អន្តរជាតិ
លោកស្រី យីងឡាក់៖ ព្រឹត្តិការណ៍នៅថៃបច្ចុប្បន្នអាចឲ្យលោកប្រាយុទ្ធ យល់ពីស្ថានភាពលោកស្រីកាលពី៦ឆ្នាំមុន
26, Oct 2020 , 8:29 am        
រូបភាព
ដោយ:
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ថ្មីៗនេះ បានបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពប្រទេសថៃ ដែលកំពុងតែមានចលនាបាតុកម្មទាមទារឲ្យមានកំណែទម្រង់ប្រទេសទ្រង់ទ្រាយធំមួយ និងជាពិសេសនោះ ទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងតែម្តង។ លោកស្រី អះអាងថា ស្ថានភាពនេះ ក៏មិនខុសពី៦ឆ្នាំមុន នៅពេលដែលលោកស្រី កាន់អំណាចនោះទេ។

 
ក្រោយពីនិរទេសខ្លួនពីប្រទេសថៃរស់នៅបរទេសចាប់ពីឆ្នាំ២០១៧មក អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ កម្រនឹងធ្វើអត្ថាធិប្បាយផ្សេងៗពាក់ព័ន្ធនឹងនយោបាយថៃណាស់។ នេះ ក៏ទំនងដោយសារតែលោកស្រី ឆ្អែតឆ្អន់នឹងប្រព័ន្ធនយោបាយ ដែលមានបំណងបំបាត់អ្នកនយោបាយវង្សត្រកូល ស៊ីនណាវ៉ាត់ ពីនយោបាយថៃ ក៏ថាបាន។
 
ក៏ប៉ុន្តែថ្មីៗនេះ ស្របពេលរាជាណាចក្រថៃ កើតមានព្រឹត្តិការណ៍ផ្ទុះការតវ៉ាជាថ្មី អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃរូបនេះ បានរម្លឹក និងទាញការចាប់អារម្មណ៍តាមរយៈបណ្តាញសង្គម Facebook អំពីអារម្មណ៍ និងការទទួលខុសត្រូវរបស់លោកស្រី នៅពេលដឹកនាំប្រទេស ក្រោមរូបភាពជាប់គាំងនយោបាយ ដោយសារតែចលនាតវ៉ាកើតឡើងទូទាំងប្រទេស បង្កឡើងដោយក្រុមអ្នកគាំទ្របក្សប្រឆាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។ 
 
ក្នុងសំណេរតាមបណ្តាញសង្គមនោះ លោកស្រី បានលើកឡើងថា លោកស្រី មិនច្បាស់ថាគ្រប់គ្នានៅចាំព្រឹត្តិការណ៍នោះទេ។ គឺព្រឹត្តិការណ៍កាលពី៦ឆ្នាំមុន មានក្រុមមនុស្សមួយក្រុម បានអះអាងខ្លួនថាជាគណៈកម្មាការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជនថៃ ហើយបានទាមទារឲ្យលោកស្រីចុះចេញពីតំណែង។ លោកស្រី បន្តថា នៅពេលនោះដែរ មេទ័ពថៃ គឺប្រាយុទ្ធ ចន្ទ អូចា ក៏បានសួរលោកស្រីផងថា លោកស្រី អាចបន្តដឹកនាំប្រទេសបានទៀតឬយ៉ាងណា។ 
 
ជាដំណោះស្រាយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ថៃផងដែរនោះ គឺអតីតនាយករដ្ឋមន្ត្រីរូបនេះ បានសម្រេចចិត្តប្រកាសរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតថ្មីមួយ ជាការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចកំណត់ជោគវាសនារបស់ប្រទេស តាមគោលការណ៍ប្រជាធិបតេយ្យ។ 
 
ប្រាំមួយឆ្នាំក្រោយ ពោលគឺស្ថានភាពបច្ចុប្បន្នរបស់ថៃ លោកស្រី អះអាងថា ព្រឹត្តិការណ៍ដដែលបានកើតឡើងទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ។ សិស្សនិស្សិត និងពលរដ្ឋក្មេងចាស់ បានបង្ហាញជំហរទាមទារចង់ឃើញការផ្លាស់ប្តូរប្រទេស ដោយពួកគេបានទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចលនានេះ លោកស្រី អះអាងថា កំពុងតែតាមដានយ៉ាងយកចិត្តទុកជាមួយនឹងការព្រួយបារម្ភដូចគ្នាផងដែរ។ 
 
សម្រាប់លោកស្រី ដែលធ្លាប់ជាអ្នកនយោបាយជួបរឿងព្យុះភ្លៀងជាច្រើនហើយនោះ បានបង្ហាញក្តីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នឹងធ្វើការសម្រេចចិត្តមួយឆាប់រហ័ស ដើម្បីបន្ធូរបន្ថយស្ថានភាពនៅក្នុងប្រទេស ក៏ដូចជាផ្តល់ឱកាសឲ្យរាជាណាចក្រថៃ បន្តរីកចម្រើនទៅមុខទៀត។ 
 
យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃ២៥ តុលា ក្រុមបាតុករថៃ បានប្រកាសមិនដកថយឡើយប្រសិនបើ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនព្រមធ្វើតាមការស្នើរបស់ពួកគេ។ រីឯលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា មិនទាន់បង្ហើបពីការចុះចេញពីតំណែងអ្វីឡើយ។ ក៏ប៉ុន្តែលោក បានទទូចឲ្យក្រុមបាតុករដកថយមួយជំហាន ខណៈរដ្ឋាភិបាលរបស់លោក នឹងលើកយកបញ្ហានេះ ដាក់នៅក្នុងរបៀបវារៈសម្រាប់ប្រជុំនៅសភាជាតិ ក្នុងគោលដៅរកដំណោះស្រាយបញ្ចប់វិបត្តិ៕ 
 

Tag:
 ថៃ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com