ជាតិ
ផុតពីសូដែល តំបន់ជាច្រើននៅកម្ពុជានឹងរងឥទ្ធិពលព្យុះម៉ូឡាវ នៅថ្ងៃទី២៨-២៩ ខែតុលា
25, Oct 2020 , 3:07 pm        
រូបភាព
រយៈពេល២ថ្ងៃទី គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២០ បណ្ដាលខេត្តមួយចំនួននៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់ច្រើន រួមទាំងខ្យល់បក់ខ្លាំង។ នេះជាឥទ្ធិពលដែលកម្ពុជាទទួលរងពីព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដែលបណ្ដាពីវិសម្ពាធក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ តុលានេះ។

 
 
វិសម្ពាធដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ហើយឆ្លងចូលប្រទេសហ្វីលីពីន សមុទ្រចិនខាងត្បូង និងចូលមកដល់ត្រង់ចំណុចក្វាងងៃ (Quang Ngai) ប្រទេសវៀតណាម ដែលកៀកនឹងប្រទេសកម្ពុជា។ 
 
ឥទ្ធិពលព្យុះទី១៨ នេះ នឹងបង្កឲ្យបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែកកម្ពុជា ដូចជាខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់ច្រើនគួបផ្សំនឹងខ្យល់បក់ខ្លាំងផងដែរ។ ចំណែកឯ បណ្ដាខេត្តមួយចំនួនផ្សេងទៀត ដូចជាខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបង ដែលជាតំបន់វាលទំនាបនោះ ក៏មានភ្លៀងធ្លាក់ច្រើនផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកដដែល។
 
ក្នុងនោះក្រសួង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ដែលនឹងប្រឈម ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងគ្រោះនានាដែលកើតឡើងជាយថាហេតុ។ ក្រៅពីនោះ សូមក្រសួង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នពលរដ្ឋរបស់ខ្លួន និងត្រូវយកចិត្តទុកតាមដានពីស្ថានភាពបាតុភូតធម្មជាតិនេះ ដើម្បីទប់ស្កាត់បានទាន់ពេលវេលា៕
 
 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com