ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីចំនួន៤ ចុះដោះស្រាយបញ្ហាជីវភាពពលរដ្ឋ ផ្លូវ និងស្ពានជាបន្ទាន់ ក្រោយទឹកស្រកទៅវិញ។ សម្តេច បញ្ជាបែបនេះ នៅក្នុងពិធីបើកការដ្ឋានស្ពាននៅកោះនរា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ។
«សភាពការណ៍មិនធម្មតា នីតិវិធី(ដោះស្រាយ)ក៏មិនធម្មតា»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលប្រាប់ឱ្យរដ្ឋមន្ត្រីទាំង៤នោះ រួសរាន់ដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ស្ថានការណ៍ជាក់ស្ដែង ដោយមិនបាច់រង់ចាំការវាយតម្លៃ និងរបាយការណ៍មន្ទីរខេត្ត ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើយ។
រដ្ឋមន្ត្រីទាំង៤ ដែលសម្ដេច ហ៊ុន សែន បញ្ជាឱ្យធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាពលរដ្ឋនោះ រួមមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ។
ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើសិនជាពលរដ្ឋ ជួបបញ្ហាខូចខាតស្រូវនោះ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន ត្រូវយកពូជស្រូវទៅចែកឱ្យពលរដ្ឋ១០០គីឡូក្នុងមួយគ្រួសារ តាមគោលការណ៍សង្គ្រោះបន្ទាន់របស់រដ្ឋ។ ហើយបើពលរដ្ឋខ្វះទឹកធ្វើស្រែ គឺរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ ត្រូវជួសជុលទំនប់ ឬធ្វើប្រព័ន្ធទប់ទឹកឡើងវិញ ដើម្បីបង្ហូរទឹកចែកពលរដ្ឋធ្វើស្រែ។
រីឯកន្លែងណា មានការខូចខាតផ្លូវជាតិនោះ គឺជាតួនាទីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។ ចំណែកផ្លូវលំ និងស្ពានតូចៗ ដែលខូចខាត នៅតាមភូមិ ស្រុកនានា គឺជាភារកិច្ចរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលត្រូវចុះជួសជុល និងដោះស្រាយឱ្យទាន់សភាពការណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះជាបញ្ជារបស់ប្រមុខរដ្ឋាភិបាល។
មិនតែប៉ុណ្ណោះសម្ដេច ហ៊ុន សែន ក៏ប្រកាសប្រាប់រដ្ឋមន្ត្រីទាំង៤នេះ ទុកមុនថា សម្ដេចនឹងតាមដានលទ្ធផល ដែលពួកគេ ត្រូវអនុវត្ត។ អមជាមួយការប្រកាសបែបនេះ សម្ដេច ក៏បានព្រមានដែរថា បើសិនជារដ្ឋមន្ត្រីណាមួយ បំពេញការងារស្ពឹកស្រពន់ ដែលធ្វើឱ្យពលរដ្ឋស្រែកតវ៉ា និងរិះគន់ដល់រដ្ឋាភិបាលនោះ គឺសម្ដេចនឹងចុះអន្តរាគមន៍ផ្ទាល់តែម្ដង។ ហើយនៅពេលដែលសម្ដេច ចុះអន្តរាគមន៍ផ្ទាល់នេះ បានន័យថារដ្ឋមន្ត្រីនោះ ក៏ត្រូវប្រឈមមុខជាមួយសម្ដេចដែរ។
«ខ្ញុំនឹងចាំមើល! បើសិនជាកន្លែង(រងគ្រោះ)ណាយឺត ខ្ញុំនឹងចុះទៅកន្លែងហ្នឹង ចាំមើលរដ្ឋមន្ត្រីធ្វើមុខយ៉ាងម៉េច»។ នេះជាការព្រមានរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា រដ្ឋាភិបាល មានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើការជួយសង្គ្រោះពលរដ្ឋ។
បើតាមលោកនាយករដ្ឋមន្ត្រី ការដោះស្រាយរឿងទឹកជំនន់ មិនមែនបញ្ចប់ត្រឹមការចែកជំនួយដល់ពលរដ្ឋនោះទេ ។
គិតត្រឹមថ្ងៃទី២៤ ខែតុលា មានពលរដ្ឋ៤០នាក់ បានបាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥៤ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានជាង៤៧ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។រាជធានី-ខេត្តចំនួន ២០ រងប៉ះពាល់ដោយទឹកជំនន់នេះ។នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
របាយការណ៍ដដែលបានបង្ហាញថា ផ្ទះជាង១២ម៉ឺនខ្នង បានរងប៉ះពាល់ ក្នុងនោះមាន៦៣ខ្នងខូចខាត ខណៈសាលារៀន ៩២៥កន្លែងលិចទឹក។ ចំណែកស្រូវវិញ មានជាង ២៧ម៉ឺនហិកតា រួមទាំងដំណាំផ្សេងៗ ជាង៨៨ពាន់ហិកតា ត្រូវលិចទឹក។
ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប្រមាណ ៦១៦គីឡូម៉ែត្រ និងផ្លូវតាមជនបទ ប្រវែង ១,៦៨៥ គីឡូម៉ែត្រ បានខូចខាតដោយសារគ្រោះធម្មជាតិនេះដែរ៕