ជាតិ
គ.ជ.ប៖ បច្ចុប្បន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨.៣៣លាននាក់ រូបថតពីគ.ជ.ប
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃចន្ទ ទី២៦ ខែតុលា នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្ននៃការត្រួតពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ ក្រោយធ្វើបច្ចុប្បន្នរួច អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ មាន ៨ ៨៣៤ ៧៥២នាក់។
លទ្ធផលចុងក្រោយធ្វើឡើងពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ រយៈពេល១៩ថ្ងៃ ពីថ្ងៃទី១ ដល់ទី១៩ ខែតុលា ឆ្នាំ២០២០ត្រូវបានបិទបញ្ជប់។ តួលេខបានបង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨ ៥៥៣នាក់ ដែលស្មើនឹង៨៩.៤០ភាគរយ បើប្រៀបធៀបទៅនឹងផែនការចំនួន ៣០០ ៣៩០នាក់។
បន្ថែមពីលើនេះ គ.ជ.ប បានបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានសរុប ១៥២ ០០៤នាក់ អ្នកកែតម្រូវទិន្នន័យ មានចំនួន៩២ ៨២២នាក់ និងអ្នកដែលបានផ្ទេរទីលំនៅ មានសរុប ៨៨ ៨៤៦នាក់។
លទ្ធផលបណ្តោះអាសន្ននេះ ត្រូវបានប្រមូលពីក្រុមចុះឈ្មោះបោះឆ្នោតទាំង១៦៤៦ ដែលបានបញ្ជូនទិន្នន័យពីតាមបណ្តាឃុំសង្កាត់ទូទាំងប្រទេស។
បើតាម គ.ជ.ប អ្នកដែលខកខានមិនបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ អាចនឹងធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com