ជាតិ
សង្គមជាតិ
ក្រសួងអប់រំ បើកសាសារដ្ឋគ្រប់កម្រិតឡើងវិញ ពីថ្ងៃ២វិច្ឆិកាទៅ
27, Oct 2020 , 3:55 pm        
រូបភាព
កុមារតូចៗថ្នាក់មតេយ្យ ក្នុងខេត្តសៀមរាប ត្រូវឲ្យសម្អាតដៃជាមួយទឹកលាងដៃ និងវាស់កម្តៅ មុនចូលរៀន។ (រូបដោយសហការី)
កុមារតូចៗថ្នាក់មតេយ្យ ក្នុងខេត្តសៀមរាប ត្រូវឲ្យសម្អាតដៃជាមួយទឹកលាងដៃ និងវាស់កម្តៅ មុនចូលរៀន។ (រូបដោយសហការី)
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ប្រកាសឲ្យបើកគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឡើងវិញ [ពីថ្នាក់មត្តេយ្យ ឡើងទៅ] ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ទៅ។ ការបើកគ្រឹះស្ថានសិក្សារបស់រដ្ឋ នៅគ្រប់កម្រិតឡើងវិញនេះ គឺស្ថិតក្នុងដំណាក់កាលឬជំហានទី៣ ដែលបានកំណត់ ខណៈកន្លងមក ក្រសួងអប់រំ បានបើកគ្រឹះស្ថានសិក្សាខ្លះៗរួចមកហើយ ក្នុងដំណាក់កាលទី១ និង ដំណាក់កាលទី២។



តាមរយៈសេចក្តីណែនាំ ចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការបើកគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឡើងវិញនេះ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរដ្ឋាភិបាល។ ម្យ៉ាងទៀតថា លោក សង្កេតឃើញថា ក្នុងអំឡុងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ នៅដំណាក់កាលទី២ កន្លងមក គឺគ្រឹះស្ថានសិក្សា បានអនុវត្តល្អប្រសើរនិងធានាបានការសិក្សារបស់សិស្សដោយសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនតាមគោលការណ៍ស្តង់ដា (SOP)។ ដូច្នេះ វា ជាមូលហេតុមួយ ដែលក្រសួងអប់រំ អាចឈានទៅបើកគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងអស់ ក្នុងដំណាក់កាលទី៣។ 

សេចក្តីណែនាំ ស្តីពីវិធានការការពារជំងឺកូវីដ-១៩ ដែលដាក់ឲ្យអនុវត្ត ពេលបើកសាលារដ្ឋ ក្នុងដំណាក់កាលទី២ ត្រូវលោករដ្ឋមន្រ្តី ប្រាប់ទៅមន្ទីរអប់រំតាមរាជធានី-ខេត្ត ការិយាល័យអប់រំ តាមក្រុង ស្រុក ខណ្ឌ និង គ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកមកអនុវត្ត ក្នុងការបើកសាលារដ្ឋ នាដំណាក់កាលទី៣នេះ។

រដ្ឋមន្រ្តីអប់រំ ណែនាំថា សិស្សថ្នាក់មតេយ្យ ត្រូវកំណត់មិនឲ្យលើស២៥នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ មិនត្រូវឲ្យលើសពី៣០នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី៩ និង ថ្នាក់ទី១២ ត្រូវអនុវត្តតាមការកំណត់ ក្នុងវិធានការនៃការបើកសាលាដំណាក់កាលទី២ គឺ១ថ្នាក់ មិនឲ្យ១៥នាក់ ហើយសិស្សថ្នាក់ទី៧ ទី៨ ទី១០ និង ទី១១ មិនត្រូវឲ្យលើសពី៣០នាក់។

ចំណែក គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ រដ្ឋមន្រ្តីអប់រំ ប្រកាសឲ្យបើកដំណើរការ តាំងពីថ្ងៃទី៩ តុលា ឆ្នាំ២០២០៕ 

Tag:
 បើកសាលាវិញ
© រក្សាសិទ្ធិដោយ thmeythmey.com