ជាតិ
ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ
26, Oct 2020 , 8:59 am        
រូបភាព
ដោយ:
រមណីយដ្ឋានទេសចរណ៍ប្រាសាទភ្នំដា ជាទីទេសចរណ៍ដែលមានភាពទាក់ទាញ ទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិ។ ទេសចរអាចសម្រាកមើលទេសភាពជុំវិញភ្នំ និងសិក្សារស្រាវជ្រាវពីប្រាសាទដ៏ចំណាស់មួយនេះ។ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។



ប្រាសាទភ្នំដា កសាងឡើងលើភ្នំដា មានកម្ពស់៤០ម៉ែត្រ។ ប្រាសាទនេះ កសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ។ ប្រាសាទនេះពុំមានជណ្តើរទេ មានទ្វារ៣ជាទ្វារបញ្ឆោត និងទ្វារ១ ជាទ្វាពិតនៅជញ្ជាំងខាងជើង។ ជញ្ជាំងប្រាសាទមួយនេះ ក្រាស់ខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដា ពុំមានរបង (កំពែង) ព័ទ្ធជុំវិញនោះទេ។ ប្រាសាទដ៏ចំណាស់មួយនេះ កសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នេះបើតាមគេហទំព័ររដ្ឋបាលខេត្តតាកែវ។


 
តាមប្រភពដដែលបានឲ្យដឹងថា ប្រាសាទមួយនេះ មិនត្រឹមតែមានប្រវត្តិសាស្ត្រគួរឲ្យទាក់ទាញ ថែមទាំងមានអំណោយផលពីធម្មជាតិ ដែលទេសចរអាចគយគន់ផ្ទៃទឹក យ៉ាងធំល្វឹងល្វើយនៅជុំវិញភ្នំ នៅរដូវវស្សា។ ចំណែកក្នុងរដូវប្រាំង ផ្ទៃទឹកទាំងនោះប្រែក្លាយជាវាលស្រែខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក។ ទេសចរ ដែលទៅកម្សាន្តនៅប្រាសាទភ្នំដា អាចគយគន់សម្រស់ធម្មជាតិ សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងជាពិសេសអាចភ្លក់រសជាតិអាហារតំបន់ដ៏ឈ្ងុយឆ្ងាញ់ នៅទីនោះផងដែរ។


 
ដើម្បីទៅដល់ប្រាសាទភ្នំដា ទេសចរអាចធ្វើដំណើរ ដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក ដោយឡែកបើតាមផ្លូវទឹកទេសចរ អាចធ្វើដំណើរដោយទូក និងអូប័រ។ ប្រាសាទភ្នំដា មានចម្ងាយផ្លូវ២៥គីឡូម៉ែត្រ តាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។


 

Tag:
 ប្រាសាទភ្នំដា
  តាកែវ
  ទេសចរណ៍
 
© រក្សាសិទ្ធិដោយ thmeythmey.com