អន្តរជាតិ
មេបក្សប្រឆាំងមីយ៉ាន់ម៉ា អះអាងថាអ្នកគាំទ្របក្សកាន់អំណាចកាន់តែច្រើនងាកមកគាំទ្របក្សខ្លួនវិញ
× ប្រមុខបក្សសហភាពបង្រួបបង្រួម និងអភិវឌ្ឍន៍ (USDP) ដែលជាបក្សប្រឆាំងធំជាងនៅមីយ៉ាន់ម៉ា លោក Than Htay បានបង្ហាញជំនឿចិត្តកាន់តែមុតមាំលើជ័យជម្នះក្នុងការបោះឆ្នោតជាតិនាពេលខាងមុខដ៏ខ្លីនេះ។ ប្រមុខបក្ស លើកឡើងថា បក្សបៃតង ដែលសំដៅលើបក្សប្រឆាំង មិនមានអ្វីត្រូវបារម្ភច្រើនពេកទេ ព្រោះថាមានជំនោរអ្នកគាំទ្របក្សក្រហមដែលសំដៅបក្សកាន់អំណាច ជាបន្តបន្ទាប់បានងាកមកគាំទ្របក្សបៃតងវិញហើយ។
ថ្លែងទៅកាន់ទៅមេដឹកនាំ និងអ្នកគាំទ្រគណបក្សសហភាពបង្រួបបង្រួម និងអភិវឌ្ឍន៍ នាពេលថ្មីៗនេះ លោក Than Htay ប្រធានបក្សប្រឆាំង បានក្រើនរម្លឹកដល់សមាជិករបស់ខ្លួនបន្តធ្វើយុទ្ធនាការបោះឆ្នោតជាមួយនឹងភាពចាស់ទុំបំផុត។ លោក បានផ្សព្វផ្សាយថា ប្រជាពលរដ្ឋភាគច្រើន នឹងមិនគាំទ្រគណបក្សកាន់អំណាចបន្តទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
តាមប្រភពព័ត៌មានដដែល ប្រមុខបក្សរូបនេះ ហ៊ានអះអាងថា ពលរដ្ឋភាគច្រើន បានងាកមកគាំទ្របក្សបៃតង ដែលចំណុចនេះ លោក ជឿជាក់ថា នឹងធ្វើឲ្យបក្សប្រឆាំងលែងមានការលំបាកក្នុងការទទួលបានជោគជ័យក្នុងការបោះឆ្នោតខាងមុខ។ តាមលោក Than Htay មូលហេតុដែលអ្នកគាំទ្របក្សកាន់អំណាច ងាកមកគាំទ្របក្សប្រឆាំង មិនមែនដោយសារតែកិច្ចប្រឹងប្រែងរបស់បក្សបៃតងនោះទេ តែមកពីភាពអសកម្ម និងការមិនអាចអនុវត្តតាមការសន្យារបស់បក្សក្រហមនោះទេ។
ដោយមើលឃើញពីសក្តានុពល និងឱកាសសម្រាប់បក្សរបស់ខ្លួនបែបនេះ លោក បានទទូចឲ្យថ្នាក់ដឹកនាំរបស់បក្សប្រឆាំងទាំងអស់ត្រូវចេះមានមោទកភាពមកលើបក្ស ហើយធ្វើការឲ្យកាន់តែខ្លាំងក្លា ដើម្បីធានាឲ្យបានថា បក្សបៃតង នឹងដឹកនាំរដ្ឋាភិបាលមកវិញ ក្រោយពីបានបាត់បង់ឱកាសដោយសារតែចាញ់ឆ្នោតក្នុងអាណត្តិមុន។
លោក ក៏ឆ្លៀតដាស់តឿនដល់សមាជិកបក្សឲ្យមានភាពស្មោះត្រង់នៅពេលចូលក្នុងនយោបាយ។ ជាងនេះទៅទៀតនោះ លោក ក៏បានណែនាំឲ្យថ្នាក់ដឹកនាំបក្សកុំសន្យានូវអ្វីដែលខ្លួនធ្វើមិនបាន ព្រោះថាពលរដ្ឋ នឹងបាត់បង់ជំនឿទុកចិត្តដោយស្វ័យប្រវត្តិនៅពេលដែល យើងធ្វើមិនបាន។
គួរជម្រាបថា សល់ពេលមិនច្រើនថ្ងៃទៀតនោះទេ មីយ៉ាន់ម៉ា នឹងមានការបោះឆ្នោតសកល និងប្រជាធិបតេយ្យ សម្រាប់ការជ្រើសជ្រើសមេដឹកនាំក្នុងអាណត្តិបន្ទាប់។ វា នឹងក្លាយការបោះឆ្នោតប្រជាធិបតេយ្យជាប្រវត្តិសាស្ត្រលើកទី២ របស់មីយ៉ាន់ម៉ា ក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយ បន្ទាប់បក្សលោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះជាលើកដំបូងក្នុងការបោះឆ្នោតឆ្នាំ២០១៥ កន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com