«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» នឹង​រៀបចំឡើង​តាម​អន​ឡាញ​ពីថ្ងៃ​២៨-២៩ ខែតុលា
អន្តរជាតិ
«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» នឹង​រៀបចំឡើង​តាម​អន​ឡាញ​ពីថ្ងៃ​២៨-២៩ ខែតុលា
27, Oct 2020 , 11:29 pm        
រូបភាព
ទិដ្ឋភាពនៅវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី២ ដែលបានរៀបចំឡើងក្នុងទីក្រុង បាងកក ប្រទេស កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ ។ រូបភាព៖ AMCHAM Thailand
ទិដ្ឋភាពនៅវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី២ ដែលបានរៀបចំឡើងក្នុងទីក្រុង បាងកក ប្រទេស កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ ។ រូបភាព៖ AMCHAM Thailand
​ខុសពី​ឆ្នាំមុនៗ «​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF)» លើក​ទី​៣ នឹង​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០ ហើយ​នោះ​ក៏​ព្រោះតែ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។

 
​ក្នុង​ព្រឹត្តិការណ៍​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​អាមេរិក នឹង​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​ក្នុង​តំបន់​និង​សកល និង​ដៃគូ​អភិវឌ្ឍ​ដទៃទៀត អម​ជាមួយ​របៀបវារៈ​សំខាន់ៗ​ដែល​កំណត់​អនាគត​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​
 
​ព្រឹត្តិការណ៍​ឆ្នាំនេះ នឹងមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross និង​រដ្ឋមន្ត្រី​ថាមពល​អាមេរិក Dan Brouillette ផងដែរ​។ 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy ដែល​នឹងចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នេះ​ផងដែរ​នោះ បាន​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ចូលរួម​ជាមួយ​លោក​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំនេះ ។ 
 
​តាមរយៈ​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​របស់​ស្ថានទូត លោក​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​នេះ​គឺ​ល្អ​សម្រាប់​អ្នកជំនួញ ម​ន្រី្ត​រដ្ឋាភិបាល និង​និស្សិត​នៅ​កម្ពុជា ដែលមាន​ការចាប់អារម្មណ៍​ចង់ដឹង​បន្ថែម​ពី​និន្នាការ​ចុងក្រោយ នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌី​ចី​ថ​ល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ​។​ល​។​
 
​លោក Murphy នឹង​ធ្វើជា​វាគ្មិន​ពិភាក្សា​ត្រង់​ប្រធានបទ «​កាលានុវត្តភាព និង​ទស្សនវិស័យ​ធុរកិច្ច ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ (Business Opportunities and Outlook in the Mekong Countries)» ជាមួយនឹង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ឡាវ Peter M. Haymond, អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​វៀតណាម Daniel J. Kritenbrink, និង​ភារធារី​អាមេរិក​ប្រចាំ​មី​យ៉ាន់​ម៉ា Gwen Cardno ខណៈ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ថៃ Michael George DeSombre ជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា​នេះ​។ 
 
​សូមបញ្ជាក់ថា វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF) គឺជា​ព្រឹត្តិការណ៍​ឈានមុខ​មួយ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ 
 
​កិច្ចពិភាក្សា​របស់​វេទិកា​នេះ នឹង​ផ្តោតលើ​វឌ្ឍនភាព​ចុងក្រោយបង្អស់​នៃ​បរិយាកាស​ធុរកិច្ច​សម្រាប់​វិស័យ​សំខាន់ៗ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច​ឌី​ចី​ថ​ល និង​ការថែទាំ​សុខភាព ជាដើម អម​ជាមួយ​ការផ្ដល់​អនុសាសន៍​គោ​នយោបាយ ក៏ដូចជា​កាលានុវត្តភាព​ថ្មី​សម្រាប់​ព​ង្រិ​ក​ភាពជា​ដៃគូ​ឯកជន​-​សាធារណៈ​ផងដែរ​៕ 
 
​បើ​លោកអ្នក​ចាប់អារម្មណ៍ សូម​ចុះឈ្មោះ​ឥឡូវនេះ តាមរយះ វេ​ប​សាយ www.indopacificbusinessforum.com ដោយ​ឥតគិតថ្លៃ​។​
 
 

Tag:
 វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​
  សហរដ្ឋអាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com