អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ២៥ ខែតុលា បានអំពាវនាវឲ្យមានសាមគ្គីភាពជាសកលក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាំវ៉ាក់សាំងកូវីដ-១៩ ណាមួយនាពេលអនាគត ខណៈករណីឆ្លងជំងឺកូវីដ-១៩ បន្តកើនឡើងនៅជុំវិញពិភពលោក។ ប្រមុខដឹកនាំអង្គការអន្តរជាតិមួយនេះ ក៏ព្រមានពីនិន្នាការជាតិនិយមលើថ្នាំវ៉ាក់សាំងកូវីដ-១៩ (vaccine nationalism) ផងដែរ។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលស្តីពីសុខភាពពិភពលោក ក្នុងទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា វិធីសាស្ត្រតែមួយគត់ក្នុងការងើបឡើងពីជំងឺរាតត្បាតសកលនេះ គឺការរួបរួមសាមគ្គីគ្នាជាសកល ហើយធានាថា បណ្ដាប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំងកូវីដ-១៩យកទៅប្រើប្រាស់ដោយស្មើភាព។
«វាជារឿងធម្មតាដែលប្រទេសនានាចង់ការពារពលរដ្ឋខ្លួនមុនគេនោះ ក៏ប៉ុន្តែប្រសិនបើនៅពេលយើងមានថ្នាំវ៉ាក់សាំងដែលមានប្រសិទ្ធភាពនោះ យើងក៏ត្រូវប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាពផងដែរ»។ ប្រមុខ WHO អះអាងដូច្នេះ ដោយបន្ថែមថា ការចាក់វ៉ាក់សាំងមនុស្សមួយចំនួនក្នុងប្រទេសទាំងអស់ ជាវិធីសាស្ត្រល្អជាងការចាក់វ៉ាក់សាំងមនុស្សទាំងអស់ក្នុងប្រទេសតែមួយចំនួនប៉ុណ្ណោះ។
ក្នុងន័យនេះ លោក Tedros សង្កត់ធ្ងន់ថា និន្នាការជាតិនិយមលើថ្នាំវ៉ាក់សាំងកូវីដ-១៩ នឹងធ្វើឲ្យអូសបន្លាយជំងឺរាតត្បាតកូវីដ-១៩ នៅពេលយូរអង្វែងទៀត ដោយមិនមែនកាត់បន្ថយពេលឡើយ។
និន្នាការជាតិនិយមលើថ្នាំវ៉ាក់សាំងកូវីដ-១៩ សំដៅលើនៅពេលប្រទេសមួយ គិតគូរចាត់ចែងថ្នាំវ៉ាក់សាំងសម្រាប់តែពលរដ្ឋខ្លួនឯង ហើយផ្ដល់អាទិភាពសម្រាប់ទីផ្សារក្នុងស្រុកខ្លួន មុនពេលថ្នាំវ៉ាក់សាំងមានឲ្យប្រើប្រាស់ក្នុងបណ្ដាប្រទេសដទៃទៀត ។ នេះគឺសម្រេចបានតាមរយៈកិច្ចព្រមព្រៀងបញ្ជាទិញទុកជាមុនរវាងរដ្ឋាភិបាលមួយនិងក្រុមហ៊ុនផលិត ឬចែកចាយថ្នាំវ៉ាក់សាំង។
ជាឧទាហរណ៍ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប បានចាយលុយរាប់ពាន់លានដុល្លារលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងឈានមុខមួយចំនួន មុនពេលប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងទាំងនេះត្រូវបានធានាផងនោះ។ ម្ល៉ោះហើយទើបមានការព្រួយបាម្ភថា ប្រទេសក្រីក្រ អាចគ្មានលទ្ធភាពទិញវ៉ាក់សាំងទាន់ប្រទេសអ្នកមាន ហើយត្រូវរង់ចាំយូរទម្រាំពលរដ្ឋខ្លួនអាចទទួលបានវ៉ាក់សាំងប្រើប្រាស់។
ដើម្បីដោះស្រាយបញ្ហានេះ អង្គការសុខភាពពិភពលោក បានបង្កើតកម្មវិធីអន្តរជាតិមួយឈ្មោះថា COVAX តែបច្ចុប្បន្នមានការលំបាកក្នុងការរៃអង្គាសប្រាក់តាមតម្រូវការ។ គោលដៅនៃកម្មវិធី COVAXគឺបញ្ជាទិញថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិច២ពាន់លានដូសត្រឹមចុងឆ្នាំ២០២១ សម្រាប់ចែកឲ្យប្រទេសមានប្រាក់ចំណូលមធ្យមនិងទាប។
ក្នុងជំនួបកំពូលដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅជំងឺរាតត្បាតសកលកូវីដ-១៩ថា វិបត្តិធំផុតលេខក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ តាមរយៈសារវីដេអូ លោក Guterres លើកឡើងថា ពិភពលោកត្រូវការសាមគ្គីភាពរាល់ជំហានដែលខ្លួនដើរ ហើយលោកសង្កត់ធ្ងន់ថា ថ្នាំវ៉ាក់សាំង ត្រូវតែជាផលិតផលសាធារណៈសកល។
គិតត្រឹមថ្ងៃទី ២៦ ខែតុលា ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក មានសរុប ៤២,៩លានករណី ក្នុងនោះជាសះស្បើយមាន ២៨,៩លាននាក់ ខណៈអ្នកស្លាប់ មាន១,១៥លាននាក់។ តួលេខរបស់ WHO បង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩ ជាង៤៦ម៉ឺនករណី ត្រូវបានរកឃើញនៅថ្ងៃទី២៤ ខែតុលា ហើយពាក់កណ្ដាលនៅក្នុងតំបន់អឺរ៉ុប៕