សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រសួងការបរទេស​អា​មេ​រិ​ក អនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​តម្លៃ​២,៤​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​
27, Oct 2020 , 2:17 pm        
រូបភាព
ប្រព័ន្ធបាញ់មីស៊ីល Harpoon ដែលតៃវ៉ាន់ស្នើទិញពីអាមេរិក។ រូបភាព AFP
ប្រព័ន្ធបាញ់មីស៊ីល Harpoon ដែលតៃវ៉ាន់ស្នើទិញពីអាមេរិក។ រូបភាព AFP
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២៦ ខែតុលា បានប្រកាសថា ខ្លួន​បានអនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​មួយឈុត​ទៀត​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លក់​អាវុធ​ចុងក្រោយ​បំផុត​ពី​សំណាក់​អាមេរិក​ឲ្យ​ដែន​កោះ​តៃវ៉ាន់​ដែល​ប្រឈម​ការគំរាមកំហែង​រប​ស់​ចិន បន្ទាប់ពី​ទើបបាន​យល់ព្រម​លក់​សព្វាវុធ​បី​មុខ​កាលពី​សប្ដាហ៍​មុន​។ ដូច​រាល់ដង ចិន ប្រាកដជា​ក្ដៅស្លឹកត្រចៀក​ខ្លាំង​នឹង​រឿងនេះ​។​

 
​បើតាម​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា សំណើ​របស់​តៃវ៉ាន់​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ឆ្នេរ 100 Harpoon (100 Harpoon Coastal Defense Systems) ត្រូវបាន​យល់ព្រម​ហើយ​។ តម្លៃ​សម្រាប់​កិច្ចព្រមព្រៀង​លើក​នេះ គឺ​២,៤​ពាន់​លាន​ដុល្លារ រួមមាន​មី​ស៊ី​ល​ប្រភេទ RGM-84L-4 Harpoon Block II Surface Launched Missiles ចំនួន​៤០០​គ្រាប់ ដែល​អាច​បាញ់​គោលដៅ​នៅ​ចម្ងាយ​១២៥​គីឡូម៉ែត្រ​។ ក្រុមហ៊ុន Boeing ជា​អ្នក​ផលិត​មី​ស៊ី​ល​នេះ​។​
 
​គម្រោង​នេះ ត្រូវ​ឆ្លង​ការអនុញ្ញាត​ពីស​ភា​អាមេរិក​សិន​ទើប​អាច​ចេញ​ជា​ផ្លូវការ​។ ប៉ុន្តែ​គេ​មិន​រំពឹងថា សភា​អាមេរិក​នឹង​បដិសេធ​ឡើយ ព្រោះ​ទាំង​បក្ស​សាធារណរដ្ឋ ទាំង​បក្ស​ប្រជាធិបតេយ្យ​សុទ្ធតែ​គាំទ្រ​តៃវ៉ាន់​ក្នុងការ​ប្រឈមមុខ​នឹង​ចិន​។​
 
​នេះ​ជាការ​យល់ព្រម​លើក​ទី​ពីរ​ក្នុងពេល​មួយ​សប្ដាហ៍​របស់​ក្រសួងការបរទេស​អាមេរិក​លើ​សំណើ​របស់​តៃវ៉ាន់​។ កាលពី​ថ្ងៃទី​២១ ខែតុលា ក្រសួង​នេះ​ក៏បានផ្ដល់​ភ្លើង​បៃតង​លើ​គម្រោង​លក់​មី​ស៊ី​ល​ប្រដេញ​AGM-84H SLAM-ER ចំនួន​១៣៥​គ្រាប់​តម្លៃ​១​ពាន់​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​សំណើសុំ​ទិញ​សព្វាវុធ​ច្រើន​មុខ​របស់​តៃវ៉ាន់​នោះ​។​
 
​ការបើកផ្លូវ​ជា​បន្តបន្ទាប់​បែបនេះ​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ឲ្យ​ចិន​មួរ​ម៉ៅ​កាន់តែខ្លាំង​។ នៅ​ថ្ងៃទី​២៦ ខែតុលា ក្រសួងការបរទេស​ចិន ទើបបាន​ប្រកាស​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំនួន​បី​ដែ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​ចំណាត់ការ​នោះឡើយ​។ ការលក់​លើក​នេះ ប្រាកដជា​ត្រូវ​ថ្មោង​របស់​ចិន​ទៀត​មិន​ខាន​។​
 
​តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Tsai Ing-wen បាន​ចំណាយលុយ​ច្រើន​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន ស្របពេល​ដែល​ចិន​ធ្វើ​សកម្មភាព​កំញើញ​កាន់តែខ្លាំង​។ មួយ​រយៈពេល​ចុងក្រោយ យន្តហោះ​ចម្បាំង​ចិន​ហោះ​ឆ្វែល​តៃវ៉ាន់​សឹង​មិន​លស់​ថ្ងៃ​។ ចិន​ក៏​តែង​និយាយ​ជា​ចំហ​ដែរ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ផ្ដាច់ខ្លួន​ឡើយ ហើយ​ការប្រើប្រាស់​កម្លាំង នឹង​ជា​មធ្យោបាយ​ចៀស​មិន​ផុត​ទៀតផង​៕
 
 

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com