កីឡាជាតិ
ជាតិ
បឹងកេត ឈ្នះជើងឯកខេមបូឌានលីគលើកទី៤ ក្រោយតាមស្មើភ្នំពេញក្រោន
× ក្រុមបឹងកេតបានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពួកគេបានតាមយកស្មើម្ចាស់ផ្ទះភ្នំពេញក្រោន ១-១ នៅវិនាទីចុងក្រោយ នាជំនួបចុងក្រោយនៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែតុលានេះ។ លទ្ធផលនេះបើធ្វើឲ្យព្រះខ័នរាជស្វាយរៀងខកខានឱកាសគ្រងបន្តតំណែងជើងឯករបស់ខ្លួន បើទោះបីជាពួកគេ បានយកឈ្នះណាហ្គាវើលដ៍ ៤-០ នៅកីឡដ្ឋានស្វាយរៀងរបស់ខ្លួនក៏ដោយ។
ការទទួលបាន១ពិន្ទុបន្ថែមនាំឲ្យបឹងកេតមាន៤១ពិន្ទុ ដូចព្រះខ័នរាជស្វាយរៀងផងដែរ ប៉ុន្តែពួកគេមានប្រៀបក្នុងរូបមន្ត Head to Head។
Paulo Victor រកបានគ្រាប់បញ្ចូលទីនាំមុខសម្រាប់ម្ចាស់ផ្ទះភ្នំពេញក្រោន នៅនាទី៣៣ ប៉ុន្តែឈាននាទី ទី៧នៃម៉ោងបន្ថែម Dzama Bata បានវាយបកតាមស្មើ ដែលជាគ្រាប់បាល់មាសនាំឲ្យបឹងកេតក្លាយជាម្ចាស់ជើងឯកលើកទី៤។
ព្រះខ័នរាជស្វាយដែលបញ្ចប់ការប្រកួតមុន ជាមួយនឹងលទ្ធផល ៤-០ លើណាហ្គាវើលដ៍ ទទួលនូវការខកចិត្ត ដោយបានត្រឹមចំណាត់ថ្នាក់លេខ២។ ប្រាក់ មុន្នីឧត្តម និងសួន សុវណ្ណ បាននៅតង់ទីមួយ ហើយ មិន រតនៈ និងហូយ ផល្លីន សម្រេចបាននៅតង់ទីពីរ។ ស្វាយរៀងត្រូវរងនូវការខកចិត្តដោយសារចាញ់បឹងកេត ដោយរូបមន្ត Head to Head ៤-២។
រីឯជំនួបមួយគូទៀត កងយោធពលខេមរភូមិន្ទ បានយកឈ្នះវិសាខា ២-០ ដែលរកបានដោយ ភួង សុខសាណា និង Romario Alves។
ភ្នំពេញក្រោន រក្សាតំណែងលេខ៣ រីឯកងយោធពលខេមរភូមិន្ទ ឡើងលេខ៤ វិសាខា លេខ៥ និងណាហ្គាវើលដ៍ លេខ៦។
សម្រាប់ក្រុមនៅក្រៅតំបន់ Top 6 អង្គរថាយហ្គឺរឈរនៅលេខ៧ ពីលើគិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត អគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ ខណៈយុវជនបាទី ត្រូវកាត់ចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com