ជាតិ
ភ្នំពេញនឹងមានស្ពានភ្ជាប់ពីកោះនរាទៅកោះពេជ្រ និងពីកោះនរាទៅផ្លូវជាតិលេខ១
25, Oct 2020 , 4:24 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញគម្រោងសាងសង់ស្ពានបេតុងខ្សែកាបថ្មីមួយ ដែលតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋាននៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា នេះផងដែរ។

 
ស្ពានបេតុងថ្មីមួយនេះ ត្រូវបានបែងចែកការសាងសងជាពីរ ទីមួយសាងសង់ស្ពានខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា ចំណែកឯទី២ សាងសង់បន្តពីគម្រោងអភិវឌ្ឍន៍កោះនរា ទៅផ្លូវជាតិលេខ១។ 
 
បើតាមមន្ទីរសាធារណៈដដែល ស្ពានបេតុងថ្មីចាប់ពីកោះពេជ្រ ទៅកោះនរា នឹងត្រូវសាងសង់ដោយប្រវែងសរុប ចំនួន៨២៤ម៉ែត្រ ដោយទទឹងប្រវែង២៤.៥ម៉ែត្រ បណ្ដោយស្ពានបេតុងអារមេ ប្រវែង៤៨៣ម៉ែត្រ និងគម្លាតនៃសសរស្ពាន ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ។

 រូបភាពពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ផ្លូវក្បាលស្ពានខាងកោះពេជ្រ នឹងត្រូវភ្ជាប់ដោយប្រវែង២៤៩ម៉ែត្រ ចំណែកឯ ក្បាលស្ពានកោះនរា ត្រូវភ្ជាប់ដោយប្រវែង ៩២ម៉ែត្រ។ គម្រោងស្ពានបេតុងនេះ ធ្វើឡើងជាស្ពានមានលក្ខណៈទ្វេទិស ដែលមានគន្លងសម្រាប់រថយន្ត២ទៅ និងគន្លងសម្រាប់រថយន្ត២មក មានប្រវែង ៣.២៥ម៉ែត្រ ក្នុងមួយគន្លង។ ក្រៅពីរថយន្ត ស្ពានថ្មីនេះ ក៏មានគន្លងទទឹងប្រវែង១.២៥ម៉ែត្រ សម្រាប់ទោចក្រយាន្តទៅមកផងដែរ។ 
 
សម្រាប់ស្ពានបេតុងថ្មីមួយនេះ ត្រូវបានកំណត់ការបើកបរ ត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនសុវត្ថិភាព ដែលមិនបង្កគ្រោះថ្នាក់ ព្រោះស្ពានមានជម្រាលទទឹង២ភាគរយ។ ស្ពានបេតុងខ្សែកាបនេះ ប្រើប្រាស់សសរព្យួរខ្សែកាបកម្ពស់៦០ម៉ែត្រ ដែលគិតចាប់ពីតួនៃស្ពានទៅ ហើយសម្រាប់សសរស្ពានព្យួរខ្សែកាបវិញ មានចំនួន២ដើម ដោយប្រើប្រាស់គ្រឹះខួងសសរទី១ មានជម្រៅ ៥៩.៤០ម៉ែត្រ ហើយសសរទី២ ជម្រៅ៧៣.៤០ម៉ែត្រ។ ស្ពាននេះត្រូវបានសាងសង់ឡើងដោយប្រើសសរសរុបចំនួន៦ដើម ត្រើយខាងកោះពេជ្រ៣ដើម និងខាងកោះនរា៣ដើម។ សម្រាប់ជើងតាងស្ពានមានទំហំ ២៤.៣ម៉ែត្រ គុណនឹង ១៧.៧ម៉ែត្រ គុណនឹង ៤.៥ម៉ែត្រ និងកម្ពស់ក្រោមស្ពាននាវាឆ្លងកាត់ ៨ម៉ែត្រ នៅរដូវវស្សា និង១៨ម៉ែត្រ នៅរដូវប្រាំង។ ចំណែកឯ គម្លាតពីសសរស្ពានខ្សែកាបវិញ មានប្រវែង១៨០ម៉ែត្រ ហើយសសរស្ពានខ្សែកាប មានចំនួន១៦ដើមសងខាងស្ពាន ដែលក្នុងមួយដើមខ្សែកាបតូចៗភ្ជាប់ពី២៧ ទៅ៣១ដើម មានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រ។ 

 រូបភាពពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

មិនមែនជាសសរលាតធម្មតានោះទេ សសរស្ពានខ្សែកាបនៃត្រើយទាំង២ មានចម្លាក់ឆ្លាក់ជារចនាបទបែបខ្មែរផងដែរ។ នៅតាមបណ្ដាយនៃស្ពានក៏មានបង្គោលភ្លើងបំភ្លឺ ហើយលូក៏ត្រូវបានរៀបចំជាបណ្ដាញអមសងខាងផ្លូវនៅក្បាលស្ពាន។ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ក៏មាននៅលើស្ពាន។ 
 
ចំពោះគម្រោងសាងសង់បន្តចាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ បណ្ដោយស្ពានសរុបប្រវែង៦០ម៉ែត្រ ដោយទទឹងប្រវែង២១ម៉ែត្រ និងបណ្ដោយស្ពាន់បេតុង ប្រវែង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាងប្រវែង១៥ម៉ែត្រ។ ការសាងសង់ភ្ជាប់នេះ ត្រូវប្រើរយះពេលចំនួន១២ខែ។
 
បើតាមមន្ទីរសាធារណៈការដដែល គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រាក់ប្រមាណ ៣៨លានដុល្លារអាមេរិក ដោយប្រើរយះពេលសាងសង់៣៥ខែ និងសាងសង់ដោយក្រុមហ៊ុន OCIC។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com