលើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានឹងមានផលលំបាកខ្លាំង ដោយសារភ្នំពេញក្រោន ត្រូវការបញ្ចប់រដូវកាលជាមួយនឹងជ័យជម្នះ បន្ទាប់ពីបានធ្លាក់ចេញពីពានរង្វាន់សម្តេច ហ៊ុន សែន។
 
លទ្ធផលយ៉ាងណាក៏ដោយ ភ្នំពេញក្រោន នៅតែរក្សាបាននូវចំណាត់ថ្នាក់លេខ៤ ដោយមាន២៥ពិន្ទុ ក្រោយការប្រកួតជម្រុះរវាងក្រុម Top 6 នៅជើងទី២។ សម្រាប់បឹងកេតវិញ ពួកគេក៏មិនត្រូវភ្លាត់ស្នៀតចាញ់នោះដែរ ខណៈលទ្ធផលត្រឹមស្មើ អាចឲ្យក្រុមលោក គឹម ភក្តី លើកពានបាន បើទោះបីជាលទ្ធផលរវាងក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ ទៅជាបែបណាក៏ដោយ។
 
កាលពីជើងទី១ បឹងកេតឈ្នះភ្នំពេញក្រោន ៣-១ នៅទឹកដីខេមបូឌាអ៊ែវ៉េរបស់ខ្លួន។ ក្រៅពីមានប្រៀបលើព្រះខ័នរាជស្វាយរៀងពីរពិន្ទុ បឹងកេតក៏មានប្រៀបលើរូបមន្ត Head to Head ផងដែរ។
 
រីឯជំនួបនៅកីឡដ្ឋានស្វាយរៀងវិញ ក្រុមម្ចាស់ផ្ទះ ត្រូវប្រឹងយកឈ្នះណាហ្គាវើលដ៍ ប៉ុន្តែត្រូវរង់ចាំលទ្ធផលចប់ពេញម៉ោងរវាងបឹងកេត និងភ្នំពេញក្រោន។ ព្រះខ័នរាជស្វាយរៀង មាន៣៨ពិន្ទុ ដោយចាញ់ប្រៀបបឹងកេត២ពិន្ទុ ។
 
សម្រាប់ណាហ្គាវើលដ៍ ពួកគេមានកាតាព្វកិច្ចដណ្តើមយកតំណែងលេខ៤ ប៉ុន្តែជម្រើសកីឡាកររបស់លោក មាស ចាន់ណា អាចមានការប្រែប្រួលដោយសារតែឈុតកីឡាករខ្មែរ ត្រូវត្រៀមខ្លួនប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ ជាមួយវិសាខា។
 
រីឯជំនួប១គូទៀត វិសាខាដែលមាន២៥ពិន្ទុស្មើណាហ្គាវើលដ៍ ត្រូវប្រកួតបិទរដូវកាលជាមួយកងយោធពលខេមរភូមិន្ទ ដែលមាន២៤ពិន្ទុ។ 
 
រីឯក្រុម៧ផ្សេងទៀត ដែលនៅក្រៅតំបន់ Top 6 អង្គរថាយហ្គឺរ ឈរលើគេ ពោលគឺស្ថិតនៅចំណាត់ថ្នាក់លេខ៧ ដោយនាំមុខ គិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត អគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ ខណៈយុវជនបាល់ទាត់បាទី ត្រូវធ្លាក់ចេញ៕
 

Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com