កីឡាអន្តរជាតិ
អន្តរជាតិ
លោក Bartomeu ប្រធានក្លិប Barcelona ដែលមិនត្រូវគ្នាជាមួយ Messi លាលែងពីតំណែង
28, Oct 2020 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
លោក Josep Maria Bartomeu បានប្រកាសលាលែងពីតំណែងក្រុមប្រឹក្សានាយកក្លិប Barcelona ក្រោយគ្រប់គ្រងអស់រយៈពេល៦ឆ្នាំ។ នេះបើតាមការផ្សាយរបស់ក្លិប Barcelona នាថ្ងៃទី២៨ ខែតុលា នេះ។



នារយៈពេលចុងក្រោយ លោក Bartomeu ដែលកាន់តំណែងជាប្រធានក្លិបតាំងពីឆ្នាំ២០១៤ មក ស្ថិតក្នុងភាពចម្រូងចម្រាស់ ដោយក្រុមអ្នកគាំទ្រទាមទារឲ្យលោកចាកចេញ។

នៅក្នុងសន្ទរកថាជុំវិញលាលែងរបស់ខ្លួន លោក Bartomeu បានអះអាងថា Barcelona រៀបចំខ្លួនចូលរួមព្រឹត្តិការណ៍ Super League ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ប្រធាន La Liga លោក Javier Tebas វិញ យល់ឃើញថា ការរៀបចំឲ្យមាន Super League នោះ ជាការមិនយល់ពីប្រវត្តិសាស្ត្របាល់ទាត់។

តាមពិតទៅ លោក Bartomeu ត្រូវផុតអណត្តិតាំងពីខែមីនា មកម្ល៉េះ ក្រោយកាន់បានពីរអណត្តិ ប៉ុន្តែលោកបានបន្តតំណែងរហូតដល់មានសមាជិកជាង២ម៉ឺននាក់របស់ក្លិប បានចុះហត្ថលេខាលើញត្តិដកគាត់ចេញ ដោយសារតែ Barcelona ជួបនូវវិបត្តិហិរញ្ញវត្ថុ ហើយមិនបានទទួលមេដាយណាមួយសោះកាលពីរដូវកាលមុន។

លោក Bartomeu ក៏មិនត្រូវគ្នាជាមួយ Messi នោះដែរ រហូតដល់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានស្នើសុំផ្ទេរចេញ។ ក្រោយបំណងប្រាថ្នារបស់ Messi មិនបានសម្រេច ហើយបន្តនៅជាមួយ Barcelona លោក Bartomeu បែរជាសោកស្តាយ ដោយថា៖ «ក្លិបគ្មានគម្រោងសម្រាប់រយៈពេលយូរអង្វែង»។

Barcelona ជាក្លិបដែលអនុញ្ញាតឲ្យអ្នកគាំទ្របោះឆ្នោតរើសប្រធានខ្លួន។ ក្រោមការដឹកនាំរបស់លោក Bartomeu ក្លិបបានឈ្នះ La Liga ៤លើក ពានផ្សេងទៀត៤ និងជាពិសេសឈ្នះពានបីក្នុងរដូវកាល ២០១៤-១៥។ ប៉ុន្តែលោករងនូវការស្តីបន្ទោសលើការប្រើប្រាស់លុយពីការលក់ Neymar និងការទិញ Philippe Coutinho, Antoine Griezmann និង Ousmane Dembele ដែលមិនបានជួយអ្វីសោះដល់ក្លិប៕



© រក្សាសិទ្ធិដោយ thmeythmey.com