ជាតិ
រដ្ឋបាលជលផលរៀបចំសេចក្តីព្រាងច្បាប់«ហាមប្រើប្រាស់មងក្នុងដែនអភិរក្សសត្វផ្សោត»
25, Oct 2020 , 8:29 pm        
រូបភាព
រូបភាព៖ WWF
រូបភាព៖ WWF
ដោយ:
រដ្ឋបាលជលផល កំពុងសិក្សារៀបចំច្បាប់មួយស្ដីពី«ការហាមពលរដ្ឋប្រើប្រាស់មង ជាឧបករណ៍នេសាទ ក្នុងដែនអភិរក្សសត្វផ្សោត»ដើម្បីទប់ស្កាត់ ការថយចុះនៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គ។  ក្នុងឆ្នាំ២០២០នេះ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ស្មានថានៅសេសសល់តែ៨៩ក្បាលប៉ុណ្ណោះ។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល ដែលលោកបានបន្តថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវដាក់ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ពិនិត្យនៅចុងឆ្នាំ២០២០នេះ។

 
ដើម្បីទប់ស្កាត់ ការថយចុះនៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គ រដ្ឋបាលជលផល កំពុង រៀបចំសេចក្តីព្រាងច្បាប់មួយស្ដីពី «ការហាមពលរដ្ឋប្រើប្រាស់មង ជាឧបករណ៍នេសាទ ក្នុងដែនអភិរក្សសត្វផ្សោត»។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ដែលបានថ្លែងកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃ២២តុលា។  


 កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នាថ្ងៃទី ២២ តុលា នៅរដ្ឋបាលជលផល

បើតាមលោក អ៊ុក វិបុល សេចក្តីព្រាងច្បាប់ថ្មីនេះ ហាមពលរដ្ឋប្រើប្រាស់មងជាឧបករណ៍នេសាទ សម្រាប់តែនៅក្នុងដែនអភិរក្សសត្វផ្សោតប៉ុណ្ណោះ និងត្រូវកំណត់ការប្រើក្រឡាមង មិនឲ្យលើសពី ១,៥សង់ទីម៉ែត្រ។   សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនៅចុងឆ្នាំ២០២០នេះ។ នេះបើតាមលោក អ៊ុក វិបុល ដែលលោកបន្តពន្យល់ថា៖«វាពិបាកបន្តិច ក្នុងការផ្លាស់ប្ដូរទម្លាប់ នៃការរស់របស់ពលរដ្ឋ តែយើងនឹងព្យាយាម។ វាមិនមានផលប៉ះពាល់នោះទេ ដល់ជីវភាពពលរដ្ឋនៅតំបន់នោះ ព្រោះជាតំបន់ទេសចរណ៍។ អ៊ីចឹងពលរដ្ឋ អាចប្រកបរបរផ្សេងបាន»។
 
នាកិច្ចប្រជុំ ផ្សព្វផ្សាយពីស្ថានភាពសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃ២២តុលា ប្រធាននាយកដ្ឋានអភិរក្សជលផល ក៏រំឭកដែរថា នៅក្នុងឆ្នាំ២០២០នេះ សត្វផ្សោតទន្លេមេគង្គ ត្រូវគេប៉ាន់ស្មានថា នៅសេសសល់តែ ៨៩ក្បាលប៉ុណ្ណោះ។ 
 
កត្តាមួយចំនួនដែលធ្វើឲ្យចំនួនផ្សោតមានការថយចុះ រួមមានការប្រើថ្មស្អុយភ្ជាប់ជាមួយមង ការប្រើប្រាស់ទូកម៉ាស៊ីន ដែលបំពងសំឡេងរំខានដល់សត្វផ្សោត ការកើនឡើងនៃការនេសាទខុសច្បាប់ និងបម្រែបម្រួលនីវ៉ូទឹកទន្លេជាដើម។ នេះបើតាមការលើកឡើងរបស់លោក អ៊ុក វិបុល ដែលបានបន្តថា៖«ការងារសំខាន់ ដើម្បីទប់ស្កាត់ការថយចុះនៃកូនផ្សោត គឺត្រូវរឹតបន្តឹងការនេសាទ ជាពិសេស គឺការប្រើប្រាស់មងរបស់ប្រជានេសាទ ដែលជាហានិភ័យដល់សត្វផ្សោត»។
 
 លោកថាអាយុកាលនៃសត្វផ្សោតអាចមានអាយុត្រឹម៤០ឆ្នាំ។ ដោយឡែកជាង៩៥ភាគរយនៃសត្វផ្សោតដែលស្លាប់ គឺជាកូនផ្សោតមានអាយុក្រោម៧ឆ្នាំ និងមេផ្សោតដែលមានអាយុចាស់ ដោយសារការជាប់មង។ 
 
លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសស្តីពី«ការសិក្សាលើចំនួនសត្វផ្សោតទន្លេមេគង្គកម្ពុជា» ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ អ្នកជំនាញបានប្រមូលមង ប្រមាណ ២២ម៉ឺនម៉ែត្រ ក្នុងដែនអភិរក្សសត្វផ្សោត និងមានមនុស្ស ១៣នាក់ ដែលត្រូវបញ្ជូនទៅតុលាពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ក្នុងដែនអភិរក្សសត្វផ្សោត។  សម្រាប់លោក សេង ទៀក ទាំងនេះ ក៏បានចូលរួមចំណែកធ្វើឲ្យចំនួនកូនផ្សោត និងសត្វផ្សោតបានបាត់បង់ជីវិតដែរ ហើយការបង្កើតច្បាប់ហាមឃាត់ការដាក់មងនេះ គឺជារឿងដែលចាំបាច់ ដើម្បីបង្កើនចំនួនសត្វផ្សោតទន្លេមេគង្គមនៅក្នុងប្រទេសកម្ពុជា។
 
តាមការប៉ាន់ស្មាន នៅក្នុងឆ្នាំ២០២០ សត្វផ្សោតទន្លេមេគង្គមានចំនួន ៨៩ក្បាល ថយចុះចំនួន៣ក្បាល បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួនសត្វផ្សោតចំនួន ៩២ក្បាល៕  
 

Tag:
 ផ្សោត
 ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com