ជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​កម្ពុជា​៖ នយោបាយ​ការទូត​កម្ពុជា គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម​
27, Oct 2020 , 5:59 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ចូលរួមក្នុងសន្និសីទជាន់ខ្ពស់នៅ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ចូលរួមក្នុងសន្និសីទជាន់ខ្ពស់នៅ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
​ភ្នំពេញ​៖ កម្ពុជា គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ព្រោះ​វា​នឹង​ជួយ​ឱ្យ​ពិភពលោក​មាន​សាមគ្គីភាព​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​ជាន់ខ្ពស់​មួយ ក្រោម​ប្រធានបទ «​អនាគត​ដែល​យើង​ចង់បាន តួនាទី​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​-១៩» ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា​។​



​ថ្លែង​ចំពោះមុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ លោក ប្រាក់ សុខុន បាន​និយាយ​ក្នុងន័យនេះ​ថា រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សាកលលោក នៃ​កាលៈទេសៈ​បច្ចុប្បន្ននេះ គឺ​ទាមទារ​ឱ្យ​គ្រប់ភាគី​ទាំងអស់​សាមគ្គីភាព និង​បំពេញ​សហប្រតិបត្តិការ​រួមគ្នា ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
 
​និយាយ​ត្រង់ចំណុច​នេះ លោក ប្រាក់ សុខុន ក៏បាន​លើកយក​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ , ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ មក​ពន្យល់ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺមាន​ពិត និង​មាន​គ្រោះថ្នាក់​ដូចជា​ជំងឺ​កូ​វីដ​-១៩ ដែរ ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​។​
 
«​មាន​(​តែ​)​ពហុភាគី​និយម​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ  ទើប​យើង​អាច​សង្ឃឹម​យកឈ្នះ​នូវ​គ្រោះមហន្តរាយធម្មជាតិ​ទាំងនេះ​បាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន ដែល​បាន​បន្ថែមថា គោលនយោបាយ​ការណ៍​បរទេស​របស់​ក​ម្ពុ​ជា គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​លើ​ប្រព័ន្ធ​ពហុភាគី​និយម​។​
 
​បច្ចុប្បន្ននេះ ការអនុវត្ត​ប្រព័ន្ធ​ពហុភាគី​និយម កំពុង​ប្រឈម​ការគំរាមកំហែង និង​ធ្លាក់ចុះ​បន្តិច​ម្ដងៗ​ដោយសារ​កត្តា​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​ពួក​មហាអំណាច និង​ការសម្រេច​ជា​លក្ខណៈ​ឯកតោភាគី រួមផ្សំ​នឹង​បញ្ហា​ផ្សេងទៀត​។​
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​ទាំងនេះ ទើប​ប្រមុខ​ការទូត​កម្ពុជា ស្នើឱ្យ​បណ្ដា​រដ្ឋ​ទាំងអស់ សាមគ្គី​គ្នា និង​បង្កើន​កិច្ចសហប្រតិបត្តិការ ដែល​បន្សល់ទុក​មកពី​កេរ្តិ៍តំណែល​មុនៗ​បន្ថែមទៀត​។​«​នៅពេល​បច្ចុប្បន្ននេះ សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ក្នុងអំឡុងពេល​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​- ១៩ ខ្ញុំ​មិន​មានជំនឿថា យើង​អាច​បោះបង់ចោល​កេរ្តិ៍ដំណែល​នៃ​ពហុភាគី​និយម​នេះ​បានទេ​។ នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការបន្ត​គាំទ្រ​កេរ្តិ៍ដំណែល​នេះ ដោយ​បង្ហាញ​នូវ សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ បន្ថែម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុខុន​។​
 
​កាលពី​ជិត ២ ឆ្នាំមុន សម្តេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ពី​បំណង​ចង់​រួមចំណែក​ក្នុង​មធ្យោបាយ​ច្បាស់លាស់​បំផុត​តាមតែ​អាចធ្វើ​បាន នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ដើម្បី​បន្ត​ជំរុញ​ពហុភាគី​និយម​។ ឈរ​ក្នុង​លេខ​រៀង​ទី​២​ធំ បន្ទាប់ពី​អង្គការសហប្រជាជាតិ ASEM គឺជា​ប្លុក​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​សកល និង​តំបន់ និង​ការគំរាមកំហែង​ឆ្លងដែន និង​មិនមែន​ប្រពៃណី ជាច្រើន​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) និង​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែតុលា បាន​សហការ​រៀបចំ​សន្និសីទ​ជាន់ខ្ពស់​មួយ ក្រោម​ប្រធានបទ «​អនាគត​ដែល​យើង​ចង់បាន តួនាទី​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​-១៩» ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ​៕
 

Tag:
 កម្ពុជា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com