រថយន្ត
អន្តរជាតិ
រថយន្ត​អាមេរិក Tuatara មាន​ល្បឿន​ជា​កំណត់ត្រា​ជាង​៥០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​
26, Oct 2020 , 7:40 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន SSC North America ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន បាន​បង្កើត​រថយន្ត​បំបែក​កំណត់ត្រា​របស់ Bugatti លើ​ល្បឿន​លឿន​ជាងគេ​បំផុត​លើ​ពិភពលោក​។ កំពូល​រថយន្ត Tuatara បាន​បើក​ក្នុង​ល្បឿន​ទៅ​មកជា​មធ្យម ៥០៨.៧៣​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ខណៈ​ល្បឿន​ដែល​ចុះបញ្ជី​គឺ​ដល់​ទៅ ៥៣២.៩៣​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

 
 
 
​បញ្ជា​ដោយ​អ្នក​ប្រណាំង​អង់គ្លេស Oliver Webb រថយន្ត SSC Tuatara បាន​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី កាលពី​ថ្ងៃទី​១០ ខែតុលា ក្នុងនាម​ជា​រថយន្ត​ដែលមាន​ល្បឿន​លឿន​ជា​គេ​លើ​លោក​។ ការ​តេស្ត​សមត្ថភាព​រថយន្ត​នេះ ត្រូវបាន​ធ្វើឡើង​នៅលើ​ផ្លូវ​ក្នុង​រដ្ឋ Nevada សហរដ្ឋអាមេរិក​។ 
 
​នៅមុន SSC Tuatara រថយន្ត Bugatti Chiron នៃ​ក្រុមហ៊ុន​បារាំង ទើបតែ​កាន់​កំណត់ត្រា​នេះ កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ជាមួយនឹង​ល្បឿន​ជាង​៤៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្រោម​ការបញ្ជា​របស់​កីឡាករ​អង់គ្លេស Andy Wallace នៅលើ​ទីលាន​ក្នុងប្រទេស​អាល្លឺម៉ង់​។​
 
​យោងតាម Fox Business មហាសេដ្ឋី Larry Caplan ដែល​រស់នៅ​រដ្ឋ Philadelphia បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដំបូង​នៃ​រថយន្ត​ម៉ូ​ដែល SSC Tuatara ដោយបាន​ទិញ​ក្នុងតម្លៃ ១.៩​លាន​ដុល្លារ​អាមេរិក​។ ជាមួយនឹង​ការប្រើប្រាស់​រថយន្ត​នេះ លោក Caplan ក៏បាន​រៃអង្គាស​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​កុមា​រលើ​ការថែទាំ​សុខភាព និង​អប់រំ ផងដែរ​៕


 

Tag:
 រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com