ជាតិ
សំណង់៨ទីតាំងនៅក្រុងព្រះសីហនុដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវ ត្រូវបានតម្រូវឲ្យរើចេញ
× ភ្នំពេញ៖ ម្ចាស់សំណង់ចំនួន៨ ដែលសាងសង់លំនៅដ្ឋាន ឬប្រកបអាជីវកម្ម នៅលើចំណីផ្លូវសាធារណៈ ក្នុងភូមិ១ សង្កាត់លេខ៣ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវអាជ្ញាធរខេត្តឲ្យរុះរើសំណង់របស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់ការស្ថាបនាផ្លូវ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែតុលានេះ។
មា្ចស់សំណង់ដីចំនួន៨ ដែលមានក្បាលដីលេខ ០៦២១, ០៦២៨, ១៦០៩, ១៦២១, ១៦៧៩, ១៧១១, ១៧១២ និង៤១៥៩ ត្រូវបានអាជ្ញាធរប្រកាសឲ្យរុះរើសំណង់របស់ខ្លួន ដើម្បីអនុវត្តគម្រោងស្ថាបនាផ្លូវ។
សំណង់ដីទាំង៨ បានសាងសង់ឡើងនៅលើចំណីផ្លូវលេខ៦០២ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើប៉ះពាល់ដល់ការស្ថាបនាផ្លូវ និងបង្អាក់ដំណើរការសាងសង់ផ្លូវមួយខ្សែនេះ។
ពលរដ្ឋជាម្ចាស់សំណង់នៅលើចំណីផ្លូវទាំងអស់ មានរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះក្នុងការរុះរើសំណង់របស់ខ្លួនចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ តទៅ។ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់បន្ថែមផងដែរថា ចំពោះពលរដ្ឋ មិនរុះរើសំណង់របស់ខ្លួន អាជ្ញាធរមិនទទួលខុសត្រូវឡើយរាល់ការខូចខាតសម្ភារៈ ឬការបាត់បង់ទ្រព្យសម្បត្តិណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com