COVID-19
អន្តរជាតិ
ចិន ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​រក COVID-19 ក្រោយ​ផ្ទុះ​ករណី​ឆ្លង​គ្មាន​រោគសញ្ញា​នៅ​ខេត្ត​ស៊ីន​ជាំ​ង​
26, Oct 2020 , 5:39 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង​
 
​នៅ​ថ្ងៃទី​២៥ ខែតុលា មន្ត្រី​របស់​ចិន​កំពុង​ប្រឹងប្រែង​លុបបំបាត់​ការឆ្លង COVID-19 ដែល​ផ្ទុះឡើង​ជាថ្មី​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស បន្ទាប់​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ១៣៧​។ ការធ្វើ​តេស្ត​កំពុង​ធ្វើឡើង​នៅ​ទីក្រុង Kashgar ដែលមាន​ករណី​ឆ្លង​ថ្មី​។

 
​បើតាម​សារព័ត៌មាន AFP ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ចាប់ផ្ដើម​តាំងពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា​ការ ដោយ​គ្របដណ្ដប់​លើ​ប្រជាជន​ចំនួន​៤,៧៥ លាន​នាក់​នៅក្នុង​និង​ជុំវិញ​តំបន់ Kashgar នៃ​ខេត្ត​ស៊ីន​ជាំ​ង បន្ទាប់ពី​កម្មការិនី​រោងចក្រ​កាត់ដេរ​អាយុ ១៧ ឆ្នាំ​ម្នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 ។ រដ្ឋាភិបាល​តំបន់​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សំណាក​ជាង ២,៨ លាន​ត្រូវបាន​ប្រមូល ហើយ​សំណាក​ដែល​នៅសល់​នឹងត្រូវ​ប្រមូល​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​
 
​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ក្រុមគ្រូពេទ្យ​ពិសេស​មួយ​មកពី​គណៈកម្មការ​សុខភាព​ជា​តិ​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បញ្ជូនទៅ​ស៊ើបអង្កេត​អំពី​ប្រភព​នៃ​ការផ្ទុះ​ឡើង COVID-19 នៅ​ស៊ីន​ជាំ​ង និង ជួយ​រក​វិធានការ​បង្ការ​ផងដែរ​។ 
 
​គណៈកម្មការ​សុខាភិបាល​របស់​ខេត្ត​ភាគ​ខាងលិច​មួយ អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី ២៥ ថា ករណី​ថ្មី​ទាំងអស់ ដែល​សុទ្ធតែ​មិន​បញ្ចេញ​រោគសញ្ញា មាន​ជាប់ទាក់ទង​ទៅនឹង​រោងចក្រ​មួយ​ក្នុង​តំបន់ Shufu ដែល​ក្មេងស្រី​ខាងលើ និង​ឪពុកម្តាយ​របស់​នាង​ធ្វើការ​។​
 
​សម្រាប់​ថ្ងៃទី​២៥ ខែតុលា​ដែរ ចិន​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន​២០​ដែលជា​ករណី​នាំចូល​ទាំងអស់ និង​ករណី​ឆ្លង​ដែល​មិន​បង្ហាញ​រោគសញ្ញា​ចំនួន​១៦១ ដែល​រាប់បញ្ចូល​ករណី​នៅ Kashgar ដែរ ។ ក្នុងចំណោម​ការឆ្លង​រោគ​ដែល​មិនមាន​រោគសញ្ញា​ថ្មី​ចំនួន​១៦១​ករណី​ដែល​ចិន​មិនបាន​ចាត់ថ្នាក់​ជា​ករណី​ឆ្លង មាន ១៣៨ នាក់​បាន​ឆ្លង​នៅក្នុង​ស្រុក​៕
 
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com