សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ​បើក​កិច្ចប្រជុំ​សភាវិសាមញ្ញ ខណៈ​បក្សប្រឆាំង​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ លាលែង​
26, Oct 2020 , 4:33 pm        
រូបភាព
លោកSompong Amornvivat មេដឹកនាំបក្សប្រឆាំងថៃ។ រូបភាព៖ The Nation
លោកSompong Amornvivat មេដឹកនាំបក្សប្រឆាំងថៃ។ រូបភាព៖ The Nation
ដោយ:
​បក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​បំផុត បាន​អំពាវនាវ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​២៦ តុលា​នេះ​។ ការទាមទារ​របស់​ប​ក្ស​ប្រឆាំង​ធ្វើឡើង​អំឡុងពេល សភា​ថៃ​ចាប់ផ្តើម​កិច្ចប្រជុំ​វិសាមញ្ញ​រយៈពេល​២​ថ្ងៃ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នយោបាយ​។​

 
​នៅ​ថ្ងៃទី​២៦ តុលា​នេះ សភា​ថៃ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​រយៈពេល​២​ថ្ងៃ ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា ដើម្បី​ជជែក​ស្វែងរក​ដំណោះស្រាយ​បញ្ហានយោបាយ និង​ការទាមទារ​របស់​បាតុករ​។​
 
«​លោកនាយក​រដ្ឋមន្ត្រី​ត្រូវតែ​ចុះចេញ​ពី​ដំណែង​»​។ នេះ​ជាការ​លើកឡើង​ក្នុង​រដ្ឋសភា​របស់លោក​Sompong Amornvivat មេដឹកនាំ​បក្ស​ភឿ​ថៃ ដែលមាន​សំឡេង​ច្រើនជាងគេ​ក្នុង​រដ្ឋសភា​។ លោក​Sompong ក៏​ទាមទារ​ឲ្យ​ដោះលែង​បាតុករ ឆ្លើយតប​ការទាមទារ​របស់​ពួកគេ ក៏ដូចជា​បញ្ឈប់​ការពន្យារពេល​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​កាសែត Bangkok Post​។​
 
​លោក Sompong អះអាងថា លោក ប្រា​យុទ្ធ គួរ​ណាស់​តែ​ចុះ​ចេញពី​តំណែង​ដើម្បី​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​បាតុកម្ម ដែល​ឈានដល់​ការប្រើ​កាណុង​បាញ់​ទឹក ហើយ​ថែមទាំង​ចេញ​ក្រឹត្យ​អាសន្ន​ដែល​មិន​សមស្រប​ផង​។​
 
​ក្នុង​សុន្ទរកថា បើក​កិច្ចប្រជុំ​សភាវិសាមញ្ញ លោក ប្រា​យុ​ទ្ទ បានបង្ហាញ​ភាព​ជឿជាក់ថា បើទោះបី​ជាមាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា ក៏​អ្នកនយោបាយ​ថៃ​នៅតែ​ស្រឡាញ់​ប្រទេស​ដែរ​។ តប​ទៅនឹង​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង តំណាងរាស្ត្រ​របស់​បក្ស​កាន់អំណាច លោក Paiboon Nititawan ចេញមក​ការពារ​លោក ប្រា​យុទ្ធ ថា ប្រទេស​ថៃ​ត្រូវការ​ថ្នាក់ដឹកនាំ​ដើម្បី​អាច​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច និង​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​។​
 
​ខណៈ​តួអង្គ​នយោបាយ​ថៃ​កំពុង​ជួប​ជជែក​គ្នា​នៅ​សភា បាតុករ​ថៃ​វិញ​កំពុង​រៀបចំ​ការជួបជុំ និង​ញត្តិ​ដើម្បី​ដាក់​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នៅ​រសៀល​ម៉ោង​៥ ថ្ងៃទី​២៦ តុលា​នេះ​។ ក្នុង​ញត្តិ​នោះ បាតុករ​ចង់​ឲ្យ​អាជ្ញាធរ​អាល្លឺម៉ង់​ស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ អំឡុងពេល​គង់នៅ​អាល្លឺម៉ង់​។ បាតុករ​អះអាងថា ការ​ហែរ​ញត្តិ​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នេះ ជាការ​ស្តារ​មកវិញរ​បប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​
 
​លើសពីនោះ បាតុករ​ក៏​ចង់ដឹង​ផងដែរ​ថា ការធ្វើ​នយោបាយ និង​បំពេញ​ព្រះរាជកិច្ច​ពី​អាល្លឺម៉ង់​មក បាន​បំពាន​អធិបតេយ្យ​អាល្លឺម៉ង​ដែរ​យ៉ាងណា​។ ត្រង់ចំណុច​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់ ធ្លាប់បាន​បញ្ជាក់ថា ការធ្វើ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់ ជា​រឿង​មិនអាច​ទទួលយកបាន​។ មហាក្សត្រ​ថៃ មាន​ព្រះជន្ម​៦៨​ព្រះវស្សា ចំណាយពេល​វេលា​របស់​ព្រះអង្គ​មួយ​ភាគ​ធំ​ក្នុង​រដ្ឋ​Bavaria ប្រទេស​អាល្លឺម៉ង់​។ 
 
​ទោះ​មាន​ការជជែក​ដេញដោល​មែន អ្នកប្រឆាំង​លោក ប្រា​យុទ្ធ និង​បក្សប្រឆាំង​បង្ហាញ​សេចក្តី​មន្ទិល ថា​ការពិភាក្សា​ក្នុង​សភា ទំនង​មិនអាច​ដោះស្រាយ​បញ្ហានយោបាយ​បានឡើយ​។ បក្ស​ភឿ​ថៃ អះអាងថា ក្នុង​កិច្ចប្រជុំសភា​រយៈពេល​២៣​ម៉ោង ក្រុម​ខ្លួន​អាច​និយាយ​តែ​៨​ម៉ោង​ប៉ុណ្ណោះ ដោយ​១៥​ម៉ោង​ដែល​សេសសល់​នឹងត្រូវ​ចែក​ទៅ​រដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា និង​បក្សប្រឆាំង​ដទៃទៀត​។ 
 
​បន្ថែម​ពីនេះ វិន័យ​ផ្ទៃក្នុង​របស់​រដ្ឋសភា​ថៃ ក៏​មិន​អនុញ្ញាត​ឲ្យ​លើកឡើង​ពី​បញ្ហា​ទាក់ទង​នឹង​ព្រះមហាក្សត្រ នៅពេល​ជជែក​ដេញដោល​ឡើយ​៕
 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com